(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញក្ដីពេញចិត្តចំពោះអាណត្តិការងារជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនៅកម្ពុជារបស់ លោក Park Jong-Wook ដែលរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរ។

ការបង្ហាញក្ដីពេញចិត្តនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអនុញ្ញាតឲ្យ លោក Park Jong-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមដំបូង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានសម្ដែងក្ដីរីករាយ និងបង្ហាញក្តីនឹករឭកផងដែរ បន្ទាប់ពីលោកបានបំពេញបេសកកម្មនៅកម្ពុជា ជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង និងបានចូលរួមចំណែក ក្នុងការពង្រីកនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង នាពេលកន្លងមក និងនាពេលបច្ចុប្បន្ន។ សម្ដេចតេជោ បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត នៅក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងត្បូង បានសម្តែងនូវក្ដីអរគុណជាពន្លឹក ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអនុញ្ញាតឲ្យរូបលោក បានចូលជំរាបលានៅក្នុងឱកាសនេះ ដែលលោកបញ្ជាក់ថា នៅក្នុងអាណត្តិដែលបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង តាំងពីឆ្នាំ២០២៣ មកបានចូលរួមចំណែក នៅក្នុងការធ្វើកិច្ចការងារ ដើម្បីលើកស្ទួយនូវទំនាក់ទំនង រវាងកម្ពុជា និងកូរ៉េខាងត្បូង ឲ្យមានភាពរីកចម្រើន។ ជាពិសេស នៅក្នុងអាណត្តិផ្ទាល់របស់លោកបានរៀបចំនូវដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ការជួយសម្រួលដំណើរទស្សនកិច្ច របស់សម្តេចទៅកាន់កូរ៉េខាងត្បូង នៅឆ្នាំ២០២៤ កន្លងទៅ។ នេះជាផ្នែកមួយដ៏សំខាន់ ក្នុងការរុញច្រានទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងដំណើរទស្សនកិច្ចទៅទស្សនកិច្ចផ្សេងៗទៀតដែលបានធ្វើឡើងរវាងកម្ពុជា និងកូរ៉េខាងត្បូងទៅជាមួយគ្នា។

លោកបានបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិរបស់លោក បានលើកស្ទួយដល់ការពង្រីកនូវកិច្ចសហប្រតិបត្តិការ តាមរយៈការចូលរួមចំណែករបស់កូរ៉េខាងត្បូងជួយដល់វិស័យនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតាមបណ្ដាក្រសួងនានាផងដែរ។ ដោយកូរ៉េខាងត្បូងបានធ្វើជាមួយនឹងកម្ពុជា ជាពិសេសនៅជាមួយ ក្រសួងនានា ហើយអ្វីដែលជាការកត់សម្គាល់ លោកបានរំលេចអំពី កម្ចីសម្បទានមួយចំនួនដែលកូរ៉េខាងត្បូងបានផ្តល់សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍ ដោយរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ដូចជាកម្ចីសម្បទានក្នុងការធ្វើផ្លូវ និងធ្វើស្ពានជាដើម។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង សង្ឃឹមថា ស្ពានមិត្តភាពរវាងកម្ពុជានិងកូរ៉េខាងត្បូង នឹងបើកការដ្ឋាននាពេលឆាប់ៗ ជាពិសេសនៅក្នុងដើមឆ្នាំ២០២៦ នៅឆ្នាំក្រោយនេះ។

នៅក្នុងឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានសម្ដែងនូវក្ដីពេញចិត្ត ចំពោះបេសកកម្មការងាររបស់លោក Park Jong-Wook ដែលបានធ្វើក្នុងនាមជា អគ្គរដ្ឋទូតរបស់កូរ៉េខាងត្បូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមចំណែកក្នុងការពង្រីកនូវកិច្ចសហការ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលចាប់ផ្តើមពី មានកិច្ចព្រមព្រៀងការរៀបចំនូវទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩៦ ហើយឆ្នាំ១៩៩៧ គឺជាការចាប់ផ្តើមនៃទំនាក់ទំនងផ្លូវការឡើងវិញ និងពេញលេញឡើងវិញ នៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះគឺជាការបង្កើតឡើងដោយផ្ទាល់តែម្ដង ដោយតួអង្គរបស់សម្តេចតេជោ ដែលជាអ្នកខ្នះខ្នែងក្នុងការពង្រីកនូវការបង្កើតឡើងវិញ នូវទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។

ដូច្នេះទំនាក់ទំនងនេះ ឋិតនៅក្នុងការវិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៧មក សម្ដេចតេជោ ក៏បានបញ្ជាក់អំពី ទំនាក់ទំនងទាំងនៅក្នុងវិស័យសេដ្ឋកិច្ច ទាំងពាណិជ្ជកម្ម ការវិនិយោគនានា ដែលបានកើតឡើងជាមួយគ្នា រវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលមានការកើនឡើង។ អ្វីដែលជាការកត់សម្គាល់ សម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា ក្នុងពេលដែលបរិបទកូវីដ១៩ កន្លងទៅគឺ ពេលនោះ សម្តេចតេជោ នៅចងចាំនូវអ្វីដែលកូរ៉េខាងត្បូង បានធ្វើមកលើប្រទេសកម្ពុជារបស់យើង គឺនៅពេលដែលមានការបិទជើងហោះហើរក្នុងពេលកូវីដ១៩ ក៏ប៉ុន្តែនៅពេលនោះកូរ៉េខាងត្បូងមិនបានបិទជើងហោះហើរទេ ដែលនេះជាចំណុចមួយដ៏សំខាន់នៃការចងចាំរបស់សម្តេចតេជោ និងជាផ្នែកនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។

លោក Park Jong-Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានសម្តែងនូវក្ដីអរគុណ ជាពិសេសគឺការលើកឡើងរបស់សម្តេចតេជោ ដែលបានលើកឡើងអំពី ការចូលរួមចំណែករបស់កូរ៉េខាងត្បូង នៅក្នុងការអភិវឌ្ឍកម្ពុជា។ អ្វីដែលជាចំណុចសម្គាល់នោះគឺ ការចូលរួមចំណែករបស់កូរ៉េខាងត្បូង នៅក្នុងបរិបទកូវីដ១៩ ដែលបានជួយដល់កម្ពុជា នាពេលកន្លងទៅ ផ្នែកមួយដ៏សំខាន់។ លោក Park Jong-Wook សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរជាលំដាប់បន្តបន្ទាប់ទៀត ហើយលោកបានចាត់ទុកសម្តេចតេជោ គឺជាតួអង្គមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ជាពិសេសគឺការផ្សារភ្ជាប់នូវទំនាក់ទំនងតាំងពីឆ្នាំ១៩៩៧មក។

ជាចុងក្រោយសម្ដេចតេជោ បានជូនពរលោក Park Jong-Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ទទួលជោគជ័យនៅក្នុងការបំពេញភារកិច្ចពេលក្រោយទៀត បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅកម្ពុជា និងសង្ឃឹមថា លោក Park Jong-Wook នឹងវិលត្រឡប់មកកាន់កម្ពុជានាពេលណាមួយ៕