(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែលកងកម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើង បាននិងកំពុងប្រឈមការគំរាមកំហែងជារៀងរាល់ថ្ងៃ ទាំងបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជានៅតែតម្កល់ការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបរិច្ចាគកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធី នយោបាយជាអាទិភាព ក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសនានានៅលើពិភពលោកដែលមានប្រជាជនកំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្គ្រាម។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍនមធ្យោបាយ សម្រាប់បំពាក់ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ពង្រឹងសមត្ថភាពដឹកនាំផ្នែកគោលនយោបាយ និងលើកកម្ពស់ការហ្វឹកហ្វឺនជំនាញបច្ចេកទេសលើគ្រប់វិស័យឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងបានត្រៀមខ្លួនជាស្រេចក្នុងប្រព័ន្ធ UN PCRS "United Nations Peacekeeping Capability Readiness System” ដោយបានរៀបចំកងចំនួន០៤ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបសំណូមពរភ្លាមៗរបស់អង្គការសហប្រជាជាតិដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាពពិភពលោក។ កងទាំង០៤នោះរួមមាន៖ ០១កងវិស្វកម្មស្ពានបណ្តែតទឹក និងស្ពានចល័ត, ០១កងកម្ទេចគ្រាប់មិនទាន់ផ្ទះ, ០១កងវិស្វកម្មពហុជំនាញ និង ០១កងរាជអាវុធហត្ថ។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា កម្ពុជាបានត្រៀមធនធានមនុស្ស ឧបករណ៍ សម្ភារៈ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងការធានាផ្សេងៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ធ្វើការហ្វឹកហ្វឺនលើគ្រប់វិស័យទាំងជំនាញបច្ចេកទេស ទ្រឹស្តី ភាសា ព្រមទាំងបានសហការជាមួយប្រទេសដៃគូជា រួមសហការរៀបចំធ្វើម្ចាស់ផ្ទះ គម្រោងហ្វឹកហ្វឺនរក្សាសន្តិភាពនៅកម្ពុជា។
បើតាមលោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា ផ្តើមចេញពីមនុញ្ញផលសន្តិភាព កម្ពុជាបានបញ្ជូនកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន ១០,៤៤០នាក់ ដែលក្នុងនោះមាននារីចំនួន៩៨៨នាក់ ទៅកាន់ប្រទេសចំនួន១០ និង ១២ប្រទេស៖ Sudan, South Sudan, Lebanon, Chad, Cyprus, Syria, Mali, Central Africa Republic, Yemen និង DR Congo។
លោកឧត្តមសេនីយ៍ទោ សែម រតនា បានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យការពារជាតិ ដោយបន្តធ្វើកំណែរទម្រង់ស៊ីជម្រៅកងយោធពលខេមរភូមិន្ទទាំងមូលឱ្យក្លាយជាកម្លាំងយោធាអាជីព មានចំណេះ និងជំនាញច្បាស់លាស់ ពិតប្រាកដក្នុងការបំពេញការងារប្រឡងប្រជែង ប្រដម និងប្រសងជាមួយកងកម្លាំងនានាលើសកលលោក។ បច្ចុប្បន្នបេសកកម្មរបស់អង្គការសហប្រជាជាតិកំពុងប្រឈមនឹងភាព ស្មុគស្មាញខ្លាំងឡើងៗ ដែលបង្កឡើងដោយកត្តាមួយចំនួនដូចជា៖ ជម្លោះ សាសនា ជម្លោះរវាងក្រុមកុលសម្ព័ន្ធ រួមនឹងការដណ្តើមកាន់កាប់តំបន់យុទ្ធសាស្ត្រធំៗបង្កការរាំងស្ទះដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពបង្អាក់ដល់ដំណើរការរក្សាសន្តិភាព និងការផ្តល់ជំនួយមនុស្សធម៌។
ផ្អែកតាមសកម្មភាព និងលទ្ធផលសម្រេចបានខាងលើ យើងអាច វាយតម្លៃបានថា កងកម្លាំងមួកខៀវកម្ពុជាពិតជាបានបំពេញកាតព្វកិច្ច ប្រកបដោយចំនេះជំនាញវិជ្ជាជីវៈខ្ពស់ស្មារតី សាមគ្គីភាព សហប្រតិបត្តិការ ការគោរពវិន័យល្អ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងក្នុងតំបន់ដែលខ្លួនបានចូលរួម បំពេញបេសកកម្ម។ ក្នុងរយៈពេលជិត២ទសវត្សមកនេះ កងកម្លាំងកម្ពុជាដែលធ្លាប់ពាក់ស្លាកសញ្ញារបស់ អ.ស.ប នៅលើឯកសណ្ឋាន បានក្លាយជាគ្រួសារមួយរបស់ អ.ស.ប និងជាបងប្អូនលើសកលលោក៕