(ភ្នំពេញ)៖ លោក យូស៊ិប សូយ័រ (Joseph Scheuer) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានស្ងោចសរសើរកងទ័ពមួកខៀវកម្ពុជា ចំពោះការលះបង់ ដែលបានចូលរួមក្នុងបុព្វហេតុរួម និងត្រួសត្រាយផ្លូវដ៏លំបាកជួយប្រជាជននៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយប្រែក្លាយពីតំបន់មានជម្លោះទៅកាន់សន្តិភាព។

ការលើកឡើងបែបនេះ របស់អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោករួមជាមួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អ.ប.ស នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

លោកបានបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ប្រជាជន និងយោធិនកម្ពុជា ដែលបានចូលរួមក្នុងបុព្វហេតុរួម ដើម្បីរក្សាសន្តិភាពនៅលើពិភពលោក។ ការដាក់ពង្រាយយោធិនជាស្ត្រី និងបុរសដែលមានភាពក្លាហាន ហ៊ានលះបង់ក្នុងប្រតិបត្តិការរក្សាសន្តិភាព គាំទ្រសន្តិភាព និងសន្តិសុខជាសកល គឺជាព្រឹត្តិការណ៍ដែលបង្ហាញពីភាពម៉ឺងម៉ាត់ និងទន់ភ្លន់របស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្តេជ្ញាចិត្តឥតងាករេ ក្នុងការលើកកម្ពស់ប្រព័ន្ធពហុភាគី និងការលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ។ ការលះបង់នេះបង្ហាញឱ្យឃើញតាមរយៈការចូលរួមយ៉ាងសកម្មរបស់កម្ពុជា និងការរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងថា អ្នកបានបំពេញភារកិច្ចដោយភាពក្លាហាន សេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈក្នុងបរិយាកាសដ៏ លំបាក។ ក្នុងគ្រាលំបាកទាំងនោះភាពក្លាហានរបស់កងទ័ពកម្ពុជា ត្រូវបានបង្ហាញចេញយ៉ាងពិតប្រាកដ។ នៅពេលកងទ័ពមួកខៀវកម្ពុជាត្រលប់មកមាតុភូមិវិញ អ្នកបានក្លាយជាអ្នករក្សាសន្តិភាពដ៏អង់អាច ដែលបានបម្រើសហគមន៍នៃប្រជាជាតិនានា ដើម្បីស្វែងរកអនាគតដ៏ល្អប្រសើរ។

លោក យូស៊ិប សូយ័រ បានថ្លែងយ៉ាងដូច្នេះថា៖ «តាងនាមអង្គការសហប្រជាជាតិ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះការ លះបង់ និងស្ងោចសរសើរដល់គម្រូវីរៈភាពរបស់អ្នក។ សូមស្វាគមន៍មកកាន់មាតុភូមិវិញ! ​យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងការស្វះស្វែងរបស់អ្នក ក្នុងការជួយប្រជាជននៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលត្រួសត្រាយផ្លូវដ៏លំបាកប្រែក្លាយពីជម្លោះទៅកាន់សន្តិភាព»។

លោក យូស៊ិប សូយ័រ បានថ្លែងថា ក្នុងវិស័យរក្សាសន្តិភាពកងកម្លាំងកម្ពុជា មានកិត្តិនាមដ៏រឹងមាំប្រកបដោយមោទនភាពដោយបានបញ្ជូនកងកម្លាំងជាង១ម៉ឺននាក់ទៅចូលរួមក្នុងបេសកកម្មជាក្នុងប្រទេសចំនួន១០ គឺជាកម្លាំងដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះស្នាដៃដ៏ឆ្នើមរបស់ ពួកគេ។ ជាក់ស្តែង កងកម្លាំងវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលត្រលប់មកវិញនាពេលនេះ គឺបានចូលរួមរក្សាកិត្តិនាមដ៏ល្បីរន្ទឺមួយនេះ។ ការវិលត្រឡប់ប្រកបដោយសុវត្ថិភាពនៃកងរក្សាសន្តិភាពដែលបានបំពេញបេសកកម្ម គឺតែងតែមានការប្រារព្ធពិធីទទួល ដើម្បីឆ្លុះបញ្ចាំងពីការដឹងគុណ និងសូមសម្តែងការអបអរទរដល់យុទ្ធជន និងយុទ្ធនារីទាំងអស់។

លើសពីនេះ លោកបានបន្ថែមថា អង្គការសហប្រជាជាតិសូមកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសមភាពយេនឌ័រនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ តាមរយៈការផ្តល់អាទិភាពដល់ការបញ្ចូលស្ត្រីក្នុងបេសកកម្មរក្សាសន្តិភាព កម្ពុជាបានធ្វើជាគំរូដ៏គួរឱ្យស្ញប់ស្ញែង និងបានរួមចំណែកយ៉ាងមានអត្ថន័យដល់គោលដៅទូលំទូលាយនៃសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

បើតាមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងការកោតស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ចំពោះនាយ-ពលទាហាននៃកងវិស្វកម្មពហុជំនាញ លេខ៤៦៨ ដែលបានបង្ហាញសមត្ថភាពខ្ពស់ក្នុងការសម្រេចបានសមិទ្ធផលយ៉ាងច្រើនជូនកងយោធពលខេមរភូមិន្ទ បានរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ គម្រូវីរភាពរបស់កម្លាំងមួកខៀវកម្ពុជា ចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នយើងក៏មានកងកម្លាំងស្ត្រីចំនួន២០,៨% បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិផងដែរ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាង២០ឆ្នាំកន្លងមកនេះ កងកម្លាំងកម្ពុជាបានប្រើប្រាស់ជំនាញ វិជ្ជាជីវៈខ្ពស់ និងបង្ហាញពីស្មារតី សាមគ្គីភាព សហប្រតិបត្តិការ ការគោរពវិន័យល្អ និងភាពអង់អាចក្លាហាន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួមបំពេញបេសកកម្ម។ ចំណុចខ្លាំង និងគួរកត់សំគាល់របស់កងនេះ គឺបន្តរក្សាបានស្នាដៃដូចបណ្តាកងមុនៗ ទោះបីជាបេសកកម្មនេះពើបប្រទះនូវស្ថានភាពលំបាកលំបិន អសន្តិសុខ ដោយសារជម្លោះរវាងអ្នកកាន់សាសនាផ្សេងគ្នានៅក្នុងតំបន់បេសកកម្មក៏ដោយ។ ទីតាំងភូមិសាស្ត្រឈរជើងនៅច្រើនកន្លែង ឆ្ងាយដាច់ស្រយាល និងការដាច់ស្បៀងតាមផ្លូវ...។ល។ សុទ្ធសឹងតែជាការប្រឈមដែលកម្លាំងកម្ពុជាបានប្រឹងប្រែងពុះពារជម្នះបានដោយជោគជ័យ ក្នុងរយៈពេល ០១ឆ្នាំកន្លងទៅនេះ៕