(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបវាយតម្លៃសភាពការណ៍ បទល្មើសនិងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញគោលការណ៍ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រួមមាន៖

*បង្កើនការការអនុវត្តបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍

*ពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ

*ពង្រឹងកាត់បន្ថយភាពអសកម្មរបស់មន្រ្តីនគរបាលចរាចរណ៍នៅលើដងផ្លូវបង្កប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ស្នងការ បានឲ្យពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយត្រូវបំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំង ណែនាំបង្កើនអនុវត្តតាមវិធានការជំនាញស្រាវជ្រាវបង្ការទប់ស្កាត់ និងបទល្មើសព្រហ្មទណ្ឌដែលជាកង្វល់របស់ប្រជាពលរដ្ឋដូចជាបទល្មើសឆក់តាមផ្លូវសាធារណៈ និងបទល្មើសគាស់ផ្ទះយកទ្រព្យសម្បត្តិ និងបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនិងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខផងដែរ៕