(កណ្តាល)៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានជម្រាបទៅពពលរដ្ឋចំនួន៥ភូមិ គឺភូមិសាមគ្គី ភូមិវត្តថ្មី ភូមិវត្តចាស់ ភូមិឡឥដ្ឋ និងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ដែលមានចំនួន ៨,០៦៨ក្បាលដី សូមរួសរាន់ទៅពិនិត្យមើលការបិទប្រកាសក្នុងបរិវេនវត្តមហានិគ្រោធ (ហេហៅវត្តចាស់) ដែលមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដើម្បីស្វែងរកចំណុចខុសឆ្គងមុនពេលក្រុមការងារចេញប្លង់រឹងជូន។

ស្ថិតនៅក្នុងពិធីបិទផ្សាយជាសាធារណៈឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកអភិបាលរងខេត្តថ្លែងថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដី​ធ្លីត្រូវបានកាត់បន្ថយ​យ៉ាងច្រើនទៀតផង។

អភិបាលរងខេត្ត បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយ​​អ្វីឡើយ។

ជាមួយគ្នានេះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​កណ្តាល បានឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។

លោកប្រធានមន្ទីររៀបចំដែនដី បានឱ្យដឹងទៀតថា ស្រុកមុខកំពូល បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ២៥លើក និងជាការបិទបញ្ចាប់សម្រាប់ស្រុកមុខកំពូលទាំងមូល ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៥ភូមិ គឺភូមិសាមគ្គី ភូមិវត្តថ្មី ភូមិវត្តចាស់ ភូមិឡឥដ្ឋ និងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល សរុបមាន ចំនួន ៨,០៦៨ក្បាលដី៕