(ភ្នំពេញ)៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញប្រចាំការម៉ាស៊ីន X-Ray នៅប្រៃសណីយ៍កម្ពុជា (វត្តភ្នំ) បានត្រួតពិនិត្យកញ្ចប់បញ្ញើចំនួន២ ដែលផ្ញើចេញពីប្រៃសណីយ៍កម្ពុជា ឆ្ពោះទៅកាន់ប្រទេសជប៉ុន រកឃើញក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន ទម្ងន់២,១៦៤ក្រាម។

ក្រោយមកកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងបន្តចុះធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យដែលជាម្ចាស់បញ្ញើខាងលើ ស្ថិតនៅខុនគួរ ស្កាយទ្រី បន្ទប់លេខ B-2601 ជាន់ទី២៦ ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រកឃើញឧបករណ៍សេព និងប្រើប្រាស់គ្រឿងញៀន រួមជាមួយសំណាកម្សៅក្រាមពណ៍។

បន្ទាប់មកសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ឈ្មោះ YANG JIA XU ហៅ TACO ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន និងឈ្មោះ LIN CHENG TSUNG ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន និងស្ត្រីជនជាតិខ្មែរម្នាក់ នាំយកមកសាកសួរ។ ជនសង្ស័យឈ្មោះ YANG JIA XU ហៅ TACO បានឆ្លើយសារភាពថា បានឆ្លងដែន ដោយខុសច្បាប់ពីចិនតៃវ៉ាន់ចូលមកកម្ពុជា កាលពីអំឡុងឆ្នាំ២០២៤មកម្ល៉េះ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យចំនួន២នាក់ខាងលើ និងបក្ខពួក ពីបទ សមគំនិតក្នុងអំពើ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន និងឆ្លងដែនខុសច្បាប់ ប្រព្រឹត្តនៅប្រសណីយ៍កម្ពុជា (វត្តភ្នំ) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងខុនដូរស្កាយទ្រី បន្ទប់លេខ B-2601 ជាន់ទី ២៦ ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។

ចំណែកស្ត្រីជនជាតិខ្មែរម្នាក់ ត្រូវបានតំណាងអយ្យការធ្វើការសម្រេចឲ្យដោះលែងឲ្យមានសេរីភាពឡើងវិញ ដោយមូលហេតុថា ពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ដើម្បីឲ្យតំណាងអយ្យការធ្វើការចោទប្រកាន់បានឡើយ៕