(ស្វាយរៀង)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ២ករណីកន្លែងផ្សេងគ្នា នៅស្រុកកំពង់រោទិ៍។
សមត្ថកិច្ចស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ឈ្មោះ ពែក យ៉យ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូឡាក់គី រ៉ូប៊ី មានលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយបាត់បង់កាបូបនៅក្នុងនោះមានប្រាក់៤ម៉ឺនរៀល, ទូរស័ព្ទម៉ាកអូប៉ូ១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក, ប័ណ្ណ បសស១សន្លឹក និងកាតអេស៊ីលីដា១សន្លឹក។
ម្នាក់ទៀតឈ្មោះ ឡូញ សំភាស់ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិខាងលិចវត្ត ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយបាត់បង់ម៉ូតូ មួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ម៉ៅ ចាន់រ៉ា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គតាមោក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង រួមទាំងវត្ថុតាងមាន ម៉ូតូ១គ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ លេខម៉ាស៊ីន ២៧៤៨០០៤ និងកាបូបស្ពាយចំនួន១ពណ៌ខ្មៅ គ្មានសម្ភារ (ត្រូវជនសង្ស័យយកចេញអស់)។
សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១២៖៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មី បានទទួលពាក្យប្តឹងដោយផ្ទាល់ពីជនរងគ្រោះថា មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) មួយករណីកើតឡើងចំណុចលើផ្លូវជាតិលេខ៣១៤D ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣,២៤ ស្ថិតក្នុងភូមិអូរឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ស្រី១នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ធាក់ម៉ូតូជនរងគ្រោះឈ្មោះ ពែក យ៉យ បណ្តាលឲ្យដួលទៅនឹងចិញ្ចីមផ្លូវរងរបួសបាក់ស្មា ខាងឆ្វេង រួចឆក់យកកាបូបជនរងគ្រោះ រួចគេចចេញពីកន្លែងកើតហេតុទៅបាត់់។
ក្រោយពីទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១១ក្នុងស្រុកកំពង់រោទិ៍ ព្រមទាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលទាំង៨ក្រុង ស្រុក ក្នុងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ ស្វែងរកតាមចាប់មុខសញ្ញាជនសង្ស័យ លុះដល់វេលាម៉ោង១៣៖៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោត បានទទូលពាក្យប្តឹងដោយផ្ទាល់ពីជនរងគ្រោះថា មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់)។
មួយទៀតកើតឡើង នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ស្រី១នាក់ មិនស្គាល់អត្តសញ្ញាណភិនភាគជនសង្ស័យដដែល បានធ្វើសកម្មភាពជិះគៀរម៉ូតូជនរងគ្រោះឲ្យឈប់ រួចប្លន់យកម៉ូតូ១គ្រឿង របស់ជនរងគ្រោះឈ្មោះ ឡូញ សំភាស់ រួចប្លន់យកម៉ូតូជិះចេញពីកន្លែងកើតហេតុទៅបាត់។ រហូតដល់ម៉ោង១៧៖៣០នាទី ថ្ងៃដដែល សមត្ថកិច្ចបានសហការជាមួយកម្លាំសមត្ថកិច្ចក្រុងបាវិត ឃាត់បានមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ចាន់រ៉ា ទាំងវត្ថុតាងមាន ម៉ូតូ១គ្រឿងម៉ាក HONDA WAVE ផងដែរ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចក្រុងបាវិត បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង យកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ជាម្ចាស់ករណី។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក២នាក់ ស្រី១នាក់ ពិតជាបានធ្វើសកម្មភាពធាក់ម៉ូតូមួយគ្រឿង បណ្តាលឲ្យដួល រួចឆក់យកកាបូប នៅចំណុចភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រមទាំងជិះគៀរម៉ូតូជនរងគ្រោះឲ្យឈប់ រួចប្លន់យកម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ នៅចំណុចភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនម្នាក់ និងកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យចំនួន២នាក់ទៀត ដើម្បីចាប់ឃាត់ខ្លួនចាត់ការទៅតាមផ្លូវច្បាប់៕