(កំពង់ស្ពឺ)៖ លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងរដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងក្នុងនាមជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានចុះជួបជាមួយប្រជាជនមកពី ភូមិទាំង២៧នៅសង្កាត់វាលពុង ក្នុងកម្មវិធីវេទិកាសាធារណ: ដើម្បីស្តាប់មតិនានាជុំវិញវឌ្ឍនភាពនៃការអភិវឌ្ឍមូល ដ្ឋាន ក្នុងតំណាក់កាលអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ទី១ របស់រាជរដ្នាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ វេទិកានេះបានធ្វើឡើងនៅក្នុងបរិវេណវត្តខ្សាច់ពូន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិកក្រុមការងារ និងមន្ត្រីជំនាញទូទាំងខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុង ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ វាលពុងផងដែរ។
លោក ណុប ចាន់ណារិន្ទ បានលើកឡើងថា វេទិការសាធារណ: បានបង្កើតឡើងតាំងពីរាជរដ្ឋាភិបាល ដឹកនាំដោយសម្តចតេជោ ហ៊ុន សែន ពោលគឺតាំងពីដំណាក់កាលនៃការអនុវត្តយុទ្ធសាស្ត្រត្រី កោណ យុទ្ធសាស្ត្រចតុកោណ និងបច្ចុប្បន្នជាយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការកំណត់គោលដៅឆ្ពោះទៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសចំណូលខ្ពស់។
លោក ណុប ចាន់ណារិន្ទ បន្តថា វេទិកាសាធារណ: គឺផ្តោតសំខាន់លើការស្តាប់ប្រជាជននិយាយ។ រីឯថ្នាក់ដឹកនាំដែលជាក្រុមការងារ និងមន្ត្រីជំនាញ រួមជាមួយរដ្ឋបាលក្រុង សង្កាត់ គឺជាអ្នកអនុវត្តន៍ដោះស្រាយចំពោះសំណូមពរ រួមទាំងការទទួលយកនូវចំណុចអសកម្មនានា ដែលត្រូវបានប្រជាជនលើកឡើង ដើម្បីធ្វើការកែលំអ។ ក្នុងនោះបើមានករណីចាំបាច់ខ្លះ គឺត្រូវរាយការការណ៍ ឬធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល តាមឋានុក្រម ដើម្បីដោះស្រាយ។ ដោយឡែកនៅខេត្តកំពង់ស្ពឺ យើងមានលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាប្រធានក្រុមការងារ ដែលត្រូវធ្វើរបាយការណ៍គោរពរាយការណ៍ និងសុំគោលការណ៍ដោះស្រាយ។
នៅក្នុងវេទិកានេះ លោក ណុប ចាន់ណារិន្ទ និងក្រុមការងារជំនាញ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានដោះស្រាយនូវបញ្ហាប្រឈមចំនួនពីរ ដែលបានលើកឡើងដោយប្រជាជនក្នុងមូលដ្ឋាន ដូចជាបញ្ហាអគ្គីសនី និងបញ្ហាបណ្ណកម្មសិទ្ធដីធ្លី ទាំងលក្ខណ:បច្ចេកទេស និងនីតិវិធី ដោយតម្រូវឱ្យមន្ត្រីជំនាញចូលរួមសហការ សម្របសម្រួល គ្រប់នីតិវិធីដើម្បីឈានទៅបញ្ចប់បញ្ហាប្រឈមទាំងឡាយ។ ពិសេសការសម្របសម្រួលជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ លើករណីប្រជាជនយកបង្កាន់ដៃប្លង់ដី (ចុងសន្លឹក) ឬឯកសារប្រហាក់ប្រហែលដែលមានតម្លៃស្មើយកទៅបញ្ចាំ ដែលនាំឱ្យមានការខ្វះឯកសារគតិយុត្ត សម្រាប់ឱ្យជំនាញធ្វើបណ្ណកម្មសិទ្ធ (បណ្ណរឹង) ស្របច្បាប់ជូនបងប្អូន។
បើតាមរបាយការណ៍របស់លោកចៅសង្កាត់វាលពុង បានឱ្យដឹងថា នៅក្នុងមូលដ្ឋានសង្កាត់ មានជិត ២០០ករណី ដែលជាប់បន្ទុកជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ ហើយកំពុងប្រឈមដោះស្រាយ តាមរយ:ការសម្រប សម្រួលជួយបង្កលក្ខណ:យ៉ាងណាដើម្បីឱ្យពលរដ្ឋបានធ្វើបណ្ណកម្មសិទ្ធស្របច្បាប់៕