(ពោធិ៍សាត់)៖ ក្រោមការផ្តួចផ្តើមរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ព្រមទាំងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស បន្តឧបត្ថម្ភថវិកា ដែលកើតចេញកម្លាំងញើសឈាម ចូលរួមជាកម្លាំងសាមគ្គី ក្នុងគោលបំណងដើម្បីឱ្យសមិទ្ធផលនេះលេចចេញជារូបរាងឡើង ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
ជាក់ស្តែងនាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅបន្ទប់រងចាំ អគាររដ្ឋបាលខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាពីសប្បុរសជន ក្នុង និងក្រៅខេត្ត គឺ៖ «ឧកញ៉ា ហុង ស៊ីថា ប្រធានក្រុមហ៊ុនបេតុង លាយស្រេច ហុង ឆាយហេង ខ្វលលីធីខនគ្រីត ចំនួន១០លានរៀល និងលោក ខូយ រុំភើព ព្រមទាំងភរិយា ចំនួន១ពាន់ដុល្លារ» សម្រាប់ឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានរួបរួមជាកម្លាំងសាមគ្គី បរិច្ចាគថវិកាដែលកើតចេញពីកម្លាំងញើសឈាម ដើម្បីឧបត្ថម្ភគាំទ្រ និងបានប្រគល់ជូននាពេលនេះ ក៏ដូចជាពេលកន្លងមក គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។
ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធនរបស់សប្បុរសជន ដោយស្ម័គ្រចិត្តចេញពីបេះដូងពិត គឺជាគម្រូដ៏ល្អមួយ និងមានតម្លៃក្នុងសង្គម សម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តរបស់យើង ឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ នេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា និងជាមហាកម្លាំងសាមគ្គី ដែលយើងមិននឹងស្មានថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាយ៉ាងច្រើន ហើយក៏សង្ឃឹមថាសប្បុរសជននឹងបន្តចូលរួម ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជារូបរាងឡើង សម្រាប់ជាឧត្តមប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវា។
លោកសូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មកដល់បច្ចុប្បន្នគិតជាលេខមូល ទទូលបានថវិកាពីសប្បុរសជន សរុបប្រមាណជាង៣០ម៉ឺនដុល្លារហើយ។ គម្រោងសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ ត្រូវបានបើកការដ្ឋានដំណើរការសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលមានបណ្តោយ៥៤ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ គ្រោងចំណាយថវិកាសរុបប្រមាណជិត៥លានដុល្លារ៕