(ភ្នំពេញ)៖ ក្រុមការងារសមាគមយុវជនអ្នកបន្តវេន-SYA នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បាននាំនូវថវិកា អង្ករ ទឹកសុទ្ធ កែវយិតឆ្លុះចម្ងាយ ៥គីឡូម៉ែត្រ (ជូនឪគា) និងគោដុតកាច់នឹមរបស់តារាចម្រៀង អៀង វុត្ថា ចំនួន០២ក្បាល ដែលបានទទួលថវិកាជំនួយពីសប្បុរសជន សមាជិក សមាជិកា នៃសមាគមយុវជនអ្នកបន្តវេន និងអ្នកគាំទ្រលោក អៀង វុត្ថា ជូនវរសេនាតូចអន្តរាគមន៍លេខ៣៧១ (ភ្នំខ្មោច) ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការចូលរួមរបស់សប្បុរសជន យុវជន បានបង្ហាញពីស្មារតីជាតិនិយម ស្រលាញ់កងទ័ពខ្មែរ ដឹងគុណកងទ័ពខ្មែរក្នុងការការពារទឹកដី និងលេីកទឹកដោយផ្ទាល់ជាមួយកងទ័ព តាមរយៈនាំនូវជំនួយតាមលទ្ធភាព ថែមទាំងបានសំណេះសំណាល បង្ហាញពីបេះដូងខ្មែរតែមួយ ក្នុងប្រធានបទ"ខ្មែររួបរួម ខ្មែរសាមគ្គី ខ្មែរខ្លាំង" ដេីម្បីការពារចោរសៀមដែលមានបំណងឈ្លានពានទឹកដីខ្មែរ។
អង្គពិធីត្រូវបានមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឧត្តមសេនីយ៍ ឃឹម ឃឿន មេបញ្ជាការវរសេនាតូចអន្តាគមន៍លេខ៣៧១ និងនាយទាហាន ពលទាហាន ក្នុងបំផុសស្មារតីយុវជនមានទឹកចិត្តជួយដល់ជាតិ កងទ័ពជួរមុខ ក្នុងការពារដែនអធិបតេយ្យភាពជាតិ។
នាឱកាសនោះដែរ លោក រិន សុភក្តិ ប្រធានក្រុមការងារសមាគមយុវជនអ្នកបន្តវេន-SYA បានគូសបញ្ជាក់ថា៖ «យេីងខ្ញុំជាយុវជនកេីតក្នុងពន្លឺនៃសន្តិភាពសម័យតេជោធិបតី ទទួលផលពីសន្តិភាព ដូច្នេះយេីងត្រូវដឹងគុណដល់ជាតិ ដល់កងទ័ព ថ្នាក់ដឹកនាំ ដែលកសាងសន្តិភាព រក្សាសន្តិភាព ជូនកូនខ្មែរ។ យេីងចូលរួមដាច់ ប្រឆាំងដាច់នូវទង្វេីឈ្លានពានរបស់កងទ័ពថៃ មកកម្ពុជា»។
ជាមួយគ្នានេះដែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារសមាគមយុវជនអ្នកបន្តវេន-SYA បានបាននាំនូវថវិកា អង្ករ ទឹកសុទ្ធ ដែលបានទទួលថវិកាជំនួយពីសប្បុរសជន សមាជិក សមាជិកា នៃសមាគមយុវជនអ្នកបន្តវេន និងអ្នកគាំទ្រលោក អៀង វុត្ថា ជូនវរសេនាតូចអន្តរាគមន៍លេខ៣៩១ (ទិសមុំបី) ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជាមួយនឹងទឹកចិត្តស្នេហាជាតិ សមរភូមិក្រោយ នៅឈរប្រកៀកស្មារជាមួយនឹងសមរភូមិមុខ ក្រុមការងារសមាគមយុវជនអ្នកបន្តវេន-SYA បានអះអាងថា៖ «យេីងរួមគ្នាខិតខំបន្តសកម្មភាពមួយនេះ តាមលទ្ធភាពដែលអាចធ្វេីទៅបាន ក្រោមស្មារតីជាតិនិយម លេីកទឹកចិត្តដល់កងទ័ពជួរមុខ»៕