(សៀមរាប)៖ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ លើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួស១ខ្សែ ស្ថិតនៅស្រុកវ៉ារិន ខេត្តសៀមរាប និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវ គុណភាពល្អប្រសើរ សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជនបទ។

លោកស្រីមានប្រសាសន៍ថា «ផ្លូវជនបទមានសារៈសំខាន់ណាស់ កាលណាយើងមានផ្លូវ គ្រប់បណ្តប់ទូទាំងប្រទេស វានឹងចូលរួមចំណែកជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនកសិផលនានា ពីជនបទ ចូលទីផ្សារ រោងចក្រ និងសហគ្រាសនានា និងសម្រួលដល់ការធ្វើកសិកម្មររបស់កសិករនៅមូលដ្ឋាននេះ តាមរយៈការដឹកជញ្ជូនសម្ភារៈ កសិកម្ម ផលិតកម្មបម្រើដល់វិស័យកសិកម្មជាដើម។ នេះគឺជាការលើកកម្ពស់ផលិតភាពដល់កសិករ ជំរុញការធ្វើកសិកម្មឱ្យកាន់តែប្រសើរ សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជំរុញដល់ទីផ្សារនាំចេញរបស់កម្ពុជាជាដើម»។

លោកស្រី ឯក គន្ធវារី មានប្រសាសន៍បែបនេះធ្វើឡើងក្នុងឱកាសលោកស្រីចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន១ ខ្សែ ប្រវែង ១៣ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ ,ការស្ថាបនាទំនប់បង្ហូរចំនួន១ កន្លែង និងសំណង់ផ្សេងៗទៀត នៅឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរលោកស្រីបានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដោយសម្តេចបានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន។ ភាពជោគជ័យ ដ៏ត្រចះត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាព ប្រកបរបរចិញ្ចឹមជីវិត តាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

លោកស្រីមានប្រសាសន៍បន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្នុងការឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងបានកំពុងជំរុញអភិវឌ្ឍជាបន្តបន្ទាប់ទៀត បង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ជនបទឱ្យប្រទាក់ក្រឡា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ មានផ្លូវល្អធ្វើដំណើរ កាត់បន្ថយពេល វេលា និងការចំណាយផ្សេងៗជាដើម។

 

ជុំវិញការស្ថាបនាផ្លូវខាងលើនេះ ឧត្តមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម ទទួលបន្ទុកកងលេខ ១៨០ ស្ពាន-ថ្នល់ បានឱ្យដឹងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្ម បានអនុវត្តលើការងារស្ថាបនា ផ្លូវខាងលើនេះភ្លាម និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សាគុណភាពល្អប្រសើរ ទុកជាចំណងដៃនៃការប្រើប្រាស់យូរអង្វែង ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់៕