(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំប្រជុំគណៈបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

យោងតាមរបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ បានឲ្យដឹងថា កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៥,១៨២/៥,២២០ករណី ឃាត់ខ្លួន១៣,៤៥២/១២,៩៦៥នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១,៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩,១២៩.៣៥គីឡូក្រាម រួមនឹងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត ដែលក្នុងនោះរួមមាន៖

* ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ៣,០៨៦ករណី ឃាត់ខ្លួន ៦,០៧៩នាក់
* ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់
* ករណីដាំដុះដំណាំកញ្ញា ៧ករណី ឃាត់ខ្លួន៨នាក់
* ចាត់ចែងសម្រួលឲ្យប្រើប្រាស់៩ករណី ឃាត់ខ្លួន៣២នាក់
* បើកបរក្រោមឥទ្ធិពលគ្រឿងញៀន១៦ករណី ឃាត់ខ្លួន២៦នាក់
* ករណីប្រើប្រាស់២,០៥៦ករណី ឃាត់ខ្លួន៧,២៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន៦០១នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន៦,០៨៤នាក់ និងធ្វើកិច្ច សន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ចំនួន ៥៩១នាក់។

ដោយឡែកអនុវត្តដីកា ឃាត់ខ្លួនបានចំនួន៣៣៦នាក់/៤០៧ដីកា។ ចំពោះករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំនួន៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោងចំនួន១១នាក់ ខ្សែរយៈបណ្តាញចំនួន២១៩នាក់ ចាប់យកសារធាតុញៀនសរុបប្រមាណ ១,៨២៨គីឡូក្រាម និងសារធាតុគីមីផ្សំសរុបប្រមាណ១៨,៦១០គីឡូក្រាម៕