(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចនៅក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber group ) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីស្វែងយល់ដោយផ្ទាល់ សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា ។
ទស្សនកិច្ចនេះ ក្នុងឱកាសដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពី ថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់សមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA)។
នៅក្នុងជំនួប និងទស្សនកិច្ច នៅក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber group ) លោក Trương Minh Trung អគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber group ) បានជម្រាបជូនអ្នកឧកញ៉ា និងប្រតិភូពីវឌ្ឍនភាពការងាររបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ជាពិសេសពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ។ លោកអគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម បានបន្តថា "ក្រុមហ៊ុននឹងវិនិយោគដាំកៅស៊ូនៅកម្ពុជាប្រមាណ៣ម៉ឺនហិកតាបន្ថែមទៀត ដែលអាចបង្កើតការងារធ្វើដល់ពលរដ្ឋកម្ពុជាប្រមាណ១ម៉ឺននាក់បន្ថមទៀត សរុបទាំងអស់ក្រុមហ៊ុននឹងកើនឡើង នូវការវិនិយោគដាំកៅស៊ូសរុប ១២ម៉ឺនហិកតា បង្កើតការងារធ្វើដល់ប្រមាណ៣ម៉ឺននាក់"។ ក្រៅពីនេះ លោកអគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាមក៏បានជម្រាបជូនថា "ក្រុមហ៊ុនបានបណ្តះុបណ្តាលដល់កម្មករខ្មែរឲ្យមានជំនាញកាន់តែខ្លាំងលើវិស័យកៅស៊ូនេះ។ លោកអគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម ក៏បានស្នើស៉ំឲ្យអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ជួយគាំទ្រណែនាំដល់បណ្តាដៃគូរវិនិយោគិនដែលអាចចាប់ដៃគ្នាសហការជាមួយក្រុមហ៊ុនកៅស៊ូវៀតណាម ក្នុងន័យដើម្បីជំរុញវិស័យនេះឲ្យរីកចំរើនរួមគ្នា"។
អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានថ្លែងថា កោតសរសើរពីការរីកចំរើនរបស់ក្រុមហ៊ុនកៅស៊ូរបស់វៀតណាម ជាពិសេសការវិនិយោគនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុនមានរហូតដល់ជិត១០ម៉ឺនហិកតា និងបានបង្កើតការងារជូនពលរដ្ឋកម្ពុជាប្រមាណ២ម៉ឺននាក់។
នៅក្នុងឱកាសនេះអ្នកឧកញ៉ាបានថ្លែងស្នើដល់ក្រុមហ៊ុនកៅស៊ូវៀតណាមយកចិត្តទុកដាក់ដល់បុគ្គលិកខ្មែរ ផ្តល់អាទិភាពដល់ពលរដ្ឋខ្មែរឲ្យបានចូលធ្វើការងារកាន់តែច្រើន និងជាអាទិភាព។ ជាពិសេសសូមក្រុមហ៊ុនផ្តល់ការយកចិត្តទុកដាក់ដល់សុខភាពបុគ្គលិកខ្មែរ តាមរយះការផ្តល់ជាប័ណ្ណ ប.ស.ស ជាដើម។
ក្នុងឱកាសនេះភាគីទាំងពីរក៏បានលើកទឹកចិត្តគ្នាទៅវិញទៅមក និងជំរុញឲ្យវិនិយោគិនកម្ពុជា និងវៀតណាមសហការគ្នាដើម្បីស្វែងរកឱកាសវិនិយោគ ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។
សូមរំលឹកថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួនជាង២០០ក្រុមហ៊ុន ចូលរួមក្នុងសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕