(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ​ពារ​ជាតិ បានបង្ហាញការហួសចិត្តចំពោះអ្នកច្បាប់ប្រទេសថៃមួយចំនួន ដែលចេញមកការ​ពារ​ទង្វើខិលខូចរបស់អតីតទាហានឈុតខ្មៅថៃ លួចវាយទាហានខ្មែរ ដែលកំពុង​ឈរ​ជើង​នៅលើប្រាសាទតាមាន់ធំ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ អតីតទាហានឈុតខ្មៅថៃ និងបក្ខ​ពួក ដែលឡើងទៅលេងនៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ បានបន្លំជា​រាក់​ទាក់ជាមួយទាហានខ្មែរឈរជើងនៅប្រាសាទ ហើយវាយមកលើទាហាន​ខ្មែរ​ជា​ច្រើន​ដៃ។ ទង្វើដែលគេចាត់ទុកជាភាពកំសាក និងមិនថ្លៃថ្នូររបស់អតីតទាហានថៃនេះ នាំ​ឱ្យ​មានការប្រតិកម្ម និងរិះគន់ជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។

ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅអាហ្វ្រិក​កណ្ដាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមាន​អ្នកសម្របសម្រួលអង្គការ​សហ​ប្រជាជាតិប្រចាំកម្ពុជា សេនានុព័ន្ធ និងអនុព័ន្ធយោធាប្រទេសជាមិត្ត ចូលរួមផងនោះ ឧប​នាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងពីវិវាទព្រំដែនរវាងកម្ពុជា និងថៃ ហើយក៏បានលើកឡើងពីទង្វើរបស់អតីតទាហានឈុតខ្មៅនេះផងដែរ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា រាជរដ្ឋាភិបាលថៃ​ កំពុងមានចំណាត់ការ​ទៅលើជនបង្កនេះហើយ ដោយបានកោះហៅបុគ្គលនេះឱ្យមកប្រឈមនឹង​ផ្លូវច្បាប់​នៅ​ប្រទេសថៃ។ ពាក់ព័ន្ធករណីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏បានសម្តែងការ​ហួស​ចិត្តចំពោះមេធាវីថៃ ដែលចេញមុខការពារក្តីឱ្យអតីតទាហានឈុតខ្មៅ​ថៃ​រូបនេះ។ លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកការប្រកាសចេញការពារក្តី គឺជារឿងដែលធ្វើដើម្បី​ទទួលបានប្រជាប្រិយភាពលើបណ្តាញសង្គម ដោយមិនខ្វល់ការបង្កហេតុនាំឱ្យ​មាន​ភាពតានតឹងកាន់តែខ្លាំងនៃជម្លោះរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា រឿងនេះវាគួរតែបញ្ចប់ ប៉ុន្តែ ត្រូវបានជនល្មើសនេះយកទៅបញ្ចេញបញ្ចូលឱ្យក្លាយជារឿងធំ ដើម្បីទាញប្រជា​ប្រិយភាពរបស់ខ្លួននៅក្នុងស្រទាប់មហាជនថៃ អ្នកលេងបណ្តាញសង្គមទៅវិញ។ ទង្វើរបស់អតីតទាហានឈុតខ្មៅថៃ គឺបានរុញច្រានបន្ថែមដល់ប្រជាជាតិទាំងពីរ នៅជាប់របងជាមួយគ្នាមើលមុខគ្នាមិនត្រង់ ជាពិសេសធ្វើឱ្យស្ថានភាពនៅ​ព្រំដែនកាន់តែឡើងកម្តៅទៅវិញ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា កន្លងមកនេះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និងថៃ មានការយោគយល់ ប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ ប៉ុន្តែបញ្ហាឡើងកម្តៅថ្មីៗនេះ នៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ គឺអាចបបណ្តាលមកពីក្រុមអ្នកនយោបាយមួយក្តាប់តូចដែលមាននិន្នាការនយោបាយខុសគ្នា ជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយបានព្យាយាមអុជអាល់ឱ្យកងទ័ពទាំងពីរមើលមុខគ្នាមិនចំ៕