(ភ្នំពេញ)៖ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារូបភាពផ្កាយរណប (Satellite Image) និងឧបករណ៍ទំនើប (Drone) ដើម្បីអនុវត្ដការងារល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានយ៉ាងមានប្រសិទ្ធភាព។

នៅក្នុងឆ្នាំ២០២៤-២០២៥ កន្លងមកការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើប ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តសៀមរាប បានជួយដល់មន្រ្តីឧទ្យាននុរក្ស បានចុះពិនិត្យទីតាំងជាក់ស្ដែងបានចំនួន ៧៧ចំណុចរួមមាន៖ ទីតាំងរងការកាប់ទន្ទ្រានមានចំនួន ៣២ចំណុច ស្មើនឹងទំហំផ្ទៃដី ៤៥៩,៦៤ហិកតា, ទីតាំងដីមានការដាំដំណាំផ្សេងៗ មានចំនួន ២៨ចំណុច ស្មើនឹងទំហំផ្ទៃដី ៣៣១,៦៥ហិកតា និងទីតាំងដីពុំមានបទល្មើសអ្វី (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន ១៧ចំណុច។

ជាក់ស្តែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្រ្ដីឧទ្យានុរក្ស បានសហការជាមួយកម្លាំងយោធា តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ ចុះពិនិត្យទីតាំងជាក់ស្ដែងទាំង ៦៧ចំណុចរួមមាន៖ ទីតាំងរងការកាប់ទន្រ្ទាន មានចំនួន ៤០ចំណុច ស្មើនឹងទំហំផ្ទៃដី ៤២៨,១៩ហិកតា, ទីតាំងដីមានការដាំដំណាំផ្សេងៗ មានចំនួន ២៥ចំណុច ស្មើនឹងទំហំផ្ទៃដី ៤៧៦,២៥ហិកតា និងទីតាំងដីពុំមានបទល្មើស (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន ២ចំណុច។

មន្រ្តីឧទ្យានុរក្ស បានបញ្ជូនសំណុំរឿងបទល្មើសធនធានធម្មជាតិ ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាបបានចំនួន ១៥ករណី ក្នុងនោះករណីបទល្មើសជាក់ស្ដែងចំនួន ២ករណី (បញ្ជូនខ្លួនជនសង្ស័យទៅតុលាការចំនួន ៦នាក់) និងករណីបទល្មើសមិនជាក់ស្ដែងចំនួន ១៣ករណី (បញ្ជូនឈ្មោះជនសង្ស័យទៅតុលាការចំនួន ៧នាក់)។

សូមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តសៀមរាប គ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៨កន្លែង មានទំហំផ្ទៃដីសរុប ២៨៣.៩៩៩,២៧ហិកតា។ ការគ្រប់គ្រងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ត្រូវបានទទួលការគាំទ្រនិងសហការជាមួយកងកម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប កម្លាំងគណៈបញ្ជាការឯកភាពស្រុក និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិផងដែរ។

យោងតាមយុទ្ធសាស្រ្ដស្នូលមុំទី២ អាទិភាពទី១ «ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបំពាក់មធ្យោបាយឧបករណ៍ និងសម្ភារ​ៈទំនើបសម្រាប់ការងាររដ្ឋបាល» បានចែងក្នុងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របនឹងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះកិច្ចខិតខំប្រែងប្រែងការពារ និងអភិរក្សធនធានធម្មជាតិនិងបរិស្ថានដ៏មោះមុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំយកសន្តិភាព ការបង្រួមបង្រួមជាតិ អធិបតេយ្យភាព និងការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ហើយបានផ្តល់កាលានុវត្តភាពពេញលេញក្នុងការចាត់ចែង ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះសម្រាប់កូនចៅតជំនាន់។

យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផែនការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានបានចាត់បញ្ជូលជាអាទិភាព ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិប្រកបដោយនិរន្តរភាព។

ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានផែនការសកម្មភាព ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីត្រួតពិនិត្យ តាមដាន និងវិភាគព័ត៌មាន តាមរយៈទិន្នន័យដែលទទួលបានពីផ្កាយរណប ហើយការទទួលបានទិន្នន័យទាំងនេះ ក៏ដូចជាបានបំពាក់ឧបករណ៍ សម្ភារៈទំនើបដូចជាដ្រូន ដើម្បីល្បាតនិងផ្ទៀងផ្ទាត់ព័ត៌មាន ក៏ជាផ្នែកមួយជួយពន្លឿនដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមន៍ភ្លាមៗនៅតាមតំបន់គោលដៅផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់មន្ត្រីជំនាញរបស់ក្រសួង និងដៃសហការរួមមាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការបង្កើនប្រសិទ្ធភាព នៃការការពារនិងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ធានាឱ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសកម្ពុជា។ ជាពិសេសការរក្សាបាននូវធនធានធម្មជាតិនិងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្រសួងបរិស្ថាន នៅឆ្នាំ២០២៤-២០២៥ បានផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណបជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដើម្បីសហការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបានប្រគល់ដ្រូនចំនួន​ ៤៧គ្រឿង ដល់មន្ទីរបរិស្ថានទាំងអស់ ហើយមន្ទីរបរិស្ថានដែលមានតំបន់ការពារធម្មជាតិ ក៏ទទួលបានការគាំទ្រពីបណ្តាអង្គការ និងដៃគូអភិវឌ្ឍបន្ថែមទៀតនូវសម្ភារៈប្រើប្រាស់ និងដ្រូនជាច្រើនគ្រឿងបន្ថែមទៀត៕