(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យបណ្ឌិត Dato' Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាស្ថាបនិក ក្រុម ហ៊ុន Mayapada Group បានចាត់ទុក និងពេញចិត្តចំពោះការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មកលើអតីតយុទ្ធជន ពិសេសជាអ្នកនយោបាយ ជាមេដឹកនាំដែលមានគុណធម៌ មិនបោះបង់ចោលនរណាម្នាក់ដែលធ្លាប់តស៊ូ ដើម្បីបុព្វហេតុជាតិរបស់ខ្លួន។
ការលើកឡើងរបស់លោកសាស្រ្តាចារ្យបណ្ឌិត Dato' Sri Tahir បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។
បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឱ្យដឹងថា លោកបណ្ឌិត Dato' Sri Tahir «បានសម្តែងនូវការឯកភាពទាំងស្រុង ហើយចាត់ទុកការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន គឺសមស្របនឹងគំនិតរបស់លោក និងបានពេញចិត្តចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន មកលើអតីតយុទ្ធជន ជាពិសេសជាអ្នកនយោបាយ ជាមេដឹកនាំដែលមានគុណធម៌ មិនបោះបង់ចោលនរណាម្នាក់ដែលធ្លាប់តស៊ូ ដើម្បីបុព្វហេតុជាតិរបស់ខ្លួន»។
លោកបណ្ឌិត Dato' Sri Tahir ក៏បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏អស្ចារ្យ ដែលបានរំដោះប្រទេសកម្ពុជា ចេញរបបប្រល័យពូជសាសន៍ បិទបញ្ចប់សង្គ្រាមស៉ីវិល រហូតនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាពពេញលេញ និងនាំមករកភាពរីកចម្រើនលើគ្រប់វិស័យ។ លោកបណ្ឌិត អរគុណក្រៃលែង និងមានកិត្តិយសក្នុងជីវិតរបស់លោកដែលបានចូលរួមចំណែកជួយដល់កម្ពុជា ជាពិសេសតាមរយៈការងារជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ត្រង់ចំណុចនេះលោកបណ្ឌិត បានសន្យានឹងជួយកម្ពុជាឱ្យអស់ពីលទ្ធភាព តាមអ្វីដែលលោកអាចរួមចំណែកបាន និងចង់ឃើញប្រទេសកម្ពុជា កាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានជួបជាមួយលោកបណ្ឌិត Dato' Sri Tahir សារជាថ្មី បន្ទាប់ពីបានជួបលោកបណ្ឌិតនៅប្រទេសឥណ្ឌូនេស៉ី គ្រាដែលសម្តេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៉ី។ សម្តេចតេជោ ក៏បានស្វាគមន៍លោកបណ្ឌិតដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរលោកបណ្ឌិត ដែលទទួលតួនាទីជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន និងបានចាត់ទុកតួនាទីនេះជាផ្នែកមួយដែលលោកបណ្ឌិត អាចចូលរួមចំណែកជួយការអភិវឌ្ឍផ្នែកសង្គមកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាចំណុចមួយដ៏សំខាន់នៃការរុញច្រានទំនាក់ទំនងរវាងកម្ពុជា និងប្រទេសឥណ្ឌូនេស៉ី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះលោកបណ្ឌិត Dato' Sri Tahir បានសម្តែងនូវការអរគុណក្រៃលែងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាឱ្យលោកបណ្ឌិត និងសហការី បានជួបសម្តែងការគួរស។ លោកបណ្ឌិត ក៏បានសម្តែងនូវសេចក្តីកត្តញ្ញូ ដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកធ្វើជាទីប្រឹក្សារបស់សម្តេច ចំពោះចំណុចនេះលោកបានចងចាំជានិច្ចនៅថ្ងៃនេះ ពីព្រោះនៅក្នុងជីវិតរបស់លោកមានរឿងពីរ សំខាន់ដែលលោកបណ្ឌិតបានធ្វើជាទីប្រឹក្សា គឺទី១៖ លោកធ្លាប់ធ្វើជាទីប្រឹក្សាអតីតប្រធានាធិបតី ឥណ្ឌូនេស៉ី ហើយបច្ចុប្បន្ន លោកក៏ជាទីប្រឹក្សារបស់ប្រធានាធិបតី ឥណ្ឌូនេស៉ី ហើយនៅថ្ងៃនេះលោកបានទទួលតួនាទីជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ថែមទៀត។
លោកបណ្ឌិត Dato' Sri Tahir បានសន្យា និងប្តេជ្ញាថានឹងចូលរួមចំណែកក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាវិស័យសង្គមកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចូលរួមចំណែកជួយដល់អតីតយុទ្ធជនកម្ពុជា តាមរយៈការជួយសាងសង់ផ្ទះ និងការជួយជីកអណ្តូងទឹក ដើម្បីធ្វើយ៉ាងណាឱ្យអតីតយុទ្ធជនរបស់កម្ពុជា មានស្ថានភាពរស់នៅកាន់តែល្អប្រសើរ។
លោកបណ្ឌិត Dato' Sri Tahir ក៏បានរង់ចាំការណែនាំបន្ថែមពីសំណាក់សម្តេចតេជោ ហ៊ុន សែន តើអ្វីដែលលោកបណ្ឌិតអាចចូលរួមចំណែកបានក្នុងការជួយដល់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចសំខាន់ដែលសម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យលោកបណ្ឌិត Dato' Sri Tahir ចូលរួមចំណែកជួយក្នុងវិស័យសង្គមកិច្ច តាមរយៈការជួយសាងសង់ផ្ទះដល់អតីតយុទ្ធជន ដូចអ្វីដែលលោកបណ្ឌិត Dato' Sri Tahir បានលើកឡើងដែលជាចំណុចរួមមួយ ដែលសម្តេចរីករាយ ពីព្រោះបច្ចុប្បន្ននេះ សម្តេចក៏ជាប្រធានសមាគមអតីតយុទ្ធជន ហើយចង់ចូលរួមចំណែកធ្វើយ៉ាងណាឱ្យអតីតយុទ្ធជនកម្ពុជា ដែលមិនទាន់មានលំនៅដ្ឋានសមរម្យ ដើម្បីឱ្យពួកគាត់មានលំនៅដ្ឋានសមរម្យជាដើម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចយល់អំពីអារម្មណ៍របស់អ្នកប្រយុទ្ធ គឺទាហាននៅពេលដែលពួកគាត់មានកម្លាំងប្រយុទ្ធរដ្ឋាភិបាលបានជួយគាំទ្រច្រើន ក៏ប៉ុន្តែ នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬក៏បាត់បង់សមត្ថភាពប្រយុទ្ធ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បន្តវេនពីអាណត្តិចាស់ គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ពិសេសសម្តេចផ្ទាល់ គឺតែងតែយល់ចិត្តទុកដាក់ជួយដល់អតីតយុទ្ធជន និងមិនបោះបង់ចោលអតីតយុទ្ធជនណាម្នាក់ឡើង។
ត្រង់ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅលោកបណ្ឌិត Dato' Sri Tahir សម្តេចផ្ទាល់ គឺមានបទពិសោធន៍ និងបានរម្លឹកពីអតីតកាលថានៅពេលដែលសម្តេចមានអាយុ២៣ឆ្នាំ បានរងរបួសគ្រាដែលសម្តេចកំពុងតែប្រយុទ្ធនៅក្នុងសមរភូមិ ដែលធ្វើឱ្យសម្តេចពិកាភ្នែករហូតដល់បច្ចុប្បន្ននេះ។ ហើយគ្រានោះសម្តេច ត្រូវបានរងការប្រមាថ និងត្រូវបានគេបោះបង់ចោល ម្លោះហើយទើបសម្តេចយល់ច្បាស់ពីអារម្មណ៍ ពីការតស៊ូរបស់អតីតយុទ្ធជន នៅពេលដែលពួកគាត់ពិកា ឬលែងមានសមត្ថភាពប្រយុទ្ធ ចូលនិវត្តន៍ ដូច្នេះ យើងមិនត្រូវបោះបង់ពួកគាត់ចោលនោះឡើយ។
ជាអតីតយុទ្ធជន តស៊ូប្រយុទ្ធក្នុងសមរភូមិរាប់មិនអស់ រហូតបិទបញ្ចប់សង្គ្រាមស៉ីវិល, សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចបានខិតខំប្រឹងប្រែងកៀរគរស្វែងរកជំនួយ និងការឧបត្ថម្ភមកពីប្រភពផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យអតីតយុទ្ធជនអាចរស់នៅបានសមរម្យ៕