(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្ដីណែនាំពីការរឹតបន្ធឹងការអនុវត្តសៀវភៅបន្ទុករបស់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់។
តាមរយៈលិខិតរបស់អគ្គលេខាធិការដ្ឋាន បានធ្វើការណែនាំដល់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណ និងសៀវភៅបន្ទុក ឱ្យបានម៉ឺងម៉ាត់ និងធានាឱ្យបាននៅការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងការប្រតិបត្តិការអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងដាច់ខាតនូវរាល់សកម្មភាពចាប់ជំរិតនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរមនុស្សនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរអាវុធនៅក្នុងកាស៊ីណូ, សកម្មភាពជួញដូរគ្រឿងញៀននៅក្នុងកាស៊ីណូ និងសកម្មភាពកសាងកម្លាំងសន្តិសុខខុសច្បាប់នៅក្នុងកាស៊ីណូ ព្រមទាំងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។
ក្នុងករណីរកឃើញថា កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម មិនអនុវត្តតាមសេចក្តីណែនាំនេះ កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ត្រូវប្រឈមនឹងការព្យួរ ឬដកហូតអាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា កម្មសិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌល ល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕