(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកស្រី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត នាំយកអំណោយជូនកងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។
ពិធីនេះក៏មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានគណៈបញ្ជាការឯកភាព សមរភូមិទិសយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣យោធភូមិភាគទី៤,លោកឧត្ដមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ កងពលធំ អន្តរាគមន៍លេខ២,នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងប្រតិភូខេត្តស្វាយរៀងជាច្រើនរូបទៀត។
អភិបាលខេត្តបានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិមុខ ទិសទី៣ យោធភូមិភាគទី៤ ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយហើយយើងខ្ញុំ ជាអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់និងឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តស្វាយរៀង និងត្រូវបាននាំយកមកផ្ដល់ជូន ក្នុងពិធីជួបសួរសុខទុក្ខបងប្អូនយើងនៅថ្ងៃនេះ។
លោកបានកោតសសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់ ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជនរបស់យើង ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចធិបតី និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាជាអម្ចាស់ជីវិតត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
លោកបានស្នើបងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ឆ្លើយតបនឹងការបំពានជាយថាហេតុនានាពីសំណាក់ សត្រូវឈ្លានពាន និងសូមបងប្អូនកម្លាំងយើងបន្តការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី ដើម្បីប្រទេសជាតិយើង បន្តមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។
ជាមួយគ្នានេះ ក្នុងនាមជាអ្នកនៅ សមរភូមិក្រោយ គឺស្ថិតនៅជាមួយបងប្អូនកងទ័ពយើង ផ្ដល់នូវកម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រគ្រប់ពេលវលា និងគ្រប់កាលៈ ទេសៈទាំងអស់ ក្នុងបុព្វហេតុ «ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា»។
ដើម្បីតបស្នងចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់បងប្អូនកងទ័ព ថ្ងៃនេះរដ្ឋបាលខេត្តស្វាយរៀងបាននាំមកនូវជំនួយឧបត្ថម្ភមួយចំនួនជាថវិកា និងសម្ភារ របស់រដ្ឋបាលខេត្ត និងទទួលបានពីការចូលរួមចំណែកពីថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងសប្បុរសជននានា នៃខេត្តស្វាយរៀង សម្រាប់ផ្ដល់ជូនបងប្អូនកងទ័ពរបស់យើងរួមមាន៖
១.ថវិកា ជាលុយរៀលចំនួន ២១៥.៣៥០.០០០រៀល និងដុល្លារ ចំនួន ៣៤.៧៣៧ដុល្លារ,២-អង្ករ ១០តោន,៣-មីជាតិ ៦០កេស,៤-មីខ្លាឃ្មុំ ២២កេស,៥-ត្រីខ សំពៅ(ខ្មែរ) ២០កេស,៦-ទឹកស៊ីអ៊ីវ ៥០យួរ,៧-ថ្នាំពេទ្យ ២៥០ប្រអប់,៨-ប្រេងកូឡា ១០០ឡូ,៩-សៀង ៥០០គីឡូ,១០-ទឹកបរិសុទ្ធ ១០០កេស,១១-អង្រឹងប៉ារ៉ា ១៥០អង្រឹង,១២-ភួយកម្ញី ២០០ភួយ,១៣-កន្ទេល ១០០កន្ទេល,១៤-ក្រម៉ាលេខ១ ២០០ក្រម៉ា និងជ្រក់ត្រសក់ ៣០គីឡូ៕