(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក សមត្ថកិច្ច និងមន្ទីរដែលពាក់ព័ន្ធ រួមគ្នាអនុវត្តយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រឹងប្រែងអស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់ ដោយត្រូវទប់ស្កាត់ មិនឱ្យកើតមានទីតាំងប្រើប្រាស់ដើម្បីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាដាច់ខាត។

លោក នួន ផារ័ត្ន បានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងអនឡាញពីស្នងការនគរបាលខេត្ត មេបញ្ជាការរងករាជអាវុធហត្ថខេត្ត មេយោធាខេត្ត លោកអភិបាលក្រុង-ស្រុក លោកអធិការនគរបាលក្រុង-ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់។

លោកបន្តថា បច្ចុប្បន្ននេះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែងដល់សន្តិសុខក្នុងពិភពលោក និងតំបន់ ក្នុងនោះក៏មានក្រុមឧក្រិដ្ឋជនបរទេសខិលខូចបានជ្រៀត ចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

លោកបញ្ជាក់ថា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានដាក់ចេញបទ បញ្ជាដល់ អភិបាលក្រុងស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងស្នងការនគរបាលក្រុងស្រុក ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ សូមតាមដាននូវរាល់សកម្មភាពរបស់ជនបរទេសទាំងឡាយណាចូលមកជួលផ្ទះ និងសំណង់អគារផ្សេងៗ ក្នុងទឹកដីខេត្តកំពង់ធំ ព្រមទាំងពិនិត្យលើវត្តមានជនបរទេស ដែលកំពុងតែស្នាក់នៅ ឬធ្វើការងារនៅក្នុងមូលដ្ឋាន។

លោក នួន ផារ័ត្ន បញ្ជាក់ទៀតថាប្រសិនបើ ករណីមានការសង្ស័យ សូមរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចុះសិក្សាស្រាវជ្រាវកំណត់មុខសញ្ញាទាំងនេះ ឱ្យបានទាន់ពេលវេលា៕