(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥១៨២ករណី ឃាត់ខ្លួន ១៣ ៤៥២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១ ៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩ ១២៩.៣៥គីឡូក្រាម រួមនឹងមធ្យោបាយសម្ភារៈ វត្ថុតាងមួយចំនួនទៀត។
យោងតាមរបាយការណ៍ដែលបង្ហាញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានយុទ្ធនាការ បានឲ្យដឹងថា ក្នុងចំណោមលទ្ធផលដែលបានបង្ក្រាបនោះរួមមាន៖
* ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ៣,០៨៦ករណី ឃាត់ខ្លួន ៦,០៧៩នាក់
* ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់
* ករណីដាំដុះដំណាំកញ្ឆា ៧ករណី ឃាត់ខ្លួន៨នាក់
* ចាត់ចែងសម្រួលឲ្យប្រើប្រាស់ ៩ករណី ឃាត់ខ្លួន៣២នាក់
* បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៦ករណី ឃាត់ខ្លួន២៦នាក់
* ករណីប្រើប្រាស់ ២ ០៥៦ករណី ឃាត់ខ្លួន៧ ២៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន ៦០១នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន ៦ ០៨៤នាក់ និងធ្វើកិច្ច សន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ចំនួន ៥៩១នាក់។
ដោយឡែកអនុវត្តដីកា ឃាត់ខ្លួនបានចំនួន៣៣៦នាក់/៤០៧ដីកា។ ចំពោះករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំនួន ៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោងចំនួន១១នាក់ ខ្សែរយៈបណ្តាញចំនួន២១៩នាក់ ចាប់យកសារធាតុញៀនសរុបប្រមាណ ១,៨២៨គីឡូក្រាម និងសារធាតុគីមីផ្សំសរុបប្រមាណ១៨,៦១០គីឡូក្រាម៕