(ពោធិ៍សាត់)៖ លោក ឡេង សែ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំស្រុកកណ្តៀង បានអញ្ជើញជួបសំណេះសំណាល ជាមួយយុវជន និងប្រជាពលករ ប្រមាណជាង៤០០នាក់ មកពី១១២ភូមិ នៃឃុំទាំង៩ ក្នុងស្រុកកណ្តៀង ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីទទួលបានឱកាសការងារសមស្រប តាមការស្រលាញ់ពេញចិត្ត ស្របតាមជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ការងារ។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានឱ្យដឹងថាយោងតាមរបាយការណ៍អត្តសញ្ញាណកម្ម របស់មន្ទីរផែនការខេត្ត ឆ្នាំ២០២៥ ទាំង៩ឃុំ ក្នុងស្រុកកណ្តៀង មានចំនួន១៩,៨៤៤គ្រួសារ ក្នុងនោះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន៦,៥៥៧គ្រួសារ ប្រភេទ(ក្រ១) និង(ក្រ២) ចំនួន៤,២៣៨គ្រួសារ និងងាយរងហានិភ័យ២,៣១៩គ្រួសារ។ គិតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅក្នុងស្រុកកណ្តៀង មានបងប្អូនពលករមកពីក្រៅប្រទេស ចំនួន៤០៤នាក់ ស្រី១៩០នាក់ ក្នុងនោះមកពីប្រទេសថៃ៣៩៣នាក់ ស្រី១៨៣នាក់, មកពីប្រទេសកូរ៉េ០៥នាក់ ស្រី៤នាក់, មកពីប្រទេសចិន០១នាក់ និងមកពីប្រទេសជប៉ុន០២នាក់។
លោក ហេង សុភាណា អភិបាលរងខេត្ត និងលោក ឡេង សែ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការលើកទឹកចិត្ត ដល់យុវជន និងប្រជាពលករទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើនៅក្នុងស្រុក បច្ចុប្បន្ននេះខេត្តពោធិ៍សាត់ មានវិទ្យាស្ថានបច្ចេកទេស ចំនួន០៤កន្លែង, សហគ្រាស គ្រឹះស្ថាន ចំនួន០៩កន្លែង កំពុងមានតម្រូវការកម្លាំងពលកម្ម៩៣៩កន្លែង បម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនប្រជាពលករខ្មែរយើង ដែលទើបត្រលប់មកពីប្រទេសថៃវិញ សុទ្ធសឹងជារោងចក្រ សហគ្រាស និងក្រុមហ៊ុនស្របច្បាប់ និងជាសមាជិករបស់ ប.ស.ស។
ថ្នាក់ដឹកនាំទាំងពីរ មានប្រសាសន៍ស្រដៀងៗគ្នាថា បច្ចុប្បន្ននៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា កំពុងមានតម្រូវការការងារ ហើយទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ០២ឆ្នាំ អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ អាចសុំប្រាក់សោធននិវត្តន៍ នៅពេលអាយុ៦០ឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
លោក ហេង សុភាណា និងលោក ឡេង សែ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបជាតារាងបង្ហាញពីបណ្តារោងចក្រ ឬសហគ្រាសណា ដែលកំពុងជ្រើសរើសកម្មករ និយោជិក ដើម្បីបញ្ជូនព័ត៌មានទាំងនោះ ឱ្យមកដល់តាមបណ្តាភូមិ ឃុំ ស្រុក ក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនយើងបានដឹង និងអាចងាយស្រួលរើសការងារ ដែលគាត់ចង់ពេញចិត្តធ្វើ ស្របតាមជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ការងារ ដោយមានការជួយសម្របសម្រួល លើនីតិវិធីផ្សេងៗ ពីមន្ត្រីរបស់យើង ព្រមជាមួយនឹងការបង្កើត Groups Telegramមួយ ដើម្បីងាយស្រួលផ្តល់ពត៌មានផ្សេងៗ ជូនគាត់បានរហ័ស។
ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងថា ការបង្កើតវេទិកានេះឡើង ក្នុងគោលបំណងជួបជុំគ្នា និងបន្តផ្សព្វផ្សាយ ព័ត៌មានអំពីឱកាសការងារនៅនឹងកន្លែង ពីសំណាក់សហគ្រាស គ្រឹះស្ថាន ដែលមានត្រូវការ ជ្រើសរើសកម្លាំងពលកម្ម។ នេះគឺជាការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ រៀបចំឱ្យមានវេទិកានេះឡើង ងាយស្រួលដល់យុវជនស្វែងរកការងារ ទាំងក្នុងខេត្ត និងក្នុងប្រទេស។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូបញ្ជាក់បន្ថែម អំពីសាវតារជំលោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នាពេលកន្លងមក និងអំពីបច្ចុប្បន្នភាពស្ថានការណ៍ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ពិសេសនៅតំបន់មុំបី, ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលគោលជំហរដ៏ច្បាស់លាល់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដី ជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនខាងលើ ដែលកំពុងមានជំលោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ)៕