(បន្ទាយមានជ័យ)៖ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ, លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រ អាជីវករ ម្ចាស់សហគ្រាស សប្បុរសជនមកពីបណ្តាខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកនូវអំណោយ គ្រឿងឧបភោគ បរិភោគ ជូនកងទ័ពដែលឈរជើងនៅតាមបណ្ដោយព្រំដែន ខេត្តឧត្តរមានជ័យ។

នាឱកាសនោះ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្ត ក៏ដូចជាក្រុមការងារ បានថ្លែងអំណរគុណទៅដល់ កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅក្នុងតំបន់ប្រាសាទតាមាន់ ដែលរងការឈ្លានពានពីភាគីថៃចង់បានប្រាសាទធ្វើជារបស់ខ្លួន។

‎ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ក៏បានបញ្ជាក់ថា កងទ័ពគឺជាខឿន ដ៏រឹងមាំការពារសុខសន្តិភាព ការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវ ដែលចង់លេបត្របាក់ទឹកដីកម្ពុជា។ លោកបន្តថា ជាការចូលរួមចំណែកលោក ព្រមទាំងក្រុមការងារ ក៏ដូចជាសប្បុរសជន ចំណាយថវិកានាំយកនូវអំណោយទាំងអស់នេះដើម្បីផ្តល់ជូនកងទ័ពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃកម្ពុជា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្នើរជើងលេខ៤២ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបាននាំយកនូវស្បៀងជូនដល់កងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ពិសេសនៅតំបន់ប្រាសាទតាមាន់។ លោកបានបញ្ជាក់ថា ការចូលរួមនេះគឺជាទឹកចិត្តយ៉ាងធំធេង ក្នុងការផ្ដល់នូវកម្លាំងចិត្តមួយដល់កងទ័ព និងប្តេជ្ញាការពារបូរណភាពទឹកដីការពារប្រាសាទដូនតា ខ្មែរមិនឱ្យសត្រូវឈ្លានពានប្រាសាទនេះបានឡើយ។

សូមបញ្ជាក់ថា សម្ភារៈប្រគល់ជូនកងទ័ពជួរមុខប្រាសាទតាមាន់ រួមមាន អង្ករ៦០០គីឡូក្រាម, ទឹកស៊ីអ៊ីវ៥០យួរ, ទឹកត្រី ៥០យួរ, សៀង ៣០គីឡូក្រាម, ទឹកបរិសុទ្ធ ១០០យួរ,អាវភ្លៀង ៣១០អាវ និងគ្រឿង ឧបភោគ បរិភោគ មួយចំនួនធំ សរុបថវិកា ១៣,៥៥៧,៣៨១រៀល និង៣៨៣ដុល្លារ។

ទន្ទឹមនឹងនេះ ក្រុមការងារ បានបន្តដំណើរនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនកងកម្លាំងជួរមុខ វរសេនាតូចនគរបាលការពារព្រំដែនគោក ៧០២ ស្ថិតនៅភូមិគោកសង្កើច ឃុំគោកមន ស្រុកបន្ទាយអំបិល​ ចំណុះស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យផងដែរ៕