(ចិន)៖ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) និង សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) ក្រោមការដឹកនាំរបស់លោក អ៊ុំ វុទ្ធទី ដែលជាជំនួយការ សម្តេចតេជោប្រធានព្រឹទ្ធសភា និងសហការី បានបន្តបេសកកម្មរបស់ខ្លួន ក្នុងការជ្រើសរើស និងចាត់តាំងយុវជនចំនួន១៩៤រូប (ចំនួន ៣១ គណៈប្រតិភូយុវជនកម្ពុជា) ដោយគិតពីឆ្នាំ២០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៥ ACSC និង CCYA ចូលរួមសិក្ខាសាលាដល់ផ្ទាល់ នៅតាមបណ្តាទីក្រុង/ខេត្ត នៃប្រទេសចិន ក្នុងប្រធានបទ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, បច្ចេកវិទ្យា, កសិកម្ម, ភាពជាអ្នកដឹកនាំយុវជនវ័យក្មេង, វេជ្ជសាស្ត្រ, យុវជនអាស៊ាន, ទីផ្សារផលិតផល, ការគ្រប់គ្រប់រដ្ឋបាល, ការដោះស្រាយគ្រោះមហន្តរាយ, ការគ្រប់គ្រង់ហរិញ្ញវត្ថុ រួមទាំងប្រធានបទផ្សេងៗទៀត ព្រមទាំងសិក្ខាសាលាតាមអនឡាញ ជាច្រើនប្រធានបទទៀត។

យុវជនទាំងនោះ មានសមាសភាពជាមន្ត្រីរាជការ, កងកម្លាំង, និស្សិត, បុគ្គលិកក្រុមហ៊ុន/អង្កការ/សមាគម, គ្រូបង្រៀន និងគ្រូពេទ្យ។

លោក អ៊ុំ វុទ្ធទី ជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ACSC និងប្រធានសមាគម CCYA បានបន្តទៀតថា កិច្ចការសមាគម គឺជាកិច្ចស្ម័គ្រចិត្ត ដែលចេញពីស្មារតីរួបគ្នា និងការសាមគ្គីភាព បានកសាងបានជាកម្លាំងមួយដ៏រឹងមាំ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការពង្រឹង និងពង្រីកមូលធនមនុស្ស ដែលស្ថិតនៅមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបន្តទៀតថា សមាគមក៏ទទួលបានគាំទ្រពីសំណាក់សម្តេចតេជា ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត ជាពិសេស ពីសំណាក់ស្ថានទូតចិនប្រចាំកម្ពុជា។

កញ្ញា ហោ រស្មី អនុប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជាចិន បានឱ្យដឹងថា សិក្ខាសាលាបណ្តុះបណ្តាលដែល ឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពុជា មិនត្រឹមតែផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការសិក្សាចំណេះដឹង និងកសាងសមត្ថភាពជាប្រព័ន្ធ ក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា កសិកម្ម និងភាពជាអ្នកដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកការយល់ដឹង ជាអន្តរជាតិ ដល់សិក្ខាកាមកម្ពុជាយ៉ាងទូលំទូលាយផងដែរ។

តាមរយៈការចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ យុវជនកម្ពុជាមិនត្រឹមតែទទួលបាន ការពង្រឹងសមត្ថភាពវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវឧត្តមានុវត្តន៍អំពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទាំងក្នុងប្រទេស និងក្នុងតំបន់ផងដែរ។

សិក្ខាសាលាបណ្តុះបណ្តាលទាំងនេះ បាននិងកំពុងចូលរួមចំណែកក្នុងការអនុវត្តគោលដៅ នៃការអភិវឌ្ឍនធនធានមនុស្សស្របតាម យុទ្ធសាស្ត្របញ្ចុកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនកម្ពុជា ក្នុងការចូលរួមកសាងប្រទេសជាតិនាពេលអនាគត។

លោក ញិល សូវៀត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ACSC និងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា បានឱ្យដឹងថា សិក្ខាសាលាបណ្តុះបណ្តាល ដែលឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន តាមរយៈការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា មានរយៈ១៤ ថ្ងៃ និង ២១ថ្ងៃអាស្រ័យលើប្រធានបទ។
សិក្ខាកាមដែលបានចូលរួម មិនតម្រូវចំណាយអ្វីឡើយ ដោយទទួលភាគីចិនជាអ្នកទទួលបន្ទុក រួមមាន៖ សំបុត្រយន្តហោះទាំងទៅទាំងមក, វីសា, ស្នាក់នៅ និងមានប្រាក់ឧបត្ថម្ភ ជាពិសេសមានដំណើរទស្សកិច្ច ១ ឬ២ នៅតាមបណ្តាទីក្រុងផ្សេងៗផងដែរ។

លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិត ACSC និងជាអនុប្រធានសមាគមCCYA បានឱ្យដឹងថា សិក្ខាកាមដែលចូលរួម តែងតែទទួលបានការណែនាំមុនពេលចូលរួម ព្រមទាំងធ្វើរបាយការណ៍ជាប្រចាំថ្ងៃ និងរបាយការណ៍បញ្ចប់ ព្រមទាំងចងក្រងជាវីដេអូឯកសារ ដើម្បីចែករំលែកតាមបណ្តាញសង្គម ជូនយុវជននិស្សិតផ្សេងៗទៀត ធ្វើការសិក្សាស្វែងយល់។

លោកប្រធានសមាគម បានបន្តថា សមាគមទាំងពីរ បានធ្វើការជ្រើសរើសយុវជនចូលរួមសិក្ខាសាលា ជារៀងរាល់ខែ មានទាំងផ្ទាល់ និងអនឡាញ។

យុវជន-និស្សិត អាចស្វែងរកឱកាសសិក្ខាសាលា ក៏ដូចជាអាហារូបករណ៍ តាមរយៈAPPឈ្មោះថា ACSC និងWebsite របស់សមាគម៖ www.acsc.org.kh ព្រមទាំងPage Facebook សមាគមនិស្សិត : ACSC_Association of Cambodian Student in China និងPage Facebookសមាគមយុវជន៖ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន柬中青年交流协会 រួមទាំងTikTok៖ ACSC_CAMBODIA ផងដែរ។

លោកបណ្ឌិត សៅ គឹមហួត ទីប្រឹក្សាសមាគមទំនាក់ទំនងយុវជនកម្ពុជាចិន ដែលជាអតីតសិក្ខាកាម បានលើកឡើងថា សិក្ខាកាមដែលបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល នៅតាមបណ្តាទីក្រុងខេត្តល្បីៗនៃប្រទេសចិនទាំងអស់ សុទ្ធតែមានក្តីរំភើបសប្បាយចិត្តរីករាយយ៉ាងខ្លាំង ពីព្រោះសិក្ខាកាមមុនបានចូលរួម សិក្ខាសាលានីមួយៗ ត្រូវឆ្លងកាត់ការជ្រើសរើស ជម្រុះយ៉ាងម៉ត់ចត់ និងការសម្ភាសន៍ដោយផ្ទាល់ នៅសមាគមយ៉ាងសុក្រិតភាព និងតឹងរឹងប្រកបដោយបន្លាភាព ចម្រាញ់យកសិក្ខាកាម ដែលមានសមត្ថភាពភាសាបរទេស វិជ្ជាជីវៈជំនាញតាមវិស័យនីមួយៗ ស្របតាមប្រធានបទសិក្ខាសាលាផងដែរ៕