(កំពង់ស្ពឺ)៖ ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោកស្រី លៀង ស្រីម៉ុល រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្រ្តី ជា សុមេធី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី៖ «កាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជីកាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ»។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច, លោកស្រី ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ លោក លោកស្រី ថ្នាក់ដឹកនាំនាយកដ្ឋានសុខុមាលភាពជនពិការ តំណាង ម.ជ.ព, ថ្នាក់ដឹកនាំមន្ទីរ ស.អ.យ. ខេត្ត តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តំណាងសមាគម (TAFTAC) តំណាងសមាគម (CFA) តំណាងសមាគមផលិតផលធ្វើដំណើ និងស្បែកនៅកម្ពុជា (CTLA) និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជន ចូលរួមសរុបចំនួនប្រមាណ១០០នាក់ ប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ស្ពឺ។
នៅក្នុងសិក្ខាសាលានេះ លោកស្រី ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស សរុបចំនួន១,៤៤២កន្លែង មានកម្មករនិយោជិត សរុបប្រមាណ ២៥៣,៩៤៦នាក់ បម្រើការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប និងគ្រឹះស្ថានផ្សេងៗ និងមានរោងចក្រ សហគ្រាស ចំនួន៥១១ ដែលមាននិយោជិតចាប់ពី១០០នាក់។
ក្នុងឱកាសនោះ តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី លៀង ស្រីម៉ុល បានផ្តល់នូវអនុសាសន៍មួយចំនួន ៦ចំណុចដើម្បីជម្រុញម្ចាស់អាជីវកម្ម ដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើង ផ្ដល់ឱកាសការងារដល់ជនដែលមានពិការភាពដូចតទៅ៖
១៖ ស្នើគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជនទាំងអស់បន្តចូលរួមក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
២៖ ស្នើដល់គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន បំពេញកាតព្វកិច្ចចុះបញ្ជិកា និងបន្តសុពលភាពវិញ្ញាបនបត្រ ជាមួយក្រសួង ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
៣៖ គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ត្រូវរៀបចំផែនការ និងជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបានគ្រប់អត្រាកំណត់នៃច្បាប់១%។
៤៖ ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិត ដែលមានពិការភាព ទៅសម្ភាសអត្តសញ្ញាណកម្មពិការភាព នៅតាមឃុំ/សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា។
៥៖ រៀបចំ ឬកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ និងផាសុកសមរ្យ) សម្រាប់ជនមានពិការភាព នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានសមស្រប។
៦៖ ផ្តល់ការលើកទឹកចិត្តសមស្រប៕