(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកែប ដើម្បីផ្សព្វផ្សាយបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក សមត្ថកិច្ច និងមន្ទីរដែលពាក់ព័ន្ធ រួមគ្នាអនុវត្តយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រឹងប្រែងអស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់ ដោយត្រូវទប់ស្កាត់ មិនឱ្យកើតមានទីតាំងប្រើប្រាស់ ដើម្បីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកែប ជាដាច់ខាត។
លោកបន្តថា បច្ចុប្បន្ននេះ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែងដល់សន្តិសុខក្នុងពិភពលោក និងតំបន់ ក្នុងនោះក៏មានក្រុមឧក្រិដ្ឋជនបរទេសខិលខូចបានជ្រៀត ចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
លោក សោម ពិសិដ្ឋ បញ្ជាក់ថា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានដាក់ចេញបទ បញ្ជាដល់ អភិបាលក្រុងស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងស្នងការនគរបាលក្រុងស្រុក ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ សូមតាមដាននូវរាល់សកម្មភាពរបស់ជនបរទេសទាំងឡាយណាចូលមកជួលផ្ទះ និងសំណង់អគារផ្សេងៗ ក្នុងទឹកដីខេត្តកែប ព្រមទាំងពិនិត្យលើវត្តមានជនបរទេស ដែលកំពុងតែស្នាក់នៅ ឬធ្វើការងារនៅក្នុងមូលដ្ឋាន។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ទៀតថា ប្រសិនបើ ករណីមានការសង្ស័យ សូមរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចុះសិក្សាស្រាវជ្រាវកំណត់មុខសញ្ញាទាំងនេះ ឱ្យបានទាន់ពេលវេលា៕