(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរដែនដី មេភូមិ អនុប្រធានភូមិ ជំនួយការភូមិ ត្រូវយកចិត្តដាក់ពីសុខទុក្ខរបស់កម្មករ ដែលធ្វើការនៅក្នុងមូលដ្ឋាន ដោយចាត់ទុក្ខពួកគាត់ជាសាច់ឈាមរបស់យើង ដូចកូនក្មួយរបស់យើង ដែលទៅធ្វើការងារឆ្ងាយ ដើម្បីរកលុយចិញ្ចឹមគ្រួសារ។

លោក ឃួង ស្រេង បានបន្តថា នៅពេលគាត់មកដល់ភូមិយើង សង្កាត់យើង យើងត្រូវមើលការខុសត្រូវគាត់ ដូចជាកូនក្មួយបង្កើតរបស់យើង ទើបយើងអាចទទួលបាននូវការគាំទ្រ។ បងប្អូនកម្មករទាំងនោះ ថ្វីត្បិតតែមិនបោះឆ្នោតនៅកន្លែងនេះ ប៉ុន្តែ បងប្អូនកម្មករទាំងនោះ នឹងនាំពាក្យទាំងនេះនាំនូវគុណធម៌របស់យើងដែលបានជួយមើលថែទាំ ទំនុកបម្រុងគាត់ ទៅនិយាយប្រាប់ម្តាយ ឪពុកគាត់ថា ប្រធានភូមិឥឡូវល្អណាស់ មិនដូចគេថាទេ អនុប្រធានភូមិល្អណាស់ ចៅសង្កាត់គិតគូរយើងណាស់ ទទួលខុសត្រូវយើងណាស់ ទាំងសន្តិសុខ ទាំងបរិស្ថាន រាប់ទាំងស្បៀងអាហារ នៅពេលយើងខ្វះខាតផ្នែកជីវភាព។

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនាល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ ស្ទឹងមានជ័យទី៣ ដោយមានការចូលរួមពីលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។

ក្នុងឱកាសនោះប្រធានភូមិទាំង៦ និងលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ បានរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសំរេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការថ្លែងនូវការអរគុណ ចំពោះប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានជួយកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើន នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣នេះ ពិសេសគឺការស្ថាបនាប្រព័ន្ឋលូ ប្រឡាយមេ រំដោះទឹក និងផ្លូវជាដើម។

បន្ថែមពីនេះ ប្រធានភូមិ និងលោកចៅសង្កាត់ ក៏បានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយឱ្យបានទាន់ពេលវេលា។ ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការកសាងសមាជិកបក្សឱ្យបានសម្រេចទៅតាមផែនការ ដើម្បីឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ ចំពោះសមាជិក សមាជិកាបក្ស គ្រប់ពេលវេលា គ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះរហូត ក្នុងការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺមានអំណាចក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ជាមួយនិងការរក្សាបានសន្តិភាពពេញផ្ទៃប្រទេស និងមានមហិច្ចតាចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ កូនកើតមកមានប្រាក់ខែ ដែលនេះជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោក។ តែប្រទេសក្បែរខាងយើង គេមិនសប្បាយចិត្តជាមួយយើងដែលអភិវឌ្ឍប្រទេស ក្លាយជាប្រទេសអ្នកមាននោះទេ ពួកគេតែងបង្កបង្កើតជម្លោះជានិច្ច។ តែសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តយ៉ាងមុតមាំហើយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាត។

លោក ឃួង ស្រេង បានបន្ថែមថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជន ត្រូវខិតខំបន្តបំរើប្រជាពលរដ្ឋ ក៏ដូចកម្មករដែលធ្វើការឆ្ងាយ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹមចលនាប្រជាពលរដ្ឋ ក៏ដូចកម្មករ បើពួកគាត់ខ្វះខាត ត្រូវជួយឧបត្ថមភ្លាម ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋ កម្មករទេ ប្រជាការពាររបស់យើង ពួកគាត់ក៏មិនធូរធារដែរ ដូច្នេះត្រូវគិតគូរឧបត្ថមពួកគាត់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានត្រួសត្រាយអស់ហើយ នៅតែយើងទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រើសើរ ទៅតាមការដឹកនាំ ចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ។

លោក ឃួង ស្រេង បានបន្តថា សាមគ្គីភាពផ្ទៃក្នុងបក្ស គឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែល្អប្រសើរ៕