សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកស្រី ស្វាយ ណេង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ
17-07-2025 11:16
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកស្រី ស្វាយ ណេង និងក្រុមគ្រួសារ ចំពោះនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ។
ក្នុងសារលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ផ្ញើជូនលោកស្រី ស្វាយ ណេង និងក្រុមគ្រួសារ មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោកស្តាយ និងក្រៀមក្រំជាទីបំផុត ដោយបានទទួលដំណឹងមរណភាពរបស់ នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលត្រូវជាស្វាមីរបស់លោកជំទាវ នៅថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០៖០៥នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ នាយឧត្តមសេនីយ៍ គឺពិតជាការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គធម៌ ជាពិសេសគឺជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកដ៏ធំធេងក្នុងការធ្វើចលនាដឹកនាំមេខ្មែរក្រហមនៅភូមិភាគពាយ័ព្យផ្តាច់ខ្លួន ដើម្បីធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យក្រោម នយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ប្រជាជនបានរស់នៅសុខដុមរមនា និងសម្បូរសប្បាយក្រោមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងកងទ័ពតែមួយ។
យើងខ្ញុំសូមចងចាំនូវគំរូវីរភាព និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ នាយឧត្តមសេនីយ៍ សុខ ភាព និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ នាយឧត្តមសេនីយ៍ សុខ ភាព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕