បណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាជូនវីរកងទ័ពជួរមុខឈរជេីងប្រចាំទិសទី១ យោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ

17-07-2025 13:58

(បន្ទាយមានជ័យ)៖ បណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកស្រី សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន ព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួនជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជេីងប្រចាំទិសទី១ យោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ។

ក្នុងកម្មវិធីនោះបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមគាំទ្រសកម្មភាពនេះរួមមាន លោក យ៉ាង គីមហ៊ុយ ទីប្រឹក្សាសម្តេចតេជោ និងក្រុមគ្រួសារ លោក សង្វាត សិលា និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ ដូចជា ក្រុម SMB លោក Edbert cristianto លោក Even Felregie សំណង់ INCA ក្រុមមេហ្គា លោក Johan sanjaya លោក Robet លោក អ៊ីបេ Brahim លោក Jansen tiawan ក្រុម HARITO លោក Ferdian លោក ម៉ុត ដារ៉ា និងក្រុមគ្រួសារ លោក ឌៀង សារ៉ាន់ ជំនួយការសម្តេចធិបតី នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ លោក មាស សុកែវ និងក្រុមគ្រួសារ លោក គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមាន័យនិងក្រុមគ្រួសារ លោក រ៉េត រ៉ន ប្រធានយុវជនស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ លោក ខុន បញ្ចសិទ្ធិ និងក្រុមគ្រួសារ លោក ជា គឹម សុង និងក្រុមគ្រួសារ លោក សុខ សែន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារជាច្រេីនរូបទៀត ។

នៅក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់បណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកស្រី សេក សេរីរតនា ប៉ាន់ខែម ប៊ុនថន ព្រមទាំងក្រុមការងារ ដែលបានឆ្លៀតពេលនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចុះមកសួរសុខទុក្ខកងទ័ពជួរមុខដោយផ្ទាល់ នាពេលនេះ។ តាមរយៈសកម្មភាពនេះគឺការលេីកកម្លាំងចិត្តដ៏សំខាន់សម្រាប់កងទ័ពជួរមុខដែលកំពុងឈរជេីងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយេីង ដែលកម្លាំងជួរមុខនៅទីនេះអនុវត្តតាមបទបញ្ជាបានយ៉ាងម៉ឺងម៉ាត់ គឺការពារឱ្យខាងបាននូវទីតាំងភូមិសាស្ត្រ ដោយមិនពង្រីកសមរភូមិ។

ថ្លែងទៅកាន់វីរកងទ័ពជួរមុខ បណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់វីរកងទ័ពជួរមុខដែលកំពុងឈរជេីងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយេីងទាំងអស់ ។

ជាមួយគ្នានេះលោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថាក្នុងនាមលោក និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលនៅសមរភូមិក្រោយសូមថ្លែងការគោរពអរគុណ និងដឹងគុណជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពជួរមុខទាំងអស់គ្នា ហេីយអ្នកនៅសមរភូមិក្រោយគឺបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពារខឿនសន្តិសុខជាតិ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងគ្រប់ពេលវេលាដល់វីរកងទ័ពជួរមុខ ដេីម្បីរួមគ្នា ការអធិបតេយ្យភាព ជាតិ និងបូរភាពទឹកដីព្រះរាជាណាចក្រកម្ពុជាយេីងឱ្យខាងតែបាន៕