កម្ពុជាប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម
17-07-2025 14:40
(កណ្តាល)៖ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ ក្នុងភូមិសាស្រ្តខេត្តកណ្តាល។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក មុំ សុភាព មេបញ្ជាការរង តំណាងឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ចការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេ, ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និង លោក តាំង ម៉េងលាន អភិបាលរង តំណាង លោក គួច ចំរើន អភិបាល ខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃ៍គណៈកម្មការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈប្រតិភូភាគីមិត្ត និងក្រុមលេខាធិការដ្ឋានជាច្រើនរូប។
លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានលើកឡើងថា ក្នុងជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ ក្រុមK90 សហការជាមួយកម្លាំងយោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកណ្តាល និងជំនាញការវៀតណាមចុះរុករក ជីកលើកអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តក្នុងភូមិសាស្រ្តខេត្តកណ្តាល ដែលបានពលីជីវិតក្នុងដំណាក់កាលសង្រ្គាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកណ្តាល ទទួលបានសរុបចំនួន ១៩អដ្ឋិធាតុ។
លោកគូសបញ្ជាក់បន្ថែមថា កិច្ចសហការរុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចុះរុករក (រវាងគណៈចង្អុលការ១២៣៧) គណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ជាមួយគណៈកម្មការជំនាញខេត្តកណ្តាល បានចាប់ផ្តើម ឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន មានចំនួន ២៤ លើក សម្រេចលទ្ធផលបាន ចំនួន ១,២៨៥ អដ្ឋិធាតុ ។
លោកឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានសហការរុករកជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ទទួលបានលទ្ធផលនាពេលនេះ។
លោក តាំង ម៉េងលាង លើកឡើងថា ប្រវត្តិសាស្ត្របានចារទុក កម្ពុជា-វៀតណាម គឺជាអ្នកជិតខាងដ៏ល្អ មានចំណងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាប្រពៃណីដ៏ល្អផូរផង់ រួមសហការលើគ្រប់វិស័យ ធ្លាប់មានប្រវត្តិកៀកស្មា តស៊ូប្រយុទ្ធជាមួយសត្រូវរួម ធ្លាប់ជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុទាមទារ រំដោះជាតិមាតុភូមិ។
លោកបន្តថា ក្រោមការដឹកនាំរបស់ស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចាត់ទុកចំណងទំនាក់ទំនង រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម គឺជាចំណងទំនាក់ទំនងពិសេសដែលមិនអាចកាត់ផ្តាច់បាន។ ជាពិសេសទៀតនោះ ដំណើរបំពេញ ទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាកន្លងទៅ បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីករឹតបន្តឹង ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឱ្យកាន់តែជិតស្និទ្ធរឹងមាំថែមទៀត។
លោកបន្តថា ក្នុងនាមជាអ្នកជំនាន់ក្រោយ កំពុងរស់នៅក្រោមដំបូលនៃសុខសន្តិភាព គឺដោយការលះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់យុទ្ធមិត្ត ដែលបានជួយរំដោះជាតិមាតុភូមិពីគ្រប់បណ្តា សម័យសង្គ្រាម។ យើងទាំងអស់គ្នាត្រូវខិតខំពូនជ្រុំ រក្សានូវចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី ដ៏ល្អផូរផង់ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំស្ថិតស្ថេរយូរ អង្វែង។
ក្នុងនាមលោកអភិបាលខេត្ត, លោក តាំង ម៉េងលាន បានថ្លែងនូវការកោតសរសើរ និងសង្ឃឹមយ៉ាងមុតមាំ ចំពោះក្រុមការងារនៅតែបន្តសហការយ៉ាងជិតស្និត ការអនុវត្តភារកិច្ចស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីនៅក្នុងសម័យសង្រ្គាម នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។ លោកសង្ឃឹមយ៉ាងមុតមាំថា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញខេត្តកណ្តាល និងក្រុមK៩០ យោធភូមិភាគ៩ នៃកងទ័ពប្រជាជនវៀតណាម នៅតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែង សហការយ៉ាងជិតស្និតក្នុងភារកិច្ច រុករក ជីកលើក អដ្ឋិធាតុកងទ័ព និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យបន្ថែមទៀត៕