ក្រសួងការងារ រៀបចំវគ្គបណ្ដុះបណ្ដាលអំពីសុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស គ្រឹះស្ថាន និងអង្គការចំនួន១០ ដើម្បីពង្រឹងសមត្ថភាពកម្មករនិយោជិត ប្រតិភូបុគ្គលិក និងសហជីព

17-07-2025 15:10

(ភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយស្ដីពី សុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស គ្រឹះស្ថាន និងអង្គការចំនួន ១០ដែលមានសិក្ខាកាមចូលរួមចំនួន ២៤៨នាក់ (ស្រ្តី១១៣នាក់) នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុចាប់ពីចុងខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញ នៃនាយកដ្ឋានពេទ្យការងារបានធ្វើបទបង្ហាញ ដើម្បីផ្សព្វផ្សាយ ណែនាំ និងបង្កើនចំណេះដឹងដល់សហគ្រាស គ្រឹះស្ថាន លើមេរៀនសំខាន់ៗរួមមាន ការសង្គ្រោះបឋម ការលើកដាក់ទម្ងន់ សុវត្ថិភាពអគ្គិភ័យ ការទុកដាក់សារធាតុគីមី ឥរិយាបទបំពេញការងារ ការទប់ស្កាត់មេរោគអេដស៍ និងបញ្ហាគ្រឿងញៀន។

សូមជម្រាបដែរថា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺចូលរួមផ្តល់ចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងវិស័យសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ក៏ដូចជាពង្រឹងវិសាលភាពក្នុងការបង្ការ និងទប់ស្កាត់រាល់គ្រោះថ្នាក់ការងារដល់ប្រតិភូបុគ្គលិក កម្មករនិយោជិត ជាពិសេស អាចជួយអាយុជីវិតផ្ទាល់ខ្លួន និងមិត្តភក្តិរួមការងារនៅកន្លែងធ្វើការ ដោយប្រើវិធីសាស្ត្រត្រឹមត្រូវទាន់ពេលវេលា និងមិនបង្កភាពស្លន់ស្លោនៅក្នុងគ្រាអាសន្ន ដែលអាចកើតមានឡើងជាយថាហេតុ៕