(កំពង់ស្ពឺ)៖ កងអនុសេនាធំថ្មើរជើងប្រឆាំងភេរវកម្ម នៃកងពលតូចលេខ៧០ បានចាប់ផ្តើមការហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតហើយ ដើម្បីត្រៀមចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត ថ្នាក់វរៈសេនាតូច នៅពេលឆាប់ៗខាងមុខនេះ។
ការចាប់ផ្តើមហ្វឹកហ្វឺននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ នៅតំបន់ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព មេបញ្ជាការរងកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ ទោ ឈឿន កុសលវីរៈ ដែលអញ្ជើញបើកវគ្គហ្វឹកហ្វឺន លំហាត់បាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំថ្មើរជើងគ្រឿងយន្ត ចល័ត វាយសង្គ្រប់។
ថ្លែងក្នុងពិធីបើកនោះ នាយសេនាធិការរង ទទួលការងារហ្វឹកហ្វឺន នៃកងពលតូចលេខ៧០ បានបញ្ជាក់ថា ការហ្វឺកហាត់នេះ គឺមានទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែង នៅលើទីលាន និងមានការចូលរួមពីវរសេនាតូចទ័ពពិសេស ប្រឆាំងភេរវកម្ម និងវរសេនាតូចលេខ៥។ លោកបញ្ជាក់ថា ខ្លឹមសារមេរៀន គឺមានផ្នែកទ័ពថ្មើរជើង និងផ្នែករថពាសដែក។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន កុសលវីរៈ បានជម្រុញឲ្យសិក្ខាកាមប្រឹងប្រែងរៀនសូត្រ ដើម្បីយកសិក្ខាកាមពូកែ ចូលរូមសមយុទ្ធបាញ់គ្រាប់ពិត នៅសាលាហ្វឺកហ្វឺនតេជោសែនជុំគីរី ខេត្តកំពតនាពេលខាងមុខនេះ តាមសច្ចាប័នអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៕