(ភ្នំពេញ)៖ អបអរសាទរលោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តាមការទូលថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ តាមរយៈតួនាទីនេះជាការផ្តល់ឱកាសមួយសម្រាប់លោក សួន សេរីរដ្ឋា បានបម្រើរាជរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិផងដែរ។
លោក សួន សេរីរដ្ឋា អតីតប្រធានចលនាអំណាចពលរដ្ឋខ្មែរ ធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជាប្រាក់ ២៥លានរៀល ពាក់ព័ន្ធពីបទរួមគំនិតក្បត់ជាតិ រួមនឹងសមាជិកចលនានេះ ៣នាក់ផ្សេងទៀត។ ព្រោះតែអំណាចសាលក្រមនេះ ធ្វើឱ្យលោកត្រូវនិរទេសនៅក្រៅប្រទេសអស់ជាច្រើនឆ្នាំ។
រហូតដល់ខែឧសភា ឆ្នាំ២០១៥ លោកក៏ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ហើយលោកក៏បានវិលត្រឡប់ចូលមកប្រទេសវិញធ្វើសកម្មភាពនយោបាយ តាមរយៈគណបក្សអំណាចខ្មែរ។
លុះដល់ឆ្នាំ២០១៧ លោកត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជាថ្មី បន្ទាប់លោកបានចេញសាររិះគន់សម្តេចតេជោ ហ៊ុន សែន និងកងទ័ពកម្ពុជា ក្នុងជម្លោះព្រំដែនជាមួយឡាវ ក្នុងខេត្តស្ទឹងត្រែង។ សាររិះគន់នេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររូបលោក រយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ក្រោមការចោទប្រកាន់ពីប្រមាថធ្ងន់ធ្ងរលើកងទ័ពកម្ពុជា។
លុះក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រប្រោសប្រទានលើកលែងទោស តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន។
តាមខ្ញុំចាំលោក សួន សេរីរដ្ឋា គឺអ្នកធ្វើនយោបាយប្រឆាំងដ៏ផ្តាច់ផ្តិលមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលរបស់សម្តេច បានក្លាយទៅជាផ្ទាំងស៊ីបមួយក្នុងការវាយប្រហាររបស់ សួន សិរីរដ្ឋា ជាមួយវោហារស័ព្ទ និងពាក្យពេចន៍ធ្ងន់ៗជាច្រើនផងដែរ។
តែទីបំផុតអ្នកនយោបាយមាត់ដាច និងហ៊ានរិះគន់មិនសំចៃមាត់លើនាយករដ្ឋមន្ត្រីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្លាយទៅជាអ្នកបម្រើរាជរដ្ឋាភិបាលនេះវិញ។
លោក សួន សេរីរដ្ឋា មិនមែនជាអ្នកនយោបាយជំទាស់ទីមួយនោះទេ ដែលបានប្រែក្លាយខ្លួនពីអ្នករិះគន់ អ្នកជេរនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា មកជាអ្នកបម្រើរាជរដ្ឋាភិបាលកម្ពុជានោះ មានអ្នកនយោបាយច្រើនណាស់សុទ្ធតែទទួលបានក្តីសណ្តោសពីសម្តេចតេជោ ហ៊ុន សែន។
ក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន មានដៃគូប្រយុទ្ធលើសមរភូមិទាំងអាវុធ និងនយោបាយច្រើនណាស់។ តែទីបំផុតទៅទាំងអ្នកប្រយុទ្ធដោយអាវុធ និងនយោបាយយ៉ាងច្រើនលើសលុបសុទ្ធតែទទួលបានកាសសណ្តោស ហើយប្រែក្លាយពីសត្រូវ មកជាបម្រើ និងរួមរស់ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ជម្លោះក្នុងសង្គមនយោបាយខ្មែរបើតាមប្រវត្តិសាស្ត្រមិនមែនទើបកើតមានក្នុងសម័យសម្តេចតេជោ ហ៊ុន សែន គ្រប់គ្រងប្រទេសនោះទេ គឺកើតមានរាប់រយ រាប់ពាន់ឆ្នាំមកហើយ។ ជម្លោះនោះមិនសូវជាសះជានឹងគ្នានោះឡើយ ព្រោះថាក្នុងជម្លោះនោះ មិនសូវជាបានប្រើធម៌មេត្តា និងសណ្តោសប្រណីឱ្យគ្នានោះឡើយ។ មានតែការស្លាប់សម្រាប់អ្នកចាញ់ ហើយអ្នកឈ្នះទើបអាចរស់បាន ដូច្នេះសង្គមខ្មែរក៏មានតែការបែកបាក់ជាហូរហែមក។
តែគិតចាប់តាំងពីឆ្នាំ១៩៧៩មក សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកជាមេដឹកនាំជំនាន់ថ្មីរបស់ខ្មែរមួយរូប ដែលប្រើគុណធម៌ជីវិតខ្ពស់ ប្រើធម៌មេត្តា និងសណ្តោសប្រពៃណីខ្ពស់សម្រាប់គូសត្រូវ។ ព្រោះគុណធម៌ជីវិត ព្រោះតែធម៌មេត្តាក្នុងជីវិតនេះហើយ ទើបធ្វើឱ្យមេដឹកនាំរូបនេះ តែងផ្តល់ក្តីសណ្តោសគ្រប់សត្រូវឱ្យមករួមរស់ជាមួយខ្លួន ទោះអ្នកទាំងនោះធ្លាប់ជេរប្រមាថធ្ងន់ធ្ងរលើខ្លួនយ៉ាងណាក៏ដោយនោះ។
ហើយក៏ប្រហែលការប្រកាន់យកធម៌អហិង្សា ធម៌មេត្តារបស់មេដឹកនាំរូបនេះដែរហើយ ទើបអាចធ្វើឱ្យខ្មែរបញ្ចប់នូវការបែបបាក់ ហើយអាចស្វែងរកការរួបរួមក្នុងជាតិកម្ពុជា ជាប្រវត្តិសាស្ត្រក្នុងយុគ្គសម័យថ្មី ចាប់តាំងពីក្រោយការបែកបាក់អង្គរក្នុងអំឡុងឆ្នាំ១២៩៦មកនោះ៕
ដោយ៖ អ្នកជាយក្រុង