(ភ្នំពេញ)៖ ពាក្យថា « ខ្មែរក្រទៅក្រទៅ» នរណាក៏ធ្លាប់ស្តាប់លឺពាក្យនេះដែរ ហើយដល់ស្តាប់យូរទៅ ហើយថែមទាំងឃើញឡានលុចស៊ីស រ៉ូលរ៉យ ជិះពេញផ្លូវនៅក្រុងភ្នំពេញ ទន្ទឹមគ្នានឹងអ្នកដើរសុំទាននៅតាមភ្លើងស្តុប យើងក៏ប្រហែលជាអាចនឹកភ្នកក្នុងចិត្តថា តិចដូចគេថាមែនទៅ។ តើយើងគួរជឿតាមគេថា ឬគួរជឿតាមអារម្មណ៍ ដោយគ្មានការពិចារណាឬយ៉ាងណា?
ប្រាកដជាអត់ហើយ។ បើដូច្នេះ តើយើងមានអំណះអំណាង ឬសូចនាករអ្វីដើម្បីធ្វើជាមូលដ្ឋានវាស់វែងភាពមានក្រ និងដើម្បីវែកញែក ដោយសត្យានុម័តទៅលើសំណួរខាងលើនេះ?
ឥឡូវយើងពិភាក្សា និងពិចារណាលើបញ្ហានេះទាំងអស់គ្នា។
ដំបូង យើងយកតួលេខវិទ្យាសាស្ត្រមកពិនិត្យ។ ដើម្បីដឹងថាប្រទេសមួយក្រ ឬមាន ជាទូទៅគឺគេពិនិត្យមើលលើអត្រាភាពក្រីក្រ ពោលគឺភាគរយនៃចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់ក្រីក្រ ដែលមានចំណូលតិចជាង១,៩ដុល្លារក្នុងមួយថ្ងៃ។ សូចនាករមួយទៀតគឺការពិនិត្យមើលទំហំនៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស ឬ GDP) ឬចំណូលជាតិដុល (GNI) ក្នុងប្រជាជនម្នាក់ៗ។
តួលេខរបស់ធនាគារពិភពលោកបានបង្ហាញថា អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពី ពី ៥៣% ក្នុងឆ្នាំ២០០៤, មកនៅ ៤៧,៨% នៅឆ្នាំ២០០៧ និងមកនៅត្រឹម ១៣,៥%នៅឆ្នាំ២០១៤។ តួលេខនេះបានបន្តធ្លាក់ចុះនៅក្រោមកម្រិត ១០% នៅមុនពេលវិបត្តិជំងឺកូវីដ-១៩ វាយលុក។ ដើម្បីទប់កុំឱ្យពលរដ្ឋជាច្រើនធ្លាក់ក្នុងស្ថានភាពក្រីក្រសាជាថ្មី ដោយសារវិបត្តិជំងឺកូវីដ រាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ជាង៤០លានដុល្លារក្នុងមួយខែ ដើម្បីឧបត្ថម្ភជីវភាពដល់ក្រុមគ្រួសារក្រីក្រជាង ៧សែនគ្រួសារ ឬស្មើនឹងប្រជាជនជាង ៣លាននាក់។
យ៉ាងណាក្តី យោងតាមការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងសង្គម ថ្មីៗនេះ កម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រឡើងវិញ តាមរយៈការប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាថ្មីបំផុត ឆ្នាំ ២០១៩/២០២០ ហើយខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនៅកម្ពុជា បច្ចុប្បន្នគឺស្មើនឹង ១០.៩៥១ រៀល ឬស្មើនឹង ២,៧ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ ។ ជាមួយនឹងខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ ប្រហែល ១៨% នៃប្រជាជនកម្ពុជាត្រូវបានកំណត់ថាជាអ្នកក្រីក្រ។
បើគ្មានវិបត្តិកូវីដកើតឡើងទេ អត្រាភាពក្រីក្ររបស់កម្ពុជាគឺធ្លាក់ថយចុះជាលំដាប់ ដូច្នេះ ការនិយាយថា ខ្មែរក្រទៅក្រទៅគឺមិនត្រឹមត្រូវនោះទេ។ កំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យម ៧,៧% ក្នុងចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០១៩ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានកំណើនលឿនបំផុតមួយនៅក្នុងពិភពលោក និងបានចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។ ក្នុងចំណោម ៦៩ ប្រទេស ដែលមានទិន្នន័យអាចប្រៀបធៀបគ្នាបាន ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទីបួនលើការកាត់បន្ថយភាពក្រីក្រលឿនបំផុតក្នុងពិភពលោក។
ឥឡូវយើងពិនិត្យមើលតួលេខនៃចំណូលជាតិដុល (GNI) វិញម្តង។ យោងតាមតួលេខរបស់ធនាគារពិភពលោក GNI សម្រាប់ប្រជាជនម្នាក់ៗមានចំនួន ៤៧៣,៧ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០០០ ប៉ុន្តែតួលេខនេះបានកើនឡើងជាបន្តបន្ទាប់ដល់ ៨៥៣,៣ដុល្លារក្នុងឆ្នាំ២០១០, ១១៤០ដុល្លារក្នុងឆ្នាំ២០១៦ និងដល់ចំនួន ១៥៣០ដុល្លារក្នុងឆ្នាំ២០១៩។ ជាមួយនឹងកំណើននេះ ធនាគារពិភពលោកបានកំណត់ជាផ្លូវការថា កម្ពុជាបានចាកចេញពីប្រភេទប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៦។ ធនាគារពិភពលោកបានកំណត់និយមន័យថា ប្រទេសដែលមានចំណូលទាប គឺសំដៅលើប្រទេសដែលមាន GNI សម្រាប់ប្រជាជនម្នាក់ៗតិចជាង ១០២៥ដុល្លារ។
ជួនកាលពេលយើងនិយាយពីតួលេខ និងស្ថិតិ យើងអាចពិបាកយល់ដែរ ហើយការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច ពេលខ្លះយើងពិបាកនឹងស្វែងយល់ដឹង នៅពេលដែលយើងមើលតែអ្វីដែលឃើញចំពោះមុខ។ ការកើនឡើងកម្រិតសេដ្ឋកិច្ច និងជីវភាពប្រជាជន គឺត្រូវមើលប្រៀបធៀបថយក្រោយ ទើបយ៉ាងអាចដឹងបានថា យើងដើរបានប៉ុណ្ណា យើងបានរីកចម្រើនប៉ុណ្ណាហើយ។
ឥឡូវយើងមើលពីការសង្កេតទិដ្ឋភាពជាទូទៅវិញ ដោយមិនចាំបាច់ប្រើចំណេះដឹងសេដ្ឋកិច្ច។ និយាយដោយសាមញ្ញ បើសិនជាកម្ពុជាមានអត្រាភាពក្រីក្រធ្លាក់ចុះ នោះក៏បានន័យថា កម្ពុជាមានចំនួនអ្នកមានកើនឡើង ឬមានចំនួនអ្នកមានចំណូលមធ្យមកើនឡើងដែរ ប៉ុន្តែ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច យើងពុំទាន់មានសូចនាករសម្រាប់វាស់ទំហំនៃអ្នកដែលមានចំណូលមធ្យម ឬចំនួនអ្នកមាននោះឡើយ។
ប៉ុន្តែ យើងគួរតែអាចប៉ាន់ស្មានបានដោយប្រយោលដោយសង្កេតមើលពីទំហំប្រជាជនដែលរស់នៅក្នុងទីក្រុង ជាពិសេសទីក្រុងធំៗ ដូចជារាជធានីភ្នំពេញ។ នៅឆ្នាំ២០០៨ ភ្នំពេញមានប្រជាជន ១,៣លាន ហើយតួលេខនេះបានកើនឡើងគុណនឹងពីរនៅឆ្នាំ២០១៩ ដែលស្មើនឹង ២,២៨លាននាក់ ឬ១៤,៧% នៃប្រជាជនសរុប។ មិនមែនប្រជាជននៅទីក្រុងភ្នំពេញទាំងអស់សុទ្ធតែអ្នកមាន ឬអ្នកវណ្ណៈកណ្តាលទាំងអស់នោះទេ ប៉ុន្តែ បើសិនជាពួកគេមិនមានចំណូលក្នុងកម្រិតណាមួយ ពួកគេមិនអាចទ្រទ្រង់ជីវភាពរស់នៅក្នុងទីក្រុងបានឡើយ។ បើពួកគេមកពីខេត្តផ្សេងៗ ពួកគេត្រូវចំណាយលុយលើផ្ទះជួល ការសិក្សារៀនសូត្ររបស់កូន ថ្លៃសាំងឡានសាំងម៉ូតូសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការហូបចុក ដែលមានកម្រិតថ្លៃជាងនៅតាមជនបទ។ បើពួកគាត់ក្រទៅក្រទៅ ពួកគាត់ពិតជាមិនអាចផ្លាស់ប្តូរមកនៅភ្នំពេញបានឡើយ ហើយមានអ្នកខ្លះក៏ចាប់ផ្តើមបង់រំលស់ផ្ទះនៅភ្នំពេញថែមទៀតផង។ យើងអាចនិយាយបានដូចគ្នាជាមួយនឹងប្រជាជននៅខេត្ត និងទីក្រុងសេដ្ឋកិច្ចធំៗ ដូចជានៅខេត្តកណ្តាល ក្រុងសៀមរាប និងក្រុងព្រះសីហនុ ដែលមានកម្លាំងសេដ្ឋកិច្ចខ្លាំង និងបានដើរតួនាទីជាដែកឆក់ប្រមូលផ្តុំនូវកម្លាំងពលកម្ម និងប្រជាជនពីខេត្តផ្សេងៗទៀត។
បើយើងក្រឡេកទៅមើលស្ថានភាពនៅតាមជនបទវិញ យើងអាចប្រៀបធៀបតាមការប្រែប្រួលស្ថានភាពផ្ទះរបស់ប្រជាជន។ យើងមើលទៅក្រោយវិញថា តើ១០ ឬ២០ឆ្នាំមុន តើមានផ្ទះប្រក់ស្បូវប៉ុន្មាន សង្កសីប៉ុន្មាន ក្បឿងប៉ុន្មាន? ប្រាកដណាស់ចំនួនផ្ទះប្រក់ស្បូវ និងសង្កសីបានថយចុះ ហើយចំនួនផ្ទះប្រក់ក្បឿងបានកើនឡើងជាលំដាប់។ ផ្ទះជាច្រើនត្រូវបានលើកសរសរឱ្យខ្ពស់ ហើយបានប្រក់ក្បឿងថ្មីក្រហមច្រាល។ មិនថាអ្នកជនបទ ឬទីក្រុង គឺសុទ្ធតែអាចសង្កេតមើលឃើញយ៉ាងជាក់ច្បាស់ នូវការប្រែប្រួលបែបនេះ។ តើការប្រែប្រួលនេះបង្ហាញថា ខ្មែរក្រទៅក្រទៅដែរឬទេ?
បើនិយាយពីការកើនឡើងនៃចំនួនអ្នកមាននៅកម្ពុជា យើងអាចសង្កេតឃើញថា នៅពេលដែលចិនចូលមកក្រុងព្រះសីហនុ និងភ្នំពេញ តើម្ចាស់ផ្ទះ ឬម្ចាស់ដី ប៉ុន្មានពាន់គ្រួសារដែលបានក្លាយជាសេដ្ឋីវាល់លាន ដោយសារតែដី និងផ្ទះឡើងថ្លៃ? តើអ្នកកំពង់ស្ពឺ កណ្តាល សៀមរាប មានប៉ុន្មានពាន់ ឬម៉ឺនគ្រួសារដែលត្រូវប៉ាន់ដី? តើអ្នកភូមិនៅជ្រោយចង្វារ នៅមុនពេលមានស្ពាន និងក្រោយពេលមានស្ពានមានជីវភាពប្រែប្រួលយ៉ាងណាដែរ? តើអ្នកស្រែចំការនៅអរិយក្សត្រ និងល្វាឯម ប៉ុន្មានគ្រួសារដែលមានជីវភាពធូរធារឡើងដោយសារការទិញលក់ដីធ្លី?
នៅពេលដែលផ្សារទំនើបអ៊ីអន (AEON) ជប៉ុនមកបើកនៅកម្ពុជា ម្នាក់ៗគេឆ្ងល់ថា តើប្រជាជននៅទីក្រុងភ្នំពេញមានលទ្ធភាពចំណាយដើរផ្សារទំនើបធំៗដែរឬយ៉ាងណា? ប៉ុន្តែ យើងមើលឃើញជាក់ស្តែងថា ផ្សារទំនើបអ៊ីអន បានបើកពង្រីកសាខារបស់ខ្លួនពីទីពីរ ដល់សាខាទីបី ពីកណ្តាលក្រុងភ្នំពេញ ទៅជាយក្រុងភ្នំពេញ។ នេះបានន័យថាម៉េច? នេះបានន័យថា អ្នកមានកម្រិតមធ្យមរបស់កម្ពុជាមានចំនួនកើនឡើង ហើយពួកគេមានសមត្ថភាព ចាយវាយកាន់តែខ្លាំងឡើងៗដែរ។
ពិតណាស់ថា ឱកាសសេដ្ឋកិច្ចវាមិនបានទៅដល់ទាំងអស់ស្របគ្នាទាំង១៦លាននាក់នោះទេ ប៉ុន្តែថា ស្ថានភាពសេដ្ឋកិច្ច ឬជីវភាពប្រជាជនខ្មែរកាន់តែក្រទៅក្រទៅ គឺវាប្រាស់ចាកពីការពិត ទាំងតួលេខវិទ្យាសាស្ត្រ និងការសង្កេតសង្គមជាទូទៅ។
វាគឺជាការធម្មតាទេ នៅក្នុងប្រទេសណាក៏មានអ្នកមាន និងអ្នកក្រដែរ។ ហើយនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី និងមូលធននិយម វាជាកត្តាសត្យានុម័ត ដែលឱកាសសេដ្ឋកិច្ចមានមិនស្មើគ្នានោះទេ ដូច្នេះហើយទើបរដ្ឋាភិបាលគ្រប់ប្រទេសតែងតែខិតខំប្រមូលពន្ធ និងទាញវិនិយោគ រោងចក្រ ឬគម្រោងអភិវឌ្ឍន៍នានា ទៅតាមទីជនបទ ដើម្បីខិតខំបែងចែកផលប្រយោជន៍ដែលកើតឡើងពីកំណើនសេដ្ឋកិច្ច។
បើចង់ឱ្យស្មើភាពដាច់ខាត នោះទាល់តែយើងប្រើសេដ្ឋកិច្ចផែនការ កុំម្មុយនីស្តផ្តាច់ការ ពេលនោះគឺយើងទាំងអស់គ្នាមានឋានៈស្មើគ្នា គ្មានអ្នកមាន គ្មានអ្នកក្រ។ និយាយឱ្យសាមញ្ញគឺទាំងអស់គ្នាក្រស្មើគ្នាតែម្តង។ ឬបើចង់បានស្មើគ្នាយុត្តិធម៌ឥតខ្ចោះ ទាល់តែធ្វើដូច ប៉ុល ពត គឺយកអ្នកមានទាំងអស់ទៅធ្វើស្រែ ឬសម្លាប់ចោលតែម្តង។
តាមពិតទៅ ក្នុងប្រទេសណាក៏មានគម្លាតមានក្រដែរ ទាំងក្នុងប្រទេសជឿនលឿន និងក្នុងប្រទេសកំពុងអភិវឌ្ឍ។ អាមេរិកមានអ្នកមានកម្រិតប៊ីលានដុល្លារ ដែលគ្រប់គ្រងឧស្សាហកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ក៏នៅតែមានអ្នកគ្មានផ្ទះនៅ ដើរដេកតាមចិញ្ចើមថ្នល់នៅតាមទីក្រុងធំៗដែរ។ អ្នកមានរបស់ឥណ្ឌាមានលុយដើរទិញក្រុមហ៊ុន និងដីធ្លីនៅទ្វីបអឺរ៉ុប តែទិដ្ឋភាពរបស់ប្រជាជននៅតំបន់អាណាធិបតេយ្យកណ្តាលទីក្រុងក៏លំបាកភ្នែកខ្លាំងណាស់ដែរ។ គម្លាតមានក្រនៅប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាដើម គឺយើងអាចមើលឃើញជាទូទៅ។ កុំភ្លេចថា ប្រទេសទាំងអស់នេះគឺសុទ្ធតែជាប្រទេសដែលមិនដែលមានសង្គ្រាមផង ហើយមានសេដ្ឋកិច្ចរីកចម្រើនយូរមកហើយ ក៏នៅតែមានបញ្ហាគម្លាតមានក្រដែរ។
បើគិតតាមតួលេខវិទ្យាសាស្ត្រ គឺយើងប្រើប្រាស់មធ្យមភាគជីនី (Gini Coefficient) ដើម្បីវាយតម្លៃគម្លាតមានក្រ។ យោងតាមការសិក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មធ្យមភាគជីនី សម្រាប់ការចំណាយរបស់កម្ពុជា បានធ្លាក់ចុះពី ៤០,៤% នៅឆ្នាំ ១៩៩៧ មកនៅត្រឹម ២៩% នៅឆ្នាំ ២០១២ ដែលតួលេខនេះគឺទាបជាងមធ្យមភាគទូទៅនៅតំបន់អាស៊ាន។ នេះបានន័យថា គម្លាតមានក្រនៅក្នុងប្រទេសកម្ពុជាគឺមានកម្រិតទាបជាងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។
តាមរយៈការពិភាក្សាខាងលើ ខ្ញុំគ្រាន់តែចង់ផ្តល់នូវទុននៃការពិភាក្សាមួយចំនួនប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកអានទាំងឡាយអាចពិចារណាដោយខ្លួនឯង ទៅលើការអះអាងថា ខ្មែរក្រទៅក្រទៅ ហើយគម្លាតមានក្រកាន់តែធំទៅធំទៅនោះ គឺជាការនិយាយដែលត្រឹមត្រូវឬយ៉ាងណា។ សូមពិចារណាផងចុះថា តើការនិយាយបែបនេះ វាយុត្តិធម៌ដែរឬទេ សម្រាប់ប្រវត្តិសាស្ត្រនៃវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕
ដោយ៖ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)