ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីការបោកប្រាស់តាមប្រព័ន្ធអ៉ិនធឺណិត (Online Scam)

18-07-2025 20:45

(ភ្នំពេញ)៖ ការបោកប្រាស់តាមប្រព័ន្ធអ៉ិនថឺណិត (Online Scam) បាននិងកំពុងរីករាលដាល ខ្លាំងនៅលើពិភពលោក។ ខណៈពេលដែលរាជរដ្ឋាភិបាលទទួលស្គាល់ថា ការបោកប្រាស់តាមប្រព័ន្ធអ៊ីនថឺណែត គឺជាបញ្ហាមួយក៏ពិតមែន ប៉ុន្តែមិនមែនមានតែចំពោះកម្ពុជាតែមួយប៉ុណ្ណោះទេ ប៉ន្តែបញ្ហា Online Scam គឺភាពគំរាមកំហែងដល់បណ្តាប្រទេសនានាលើសកលលោកលោក។

Online Scam គឺជាការក្លែងបន្លំតាមសេវាអ៉ីនថឺណិត ដែលប្រើប្រាស់ល្បិចបោកបញ្ឆោត ចង់បន្លំលួចយកប្រាក់ លួចយកព័ត៌មានផ្ទាល់ខ្លួន ឬធនធានសំខាន់ផ្សេងៗ របស់យើងទាំងឡាយ។

Online Scam មានច្រើនប្រភេទគួរឱ្យកត់សម្គាល់ដូចជា៖

*១៖ ការបន្លំផ្ញើសារបោកប្រាស់ (Phishing)៖ តាមវិធីនេះក្រុមបោកប្រាស់តាមប្រព័ន្ធអ៊ិនថឺណិត ត្រូវគេឃើញបានផ្ញើ Email ឬសារ Message ដោយការលួចយកឈ្មោះក្រុមហ៊ុនល្បីល្បាញ ឬអង្គភាពល្បីល្បាញណាមួយ ដើម្បីធ្វើឱ្យរូបយើងជឿទុកចិត្តក្នុងការល្បួងឱ្យយើងផ្តល់ព័ត៌មានសម្ងាត់ ឬព័ត៌មានសំខាន់ណាមួយដូចជាលេខកាតឥណទាន ឬព័ត៌មានធនាគារជាដើម។

*២៖ ហាងលក់ទំនិញក្លែងក្លាយ (Fake Online Stores)៖ តាមរយៈនេះ ក្រុមបោកប្រាស់បានបង្កើតគេហទំព័រ ដែលធ្វើឱ្យគេមើលទៅដូចជាហាងលក់ទំនិញពិតៗ ប៉ុន្តែគឺជាវិធីបន្លំយកលុយរបស់យើង ដោយមិនផ្តល់ទំនិញ ឬសេវាកម្មឱ្យយើងឡើយ។

*៣៖ ការបន្លំការវិនិយោគ (Investment Scams)៖ តាមរយៈអំពើបោកប្រាស់នេះ ក្រុមរកស៊ីទុច្ចរិត បានផ្សព្វផ្សាយអំពីឱកាសវិនិយោគក្លែងក្លាយ ដូចជាផែនការ Cryptocurrency ឬការវិនិយោគផ្សេងៗ ដែលសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ដោយគ្មានហានិភ័យ។

*៤៖ ការបន្លំផ្នែកស្នេហា (Romance Scams)៖ តាមរយៈវិធីនេះក្រុមបោកប្រាស់បានប្រើបោកអារម្មណ៍របស់យើងបង្កើតវេទិកាស្នេហា ឬនៅតាមបណ្តាញសង្គមដើម្បីឱ្យយើងជឿទុកចិត្ត ហើយបន្ទាប់មកស្នើសុំរកប្រាក់ដែលជារឿយៗបង្កើតលេសថាដោយសារជួបប្រទះនឹងរឿងអាសន្នណាមួយជាដើម។

*៥៖ ការបន្លំក្លែងរង្វាន់ (Lottery Scams)៖ តាមរយៈវិធីនេះ គេបានប្រាប់យើងថា យើងឈ្នះរង្វាន់ ឬឈ្នះឆ្នោតដែលសូម្បីតែយើងមិនបានចូលរួមក៏ដោយ និងក្រោយមកគេបានស្នើឱ្យយើងបង់ប្រាក់ និងផ្តល់ព័ត៌មានផ្ទាល់ខ្លួនដើម្បីការទទួលយករង្វាន់នោះ។

*៦៖ ការបន្លំការងារ (Job Scams)៖ តាមរយៈវិធីនេះ គេធ្វើដូចជាផ្តល់ការងារមកឱ្យយើង ដោយស្នើឲ្យយើងបង់ប្រាក់សម្រាប់ការបណ្តុះបណ្តាល ឬទិញវិញ្ញាបនបត្រ ឬឧបករណ៍ណាមួយជាដើម។

*៧៖ ការបន្លំជំនួយបច្ចេកទេស (Tech Support Scams)៖ ពួកគេធ្វើខ្លួនឯងដូចជាក្រុមអ្នកបច្ចេកទេសនៃក្រុមហ៊ុន ដែលយើងបានទិញឧបករណ៍របស់គេមកប្រើប្រាស់ ដោយធ្វើជានិយាយប្រាប់យើងថា ឧបករណ៍នៅក្នុងផ្ទះរបស់យើងនឹងត្រូវខូច ដែលតម្រូវឱ្យគេត្រូវចូលឆែកឆេរក្នុងម៉ាស៊ីន Computer ឬថាសេវាអគ្គីសនី នឹងត្រូវរអាក់រអួល ដោយតម្រូវឱ្យយើតត្រូវទិញឧបករណ៍នេះ ឬឧបករណ៍នោះដោយការបង់លុយតាមរយៈអនឡាញជាមុន ដែលអ្វីទាំងនោះគឺសុទ្ធតែជាវិធីបោកប្រាក់រកលុយតែប៉ុណ្ណោះ។

*៨៖ ការបន្លំឧបត្ថម្ភសប្បុរសធម៌ (Charity Scams)៖ តាមរយៈនេះគេបានប្រើឈ្មោះអង្គការសប្បុរសធម៌ដើម្បីបញ្ចុះឲ្យយើងត្រូវបរិច្ចាគប្រាក់ ជាពិសេសបន្ទាប់ពីមានឧបទ្ទវហេតុ ឬវិបត្តិធំៗណាមួយបានកើតឡើងនោះ។

*៩៖ ការបន្លំក្លែងដូចជានរណាម្នាក់ (Impersonation Scams)៖ តាមរិធីនេះគេប្រើអត្តសញ្ញាណរបស់មនុស្សណាម្នាក់ដែលយើងស្រឡាញ់ ឬជាមន្ត្រីមានអំណាចដើម្បីបោកបញ្ឆោតយើងឱ្យផ្តល់លុយ ឬផ្តល់ព័ត៌មានអ្វីណាមួយ៕