ចំណេះដឹងទូទៅ៖ អ្វីទៅជាបារីអេឡិចត្រូនិក? ឈ្វេងយល់ពីផលប៉ះពាល់របស់វា
21-07-2025 20:57
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក(E-cigarette) ផលិតផលស៊ីហ្សា(SHISHA) និងផលិតផល អេចឈ៍ ធី ភី (HTP-Heated Tobacco Product) ដែលផលិតផលទាំងនេះអាចបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។

អ្វីទៅជាបារីអេឡិចត្រូនិក?
អ្នកបង្កើតបារីអេឡិចត្រូនិកដំបូងគេ គឺជាឱសថការី ថ្នាំបុរាណចិនម្នាក់ឈ្មោះ Hon Lik អាយុ ៥២ ឆ្នាំ ដែលជាអ្នកញៀនបារីជោកជាំ ហើយលោកបានឃើញឪពុកលោកស្លាប់ដោយមហារីកសួតព្រោះជក់បារី (ជនជាតិចិនជាអ្នកញៀនបារីជាងគេក្នុងពិភពលោក)។
លោក Hon Lik បានបង្កើតបារីអេឡិចត្រូនិកនេះឡើង ដើម្បីជំនួសបារី និង សុីហ្កា ហើយបារីអេឡិចត្រូនិកនេះត្រូវបានធ្វើពាណិជ្ជកម្មនៅឆ្នាំ២០០៣ បន្ទាប់វាត្រូវបានទទួលជោគជ័យទូទាំងពិភពលោក។ បារីនេះបានទៅដល់អឺរ៉ុបនៅឆ្នាំ២០០៦ និង ទៅដល់សហរដ្ឋអាមេរិកនៅឆ្នាំ២០១១។
បារីនេះត្រូវគេឲ្យឈ្មោះថា Vape (មកពីពាក្យអង់គ្លេស to vape ដែលមានន័យថា ហឺតចំហាយ)។ បារីអេឡិចត្រូនិកជាបំពង់មួយដែលមានចង្កំចុង មានរេសុីស្តង់សម្រាប់កម្តៅ ដែលមានអុីសេដាក់ក្នុងកញ្ចប់វត្ថុរាវមួយ (មានសារធាតុនីកូទីនលាយជាមួយ Propylène glycol) មានសារធាតុបង្កើនកម្តៅ និង ថ្មពិលមួយដុំ។ នៅដើមដំបូងបារីអេឡិចត្រូនិកត្រូវបានបង្កើតឡើងសម្តៅបន្ថយការញៀនបារីដោយមនុស្សហឺតយកជាតិនីកូទីនតិចជាងការជក់បារីធម្មតាដែលមនុស្សហឺតយកនីកូទីនទាំងមូលបន្ថែមដោយសារធាតុនានាដែលជាប្រភពនែរោគមហារីក។
អ្នកជក់បារីអេឡិចត្រូនិកហឺតយកផ្សែងក្នុងកម្តៅ ៦០ អង្សាសេ ខុសពីអ្នកជក់បារីធម្មតាដែលហឺតផ្សែងក្នុងកម្តៅពី ៥០០ ទៅ ៧០០ អង្សាសេ។ លទ្ធផលដំបូងៗបានបង្ហាញថា ក្នុងមនុស្ស ១០០ នាក់ដែលជក់បារីអេឡិចត្រូនិក មាន ៨ ទៅ ១០ នាក់បានបោះបង់ការជក់បារី។
ប៉ុន្តែបន្តក្រោយៗមកទៀត ឈ្មួញបានបញ្ចូលសារធាតុនានាសំដៅទាក់ទាញយុវជនដែលធ្វើឲ្យបារីអេឡិចត្រូនិកបច្ចុប្បន្នក្លាយជាគ្រឿងញៀនមួយ ផ្ទុយពីបំណងដើមដំបូងរបស់វា។
សូមជម្រាបថា យោងទៅតាមសេចក្តីប្រកាសព័ត៌មាន បារីអេឡិចត្រូនិច ដែលគេស្គាល់ផងដែរថា ជា E-cigs, Mods, Vape pens, និង Vapes បញ្ចេញចំហាយពីការដុតសារធាតុរាវដែលមានជាតិនីកូទីន។ បារីអេឡិចត្រូនិក ត្រូវបានគេប្រើប្រាស់ជាមួយកញ្ឆា និងសារធាតុញៀនផ្សេងទៀត នៅពេលដែលចូលក្នុងខ្លួនមនុស្សនឹងងាយបណ្ដាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ ជាពិសេសជំងឺមហារីក។ បារីអេឡិចត្រូនិច អាចមានគ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ ប៉ះពាល់ដល់មុខងារខួរក្បាល និងការផ្តោតអារម្មណ៍ថយចុះជាដើម។
ផលិតផល ស៊ីហ្សា ដែលត្រូវបានគេស្គាល់ផងដែរថា ជា «ខ្សៀរទឹក» មានផ្ទុកជាតិពុលខ្ពស់ដែលអាចបណ្តាលឱ្យមានជំងឺផ្សេងៗរួមទាំងជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកចម្រុះ មិនមានលទ្ធភាពបន្តពូជ សុខភាពផ្លូវចិត្តថយចុះ ជំងឺមហារីកសួត មហារីកក្រពះ មហារីកប្លោកនោម។ ចំណែក ផលិតផល អេជឈ៍ ធី ភី គឺជាផលិតផលថ្នាំជក់ថ្មី មានរូបរាងច្រើនបែប ដែលផលិតឡើងដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូបជាការទាក់ទាញយុវវ័យឱ្យប្រើប្រាស់។ វាមានផ្ទុកសារធាតុនីកូទីន ដែលបង្កផលប៉ះពាល់ដល់សុខភាពដូចបារីអេឡិចត្រូនិកផងដែរ។
ជាមួយគ្នានេះ ក្រសួងក៏មានការព្រួយបារម្ភនៅពេលដែលផលិតផលបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ត្រូវបានផលិតឡើងជាមួយរូបរាងគួរឱ្យទាក់ទាញដល់យុវវ័យ ក្នុងការទិញមកប្រើប្រាស់។ បន្ថែមលើនេះ ក៏មានជនឆ្លៀតឱកាសបានព្យាយាមផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដូចជា ហ្វេសប៊ុក, អ៊ីនស្តាក្រាម និងទិកតុកជាដើម ដោយភ្ជាប់ខ្លឹមសារជាមួយថា ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា ផ្ទុយទៅវិញ ផលិតផលទាំងនោះ ពិតជាមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គមទៀងផង។
ក្រសួងសុខាភិបាល ក៏បានទទូចឱ្យយុវជន-យុវនារី និងប្រជាជនទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីផលិតផលខាងលើ និងកុំជឿទៅតាមការឃោសនាថា បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ជាមធ្យោបាយផ្តាច់បារីឱ្យសោះ៕
ប្រភព៖ Facebook លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកស្រង់ពី Le Figaro Magazine ចេញផ្សាយថ្ងៃទី ១ កក្កដា ២០២៥