(ពិភពលោក)៖ នៅសតវត្សរ៍ទី១៨ ទ្វីបអឺរ៉ុបបានចាប់ផ្ដើមកើតមាននូវបដិវត្តឧស្សាហកម្ម ពួកមហាអំណាចថ្មីក៏បានពង្រីកដែនដីអាណានិគមរបស់ខ្លួនកាន់តែខ្លាំងឡើងៗ ដើម្បីស្វែងរកវត្ថុធាតុដើម ពង្រីកទីផ្សារលក់ផលិតផលដែលផលិតបាន និងរកទីតាំងការពារដែននាវាចរណ៍របស់ខ្លួនជាដើម ក្នុងនោះមានចក្រភពអាល្លឺម៉ង់ ចក្រភពអង់គ្លេស និងចក្រភពបារាំង ក៏ដូចជាចក្រភពរុស្ស៉ីផងដែរ។
២៖ មហាអំណាចថ្មី
សម្រាប់ចក្រភពអង់គ្លេស បដិវត្តឧស្សាហកម្មគឺជាកត្តាដ៏សំខាន់ មុនឈានជើងចូលទន្ទ្រានលើដែនដីអាណានិគម។ ពួកគេបានរកឃើញបច្ចេកវិទ្យាផលិតនាវា និងគ្រឿងម៉ាស៉ីនដែលដើរដោយចំហាយទឹក។ តាមរយៈនាវាដើរដោយចំហាយទឹកនេះ អង់គ្លេសបានបញ្ចេញកងទ័ពពីរាជធានីក្រុងឡុងដ៍ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកយ៉ាងលឿនឆ្ពោះទៅទ្វីបអាមេរិក។
ក្នុងរជ្ជកាលព្រះចៅជេមទី៦ (King James VI of England ឬ James I of Scotland) ចក្រភពអង់គ្លេសបានចូលត្រួតត្រាផ្នែកខាងកើតនៃសហរដ្ឋអាមេរិក (១៣រដ្ឋ) នៅគ្រិស្ដសករាជ ១៦០៧ និងបានដាក់អាណានិគមលើបណ្ដាកោះជាច្រើនទៀតនៅសមុទ្រការីបង់ (Caribbean Sea)។ នៅគ្រិស្ដសករាជ ១៧៦៣ ចក្រភពអង់គ្លេសបានដាក់អាណានិគមនៅប្រទេសកាណាដា។
នៅគ្រិស្ដសករាជ ១៧៦៩ ព្រះចៅចចទី៣ (King George III) បានចេញព្រះរាជឱង្កាឱ្យកាពីទែន ជេម ឃុក (James Cook) ចេញដំណើររុករកដែនដីថ្មីបន្ថែមទៀត ដើម្បីបម្រើដល់នយោបាយអាណានិគមរបស់ចក្រភពអង់គ្លេស។ ក្នុងបេសកកម្ម ៣ លើក ចាប់ពីគ្រិស្ដសករាជ ១៧៦៩-១៧៧៩ លោក ជេម ឃុក បានមកដល់ទឹកដីឥណ្ឌា ទឹកដីអាស៉ីអាគ្នេយ៍ដែនកោះ ប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់ កោះតុងហ្កា (បច្ចុប្បន្នប្រទេសតុងហ្កា) កោះអ៉ីស្ទ័រ នៃប្រទេសឈីលី ឬ ស៉ីលី រដ្ឋអាឡាស្កា និងប្រជុំកោះហាវ៉ៃ នៃសហរដ្ឋអាមេរិក រួមនឹងបណ្ដាកោះ និងសមុទ្រតូចធំជាច្រើនទៀត។ ចក្រភពអង់គ្លេស និងហូឡង់បានរួមគ្នាបង្កើតក្រុមហ៊ុនឥណ្ឌាបូព៌ា (East India) ដើម្បីពង្រីកឥទ្ធិពលជំនួញ និងនយោបាយអាណានិគមរបស់ខ្លួនឱ្យកាន់តែខ្លាំង។
ក្រោយរបកគំហើយរបស់លោក ជេម ឃុក ក៏ដូចជាការទទួលបានព័ត៌មានជាច្រើនទៀតផងនោះ ចក្រភពអង់គ្លេសក៏បានលើកទ័ពចូលទន្ទ្រានយកទឹកដីឥណ្ឌា និងបានដាក់អាណានិគមលើប្រទេសដ៏ធំមួយនេះ នៅគ្រិស្ដសករាជ ១៨៥៨។ ក្រោយមក ក៏បានដាក់អាណានិគមលើប្រទេសម៉ាឡេស៉ី និងសិង្ហបុរី នៅគ្រិស្ដសករាជ ១៨២៦ ដាក់អាណានិគមលើដែនដីហុងកុង នៅគ្រិស្តសករាជ ១៨៤១ លើប្រទេសភូមា នៅគ្រិស្ដសករាជ ១៨៨៥ និងលើប្រទេសព្រុយណេ នៅគ្រិស្តសករាជ ១៨៨៨។
ចំណែកឯចក្រភពបារាំងវិញ ក្នុងគ្រាដំបូង បានចាប់ផ្ដើមការដាក់អាណានិគមនៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា ចាប់ពីសតវត្សរ៍ទី១៦ ដោយដាក់ឈ្មោះថា ដែនដីបារាំងថ្មី (New France)។ ក្រៅពីនេះ ក៏មាននៅតាមប្រជុំកោះមួយចំនួននៅក្នុងសមុទ្រការីបង់ និងនៅតាមមាត់ឆ្នេរខាងលិចនៃតំបន់អាមេរិកខាងត្បូងមួយចំនួនទៀតផងដែរ។
ក្នុងសម័យសាធារណរដ្ឋ កងទ័ពបារាំងបានមកដល់ឥណ្ឌូចិននៅគ្រិស្ដសករាជ ១៨៨៧ និងបានដាក់អាណានិគមជាបន្តបន្ទាប់លើនគរកម្ពុជា អាណាចក្រតុងកឹង អាណាចក្រអណ្ណាម និងដែនដីកូស័ងស៉ីន (កម្ពុជាក្រោម) អាណាចក្រវៀងចន្ទន៍របស់ឡាវ និងខេត្តយូណាននៃប្រទេសចិន។ បារាំងបានកេណ្ឌទ័ពពីកម្ពុជា កូស័ងស៉ីន និងអាណ្ណាម យកទៅច្បាំងដណ្ដើមដែនដីអាណានិគមនៅប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក ក្នុងនោះមានដូចជាប្រទេសទុយនីស៉ី ស៊ូដង់ កូតឌីវ័រជាដើម។
នៅពាក់កណ្ដាលទី២ នៃសតវត្សរ៍ទី១៩ នយោបាយអាណានិគមរបស់បារាំងត្រូវជួបឧបសគ្គជាច្រើន គឺម៉្យាងមានការតិះដៀលជាខ្លាំងពីសំណាក់ពលរដ្ឋបារាំងគ្នាឯង ពិសេសបក្សសង្គមនិយម និងម្យ៉ាងទៀតត្រូវប៉ះទង្គិចនឹងការលោភលន់នៃមហាអំណាចដទៃទៀត មានចក្រភពអង់គ្លេស និងអាល្លឺម៉ង់ជាដើម។ ក៏ប៉ុន្តែដោយអាស្រ័យលើការពុះពាររបស់លោក ស៊ុល ហ៊្វែរី (Jules Ferry) ប្រទេសបារាំងក៏នៅតែអាចពង្រីកដែនដីអាណានិគមយ៉ាងធំសម្បើម។
នៅមុនសង្គ្រាមលោកលើកទី១ ទឹកដីឥណ្ឌា និងអាស៉ីអាគ្នេយ៍បានធ្លាក់ក្រោមនឹមអាណានិគមរបស់មហាអំណាចអឺរ៉ុបស្ទើរតែទាំងស្រុង លើកលែងតែប្រទេសសៀមតែមួយគត់ដែលអាចរួចផុតពីក្រញ៉ាំលោកខាងលិច នេះក៏ដោយសារចក្រភពអង់គ្លេស និងចក្រភពបារាំងបានព្រមព្រៀងគ្នានៅគ្រិស្ដសករាជ ១៨៩៦ ដោយទុកអាណាចក្រមួយនេះជាតំបន់ទ្រនាប់ ឬជាតំបន់ «ស» រវាងដែនដីអាណានិគមរបស់មហាអំណាចទាំងពីរ។
ចំណែកចក្រភពអាល្លឺម៉ង់ ក៏បានចូលត្រួតត្រាផ្នែកខ្លះនៃទឹកដីមហាឆេងនៅគ្រិស្ដសករាជ ១៨៩៧ និងទឹកដីមួយចំនួនទៀតនៅទ្វីបអាហ្វ្រិកផងដែរ។ ចាប់ពីគ្រិស្ដសករាជ ១៨៣៩-១៨៩៥ ចក្រភពរុស្ស៉ីបានចូលឈ្លានពានបណ្ដារដ្ឋនៅតំបន់អាស៉ីកណ្ដាល និងប្រទេសតួកគី។
ដូចនេះហើយបានជានៅសតវត្សរ៍ទី១៩ ប្រទេសទន់ខ្សោយទាំងអស់នៅក្នុងលោកនេះ ពុំអាចគេចផុតពីការជិះជាន់នៃមហាអំណាចឧស្សាហកម្មឡើយ៕
ភាគទី១៖ សូមចុចត្រង់នេះ
ភាគទី២៖ សូមចុចត្រង់នេះ