(អាមេរិក)៖ ចាប់ពីដើមសតវត្សរ៍ទី១៧ ទឹកដីសហរដ្ឋអាមេរិកធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់មហាអំណាចជាច្រើននៅទ្វីបអឺរ៉ុប ប៉ុន្តែដោយការរួបរួមគ្នារវាងរដ្ឋអាណានិគមទាំង ១៣ ពួកគេក៏បានទាមទារឯករាជ្យពីចក្រភពអង់គ្លេស និងប្រកាសឯករាជ្យជាផ្លូវការនៅគ្រិស្ដសករាជ ១៧៧៦។ បន្ទាប់ពីនោះមក រដ្ឋសហព័ន្ធថ្មីនេះក៏ទទួលបានទឹកដីជាច្រើនបន្តបន្ទាប់ទៀត និងបានក្លាយខ្លួនជាមហាអំណាចដ៏ទំនើបមួយរហូតដល់ពេលបច្ចុប្បន្ន។
គួរជម្រាបថា អត្ថបទថ្មីនេះ យើងខ្ញុំចង់លើកឡើងបន្តពីអត្ថបទចំណេះដឹងទូទៅ «ពិភពលោក៥០០ឆ្នាំក្នុងសម័យអាណានិគម» ភាគទី១ ភាគទី២ និងភាគទី៣ ដែលបានចេញផ្សាយរួចហើយនោះ ដោយអត្ថបទភាគទី៤នេះ យើងខ្ញុំចង់បញ្ជាក់អំពីព្រឹត្តិការណ៍នានា ដែលកើតមានក្នុងពេលពួកអឺរ៉ុបដាក់អាណានិគមលើទឹកដីសហរដ្ឋអាមេរិក រហូតដល់ពេលទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។
មុនការមកដល់របស់ពួកអាណានិគមអឺរ៉ុប អ្នកដែលរស់នោះលើទឹកដីសហរដ្ឋអាមេរិកកាលពីអតីតកាលនោះ មានតែពួកអាំងឌីយាង (Indian) ឬឥណ្ឌាស្បែកក្រហមប៉ុណ្ណោះ ដែលពួកនេះត្រូវបានប្រទះឃើញដំបូងដោយលោក គ្រីស្តុប កូឡុំ (Christopher Columbus) ក្នុងពេលដែលលោកវង្វាងផ្លូវទៅប្រទេសឥណ្ឌានោះ។
នៅគ្រិស្ដសករាជ ១៦០៧ ចក្រភពអង់គ្លេសបានចូលត្រួតត្រានៅតាមឆ្នេរខាងកើតនៃតំបន់អាមេរិកខាងជើង (ភាគខាងកើតសហរដ្ឋអាមេរិកបច្ចុប្បន្ន) ខណៈតំបន់ផ្សេងទៀតក៏ស្ថិតនៅក្រោមការត្រួតត្រារបស់ប្រទេសអាណានិគមដទៃទៀតដែរ ក្នុងនោះមានដូចជាបារាំង ហូឡង់ (ដាត្ឆ) ស៊ុយអែត អាល្លឺម៉ង់ ព័រទុយហ្កាល់ និងអេស្ប៉ាញជាដើម។ មួយសតវត្សរ៍ក្រោយមក វត្តមានរបស់ពួកនិគមជនអង់គ្លេសមានចំនួនកាន់តែច្រើនឡើងៗ។ ពួកនេះបានដណ្តើមយកមូលដ្ឋានជំនួញរបស់ពួកស៊ុយអែត និងហូឡង់ ដែលតាំងទីនៅកំពង់ផែញូវអាំស្ទែដាំ (New Amsterdam) ដោយពួកអង់គ្លេសបានប្ដូរឈ្មោះកំពង់ផែននេះទៅជាកំពង់ផែញូវយ៉ក (New York) វិញ។ នៅខាងលិចដីអាណានិគមរបស់អង់គ្លេស ពិសេសនៅតំបន់ល្វីស្យាណា (Louisiana) គឺសម្បូរទៅដោយពួកនិគមជនបារាំង ដែលនៅទីនោះពួកគេច្រើនតែធ្វើជំនួញក្រណាត់សំពត់ និងស្បែកសត្វរោមក្រាស់ជាមួយពួកអាំងឌីយាង។
ពួកអាំងឌីយាងនៅអាមេរិកខាងជើង ជាក្រុមកុលសម្ពន្ធអ្នកប្រមាញ់ដែលមានទីលំនៅមិនអចិន្ត្រៃយ៍ឡើយ ភាគច្រើនពួកគេរស់នៅតំបន់ព្រៃភ្នំ និងនៅតាមឆ្នេរសមុទ្រ។ ពួកគេត្រូវពួកអាណានិគមអឺរ៉ុបប្រើប្រាស់ និងទិញលក់ដូចជាសត្វធាតុក្នុងនាមជាទាសករ។ ពួកអឺរ៉ុបបានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ ព្រមទាំងចាប់បង្ខំឱ្យចូលធ្វើសង្គ្រាមដណ្ដើមដែនដីអាណានិគមបន្តទៀតដែរ។ នៅពេលពួកអាំងឌីយាងឆ្លង «ជំងឺអុតធំ» ស្លាប់អស់ជាច្រើននោះ ពួកអឺរ៉ុបក៏បាននាំទាសករស្បែកខ្មៅពីទ្វីបអាហ្វ្រិកយកមកលក់ដូរ និងប្រើប្រាស់ជាកម្លាំងពលកម្មជំនួសពួកអាំងឌីយាងនៅទ្វីបអាមេរិកថែមទៀត។
ត្រឹមពាក់កណ្តាលសតវត្សរ៍ទី១៨ តំបន់កាន់កាប់របស់អាណានិគមអង់គ្លេសនៅអាមេរិកខាងជើង មាននៅឆកហាត់សុន (Hudson Bay) និងរ ដ្ឋអាណានិគមទាំង ១៣ ទៀត រួមមាន៖ ញូវហាំសឺរ (New Hamshire) ម៉ាសាឈូសេត (Massachusetts) រ៉ូដអាយលែន (Rhode Island) ខឺនណឺរកិត (Connecticut) ញូវយ៉ក (New York) ញូវចឺរស៉ី (New Jersey) ផេនស៉ីលវេនៀ (Pennsylvania) ដេឡាវៀរ (Delaware) ម៉ារីលែន (Maryland) វឺរជីនៀ (Virginia) ខារ៉ូលីណាខាងជើង (North Carolina) ខារ៉ូលីណាខាងត្បូង (South Carolina) និងចចជៀ (Georgia)។ រដ្ឋអាណានិគមទាំង ១៣ នេះ សុទ្ធតែប្រកាន់សាសនាគ្រិស្តនិកាយប្រូតេស្តង់ និងមានអភិបាលកិច្ចរៀងៗខ្លួន ប៉ុន្តែប្រើប្រាស់ភាសាអង់គ្លេសដូចគ្នា និងមានឆន្ទៈចង់ពង្រីកដែនដីអាណានិគមបន្ថែមទៀត។
ក្នុងគ្រិស្ដសករាជ ១៧៦៣ ប្រទេសបារាំងត្រូវបាត់បង់តំបន់អាណានិគមនៅភាគខាងជើងអាមេរិក ហើយតំបន់ទាំងនោះក៏ត្រូវជំនួសដោយពួកអង់គ្លេសវិញ។ តាំងពីដើមមក ពួកនិគមជនអង់គ្លេសនៅអាមេរិកមានសេរីភាពពេញទំហឹង ក្នុងការគ្រប់គ្រងត្រួតត្រាពង្រីកដែនដីអាណានិគម និងធ្វើជំនួញទៅមកជាមួយដៃគូពាណិជ្ជកម្មនានា ដោយពុំសូវរណបជាមួយរាជការនៅទីក្រុងឡុងដ៍នោះឡើយ។ ប៉ុន្តែក្រោយគ្រិស្ដសករាជ ១៧៦៣ នោះមក រាជការក្រុងឡុងដ៍ក៏បានបង្កើនឥទ្ធិពលគ្រប់គ្រងដោយផ្ទាល់ ទៅលើរដ្ឋអាណានិគមនានានៅទឹកដីអាមេរិក ដែលជាហេតុធ្វើឱ្យពួកនិគមជនមានការទើសទាល់យ៉ាងខ្លាំង។ បទប្បញ្ញត្តិ និងគោលការណ៍ទាំងឡាយរបស់រាជការក្រុងឡុងដ៍ ធ្វើឱ្យពួកនិគមជននៅអាមេរិកធុញថប់ក្នុងចិត្ត។ ពួកគេចង់បានសេរីភាព និងស្វ័យគ្រប់គ្រងខ្លួនឯងដូចមុន។ ពួកគេចាត់ទុកការសម្រេចចិត្តទាំងឡាយរបស់រាជការក្រុងឡុងដ៍ គឺដូចជាផ្ទុយនឹងច្បាប់។
នៅថ្ងៃទី១៦ ខែធ្នូ គ្រិស្ដសករាជ ១៧៧៣ ពួកនិគមជនអង់គ្លេសនៅទីក្រុងបូស្តុន (Boston) នៃរដ្ឋម៉ាសាឈូសេត បានបន្លំខ្លួនជាពួកអាំងឌីយាងចូលទៅទម្លាក់ចោលកញ្ចប់តែពីនាវារបស់អង់គ្លេសចូលទៅក្នុងទឹកសមុទ្រ ដោយសារមានកំហឹងទៅនឹងរាជការក្រុងឡុងដ៍ ដែលកាន់តែកៀបសង្កត់មកលើពួកគេ។ រាជការក្រុងឡុងដ៍បានឆ្លើយតបទៅវិញដោយបិទកំពង់ផែបូស្តុន មិនឱ្យពួកនិគមជនអង់គ្លេសនៅអាមេរិកចរាចរណ៍ទំនិញនោះឡើយ ហើយពួករាជការនៅតែបន្តកាន់កាប់លើពន្ធអាករដដែល។
នៅខែឧសភា គ្រិស្ដសករាជ ១៧៧៥ ពួកនិគមជនទាំងឡាយបានលើកគ្នាបះបោរប្រឆាំងនឹងរាជការក្រុងឡុងដ៍ ដោយបានវាយប្រហារទៅលើពួករាជការអង់គ្លេសមួយក្រុមដែលប្រចាំការនៅអាមេរិក។ ព្រឹត្តិការណ៍នេះហើយដែលជាការចាប់ផ្តើមដំបូងនៃសង្គ្រាមទាមទារឯករាជ្យរបស់សហរដ្ឋអាមេរិក។ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦ មេដឹកនាំតំណាងរដ្ឋអាណានិគមទាំង ១៣ បានបើកសមាជធំមួយនៅរដ្ឋហ្វីឡាឌែលហ្វី ដោយបានសម្រេចប្រកាសឯករាជ្យជាផ្លូវការពីចក្រភពអង់គ្លេស។
នៅចំពោះមុខការបះបោរប្រឆាំងពីសំណាក់ពួកនិគមជនខាងលើនេះ រាជការចក្រភពអង់គ្លេសបានបើកការបង្ក្រាបទៅលើពួកបះបោរយ៉ាងដំណំ។ ដំបូងឡើយ កងទ័ពរាជការក្រុងឡុងដ៍មានប្រៀបទៅលើក្រុមប៉ះបោរដែលដឹកនាំដោយលោក ចច វ៉ាស៊ីនតោន (George Washington)។ ក្រោយទទួលបានជំនួយពីកងទ័ពស្ម័គ្រចិត្តមួយចំនួនមកពីអឺរ៉ុប ដែលដឹកនាំដោយជនជាតិបារាំងម្នាក់ឈ្មោះ ម៉ាក់ ដឺ ឡាហ្វៃយ៉ឺត (Gilbert du Motier ឬ Marquis de Lafayette) លោក ចច វ៉ាស៊ីនតោន ក៏បានវាយប្រហារយ៉ាងខ្លាំងទៅលើកងទ័ពរាជការ រហូតដល់រុញកងទ័ពរាជការឱ្យថយទៅដល់យ៉កថោន (York Town)។ ទីបំផុត កងទ័ពរាជការអង់គ្លេសក៏បានទទួលបរាជ័យ និងព្រមចុះចាញកងទ័ពរបស់លោក ចច វ៉ាស៉ីនតោន នៅខែតុលា គ្រិស្ដសករាជ ១៧៨១។
តាមរយៈសន្ធិសញ្ញាទីក្រុងវែរសៃ គ្រិស្ដសករាជ ១៧៨៣ (ក្រុងវែរសៃ ស្ថិតនៅប្រទេសបារាំង) រាជការចក្រភពអង់គ្លេសបានទទួលស្គាល់ឯករាជ្យរបស់រដ្ឋអាណានិគមទាំង ១៣ នោះ និងបានប្រគល់តំបន់អាប៉ាឡាស តំបន់មីស៉ីស៉ីពី រួមទាំងភាគខាងលិចទន្លេមីស៉ីស៉ីពី ទៅឱ្យពួកនិគមជនថែមទៀតផង។
ក្រោយពីទទួលបានឯករាជ្យខាងលើនេះហើយ បញ្ហាជាច្រើនក៏បានលេចឡើងនៅចំពោះសំណួរសួរថា «តើរដ្ឋអាណានិគមទាំង ១៣ ត្រូវស្ថិតនៅដាច់ដោយឡែករៀងៗខ្លួន ឬមួយត្រូវរួមគ្នាជារដ្ឋសហព័ន្ធតែមួយ?»។ ដើម្បីដោះស្រាយបញ្ហាដ៏ចម្បងនេះ បណ្ដាមេដឹកនាំរដ្ឋទាំង ១៣ ក៏បានបើកសមាជធំមួយទៀតនៅទីក្រុងហ្វីឡាឌែលហ្វី នាគ្រិស្ដសករាជ ១៧៨៧។ ក្រោយពីការតស៊ូមតិយ៉ាងតឹងតែងរវាងមេដឹកនាំរដ្ឋនីមួយៗនោះ នៅគ្រិស្ដសករាជ ១៧៨៨ រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដំបូងក៏ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងអាណត្តិប្រធានាធិបតីទី៤ លោក ជេម ម៉ាឌីសុន (James Madison)៕
ភាគទី១៖ សូមចុចត្រង់នេះ
ភាគទី២៖ សូមចុចត្រង់នេះ
ភាគទី៣៖ សូមចុចត្រង់នេះ
ភាគទី១៖ http://plus.freshnewsasia.com/index.php/en/freshnewsplus/192600-2021-04-07-03-25-54.html
ភាគទី២៖ http://plus.freshnewsasia.com/index.php/en/freshnewsplus/192960-2021-04-09-05-01-41.html
ភាគទី៣៖ http://plus.freshnewsasia.com/index.php/en/freshnewsplus/193167-2021-04-10-08-38-43.html