(ពិភពលោក)៖ នៅពេលឈរជើងនៅប្រទេសឥណ្ឌាបានរឹងមាំហើយ ពួកមហាអំណាចអឺរ៉ុបបានបន្តដាក់អាណានិគមលើដែនដីអាស៉ីអាគ្នេយ៍ថែមទៀត ដើម្បីពង្រីកសកម្មភាពជំនួញពាណិជ្ជកម្ម គ្រប់គ្រងរដ្ឋបាល និងនយោបាយនៅតំបន់នេះ ក្នុងនោះប្រទេសម៉ាឡេស៉ីក៏ត្រូវពួកអាណានិគមប្ដូរដៃគ្នាត្រួតត្រា និងកៀបសង្កត់យ៉ាងដំណំផងដែរ។
បន្ទាប់ពីលើកឡើងអំពីព្រឹត្តិការណ៍អាណានិគមនៅលើទឹកដីសហរដ្ឋអាមេរិក កាលពីភាគទី៥នោះរួចមក យើងខ្ញុំសូមលើកឡើងនូវព្រឹត្តិការណ៍អាណានិគមនៅប្រទេសម៉ាឡេស៉ីវិញម្ដង ដោយហេតុថា ប្រទេសម៉ាឡេស៉ី ក៏ដូចជាតំបន់អាស៉ីអាគ្នេយ៍ដែនកោះផងនោះ ក៏ធ្លាប់ស្ថិតនៅក្រោមអាណានិគម និងរងនូវការជិះជាន់មិនតិចនោះដែរពីសំណាក់ពួកមហាអំណាចអឺរ៉ុប។ ដូច្នេះដើម្បីទទួលបាននូវខ្លឹមសារលម្អិត សូមរីករាយជាមួយអត្ថបទភាគទី៦នេះដូចតទៅ៖
ដើមកំណើតនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន បានកកើតឡើងពីអាណាចក្រម៉ាឡាកា (Sultanate of Malacca) កាលពីដើមសតវត្សទី១៥ នៃគ្រិស្ដសករាជ។ កាលណោះ អាណាចក្រម៉ាឡាកាមានការរីកចម្រើនរុងរឿងយ៉ាងខ្លាំង ព្រោះជាតំបន់កំពង់ផែរបស់អ្នកជំនួញមកពីឥណ្ឌា និងចិន ព្រមទាំងអ្នកជំនួញមកពីលោកខាងលិចផងដែរ ខណៈផលិតផលជំនួញនាសម័យនោះ គឺទំនិញគ្រឿងទេស ឈើក្រអូប និងវត្ថុមានតម្លៃនានា។ ប៉ុន្តែការរីកចម្រើននៅអាណាចក្រឥស្លាមមួយនេះ មិនទាន់បានមួយសតវត្សរ៍ផង ក៏ធ្លាក់ចុះខ្សោយបន្តិចម្ដងៗ ដោយសារការដាក់អាណានិគមពីសំណាក់ពួកចក្រពត្តិនៅទ្វីបអឺរ៉ុប មានព័រទុយហ្កាល់ ហូឡង់ និងអង់គ្លេសជាដើម។
ពួកលោកខាងលិចធ្វើដំណើរស្វែងរកភូមិភាគអាស៊ីអាគ្នេយ៍ ជាពិសេសគឺអាណាចក្រម៉ាឡាកា និងប្រជុំកោះគ្រឿងទេស ដោយហេតុថាពួកអឺរ៉ុបបានឮពួកឈ្មួញនិយាយអំពីភាពមានបាននៅតំបន់នេះ។ ទីបំផុត នៅគ្រិស្ដសករាជ ១៥១១ ទេសាភិបាលព័រទុយហ្កាល់ប្រចាំនៅឥណ្ឌាម្នាក់ឈ្មោះ អាហ្វូសូ ដឺ អាល់ប៊ូឃែរឃី (Afonso de Albuquerque) ក៏បានធ្វើដំណើរមកដល់ក្រុងម៉ាឡាកា និងលុកលុយចូលដាក់អាណានិគមលើអាណាចក្រនេះតែម្ដង។
ក្នុងពេលត្រួតត្រាលើអាណាចក្រម៉ាឡាកានោះ ព័រទុយហ្កាល់បានបន្តកាន់កាប់ទីប្រជុំកោះដទៃទៀតនៅជុំវិញតំបន់នោះ មានដូចជាកោះស៊ូម៉ាត្រា (Sumatra) កោះបរនេអូ (Borneo) កោះជ្វា (Java) ប្រជុំកោះមូលុក (Maluku) ជាដើម ដោយពួកគេបាននាំយកគ្រឿងទេសជាច្រើនទៅលក់នៅទ្វីបអឺរ៉ុប ខណៈចន្ទន៍ក្រស្នា ម្រេច ទឹកឃ្មុំ និងបណ្តាគ្រឿងទេសដទៃទៀត បានក្លាយជារបស់ដ៏មានតម្លៃថ្លៃដូចមាសយ៉ាងដូច្នេះដែរ។
នៅចុងសតវត្សរ៍ទី១៦ បណ្ដាស្ដេចត្រាញ់ដែលគ្រប់គ្រងនៅតាមរដ្ឋតូចៗក្នុងពិភពម៉ាឡេនោះ បានរៀបចំគម្រោងការណ៍កម្ចាត់ពួកព័រទុយហ្កាល់ចេញពីប្រទេសរបស់ខ្លួន ប៉ុន្តែដោយសារការខ្វែងមតិគ្នាអំពីការឡើងសោយរាជ្យសម្បត្តិនោះ ធ្វើឱ្យការប៉ុនប៉ងកម្ចាត់ពួកព័រទុយហ្កាល់នេះត្រូវបរាជ័យទៅវិញ ហើយទេសាភិបាលព័រទុយហ្កាល់ក៏នៅបន្តគ្រប់គ្រងដែនដីម៉ាឡាកាដដែល។
ព្រះរាជាណាចក្រហូឡង់ ដែលជាមហាអំណាចមួយសំខាន់នៅទ្វីបអឺរ៉ុបនោះ បានបង្កើតក្រុមហ៊ុន United Dutch East India នៅគ្រិស្ដសករាជ ១៦០២ ក្នុងគោលបំណងចូលគ្រប់គ្រងផ្លូវធ្វើដំណើរទៅកាន់អាស៊ី និងធ្វើជំនួញផ្តាច់មុខនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ជំនួសពួកព័រទុយហ្កាល់វិញ។ នៅគ្រិស្ដសករាជ ១៦១៩ ក្រុមហ៊ុន United Dutch East India ក៏បានសម្រេចគោលបំណងរបស់ខ្លួន ដោយបានគ្រប់គ្រងតំបន់កំពង់ផែស្ទើរតែទាំងអស់នៅទូទាំងអាស៊ី។ ហូឡង់បានដេញកម្ចាត់ពួកព័រទុយហ្កាល់ចេញពីមូលដ្ឋាននៅអាណាចក្រម៉ាឡាកា ក្នុងឆ្នាំគ្រិស្ដសករាជ ១៦៤១ និងបានគ្រប់គ្រងនយោបាយ និងធ្វើជំនួញផ្តាច់មុខនៅអាណាចក្រនេះផងដែរ។
នៅសតវត្សរ៍ទី១៩ ដើម្បីសម្រួលផ្លូវធ្វើជំនួញរវាងប្រទេសឥណ្ឌា និងប្រទេសចិន ក្រុមហ៊ុនឥណ្ឌាបូព៌ារបស់ចក្រភពអង់គ្លេស (British East India Company) ក៏បានដណ្ដើមមូលដ្ឋានជំនួញពីពួកហូឡង់នៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះ និងចាប់ផ្តើមបង្កើនអំណាចរបស់ខ្លួនកាន់តែខ្លាំងឡើងៗនៅតំបន់នេះ។ ចក្រភពអង់គ្លេសបានចូលកាន់កាប់អាណាចក្រម៉ាឡាកាទាំងស្រុង នៅគ្រិស្ដសករាជ ១៩២៤ ដោយបានពង្រីកផ្លូវជំនួញរបស់ក្រុមហ៊ុនឥណ្ឌាបូព៌ាកាន់តែទូលាយជាងមុន។ ក្រុមហ៊ុនឥណ្ឌាបូព៌ាបានបញ្ជូនទេសាភិបាលចក្រភពអង់គ្លេសម្នាក់ គឺលោក ថូម៉ាស ស្តេមហ្វត រ៉ាហ្វហ្វល (Sir Thomas Stemford Bingley Raffles) ឱ្យមកគ្រប់គ្រងនៅតំបន់ម៉ាឡាយូនេះ។
លុះដល់គ្រិស្ដសករាជ ១៩៤១ កងទ័ពជប៉ុនបានដេញពួកអង់គ្លេសចេញពីម៉ាឡាកា និងបានគ្រប់គ្រងឧបទ្វីបនេះជំនួសអង់គ្លេសវិញ។ ប៉ុន្តែបន្ទាប់ពីប្រទេសជប៉ុនចាញ់សង្គ្រាមលោកលើកទី២ នាគ្រិស្ដសករាជ ១៩៤៥ នោះ ចក្រភពអង់គ្លេសក៏បានចូលមកគ្រប់គ្រងម៉ាឡាកាជាថ្មីម្តងទៀត។ រហូតដល់ថ្ងៃទី៣១ ខែសីហា គ្រិស្ដសករាជ ១៩៥៧ ទើបម៉ាឡាកាបានទទួលឯករាជ្យផ្លូវការពីចក្រភពអង់គ្លេស។
ម៉ាឡាកាមានគំនិតចង់បង្រួបបង្រួមរដ្ឋសារ៉ាវ៉ាក់ (Sarawak) រដ្ឋសាប៉ះ (Sabah) និងរដ្ឋព្រុយណេ (Brunei) ដែលស្ថិតនៅលើកោះបរនេអូ និងរដ្ឋសិង្ហបុរី (Singapore) ចូលជាសហព័ន្ធតែមួយ ប៉ុន្តែរដ្ឋព្រុយណេបានបដិសេធមិនព្រមចូលរួមឡើយ។ នៅគ្រិស្ដសករាជ ១៩៦៣ ទើបមានការស្ថាបនា «សហព័ន្ធម៉ាឡេស៊ី» ជាផ្លូវការ។ ប៉ុន្តែការបញ្ចូលរដ្ឋសារ៉ាវ៉ាក់ និងរដ្ឋសាប៉ះ ទៅក្នុងសហព័ន្ធម៉ាឡេស៉ីនេះ បានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពិន មានការខឹងសម្បាយ៉ាងខ្លាំង ពីព្រោះតែប្រទេសទាំងពីរនេះគិតថា បរនេអូ គឺជាទឹកដីរបស់ខ្លួន។
ពីរឆ្នាំក្រោយមក រដ្ឋសិង្ហបុរីក៏បានផ្តាច់ខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ី ដោយសារមូលហេតុបញ្ហានយោបាយ និងបញ្ហាជាតិសាសន៍ ហើយបានប្រកាសខ្លួនជា «សាធារណរដ្ឋសិង្ហបុរី» ជាផ្លូវការ នៅថ្ងៃទី០៩ ខែសីហា គ្រិស្ដសករាជ ១៩៦៥៕
ភាគទី១៖ សូមចុចត្រង់នេះ
ភាគទី២៖ សូមចុចត្រង់នេះ
ភាគទី៣៖ សូមចុចត្រង់នេះ
ភាគទី៤៖ សូមចុចត្រង់នេះ
ភាគទី៥៖ សូមចុចត្រង់នេះ