(មីយ៉ាន់ម៉ា)៖ បន្ទាប់ពីបានអាន និងទស្សនានូវព្រឹត្តិការណ៍អាណានិគមនៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះរួចហើយនោះ សូមប្រិយមិត្តងាកមកស្វែងយល់អំពីព្រឹត្តិការណ៍អាណានិគមនៅតំបន់អាស៉ីអាគ្នេយ៍ដែនគោកវិញម្ដង ដោយនៅភាគទី១១នេះ យើងខ្ញុំសូមលើកឡើងអំពីប្រទេសមីយ៉ាន់ម៉ាមុនគេ ដោយហេតុថា អតីតចក្រភពដ៏ខ្លាំងក្លាប្រចាំតំបន់មួយនេះ ក៏ធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេសអស់រយៈពេល ១២៤ ឆ្នាំ (១៨២៤-១៩៤៨) ផងដែរ។
ចាប់ពីអំលុងសតវត្សរ៍ទី១៥ ពួកអាណានិគមអឺរ៉ុបបានផ្តោតសំខាន់ទៅលើផលិតគ្រឿងទេស និងផលិតផលចាំបាច់មួយចំនួនទៀត ដោយនៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះ គឺជាប្រភពដ៏សំខាន់សម្រាប់ផ្ដត់ផ្គង់ផលិតទាំងនេះ ដូច្នេះហើយទើបបានពួកមហាអំណាចអឺរ៉ុបទាំងនោះវាយត្រួតត្រាលើបណ្ដារដ្ឋក្នុងពិភពម៉ាឡេ និងពិភពជ្វាមុនគេ។ បន្ទាប់មក គ្រឿងទេសក៏លែងសូវសំខាន់ដូចមុន ខណៈស្រូវអង្ករ និងកៅស៊ូបានក្លាយជាតម្រូវការចាំបាច់វិញម្ដង។ ពួកអាណានិគមអឺរ៉ុប ពិសេសពួកមហាអំណាចថ្មីក៏បានជ្រើសយកតំបន់អាស៉ីអាគ្នេយ៍ដែនគោកធ្វើមូលដ្ឋានរៀងៗខ្លួន ដើម្បីពង្រីកពាណិជ្ជកម្មទៅកាន់ប្រទេសចិន និងជប៉ុន ពីព្រោះមហាប្រទេសទាំងពីរនេះ គឺជាទីផ្សារធំជាងគេក្នុងការជួញដូរផលិតរបស់ពួកអឺរ៉ុប។
ក្រោយឆ្នាំគ្រិស្ដសករាជ ១៥៦៩ ពួកមហាអំណាចអឺរ៉ុបខាងជើង មានដូចជាអង់គ្លេស ហូឡង់ និងបារាំង បានចាប់ផ្ដើមមានឥទ្ធិពលកាន់តែខ្លាំងឡើងៗនៅទូទាំងពិភពលោក។ អង់គ្លេស និងហូឡង់បានបង្កើតចលនាដណ្ដើមតំបន់ពាណិជ្ជកម្មពីព័រទុយហ្កាល់ រហូតដល់អាចគ្រប់គ្រងទីប្រជុំកោះនានាបានសម្រេច។ ប៉ុន្តែគេឃើញថា ហូឡង់ពូកែជាងអង់គ្លេសខាងជំនាញដើរសមុទ្រ ដូច្នេះហើយទើបអង់គ្លេសបានឡើងច្រាំងនៅប្រទេសឥណ្ឌា ដើម្បីវាយយកប្រទេសនេះធ្វើជាមូលដ្ឋានរបស់ខ្លួនវិញ។ ក្នុងពេលមកដល់ពិភពហិណ្ឌូគ្រាដំបូង អង់គ្លេសបានវាយយកតំបន់ត្រីកោណ ម៉ាដ្រាស-ប៉ុមបេយ៍-កាល់ឃូតា (Madras-Bombay-Calcutta) ដែលជាតំបន់យុទ្ធសាស្ត្រសំខាន់ និងមានឥទ្ធិពលរឹងមាំលើប្រទេសឥណ្ឌាទាំងមូល (កាលណោះមានទាំងប៉ាគីស្ថាន និងបង់ក្លាដេសផង)។
បន្ទាប់ពីក្ដាប់ប្រទេសឥណ្ឌាណែនក្នុងដៃហើយនោះ អង់គ្លេសក៏បានឈានជើងបង្ហួសមកដល់ព្រះរាជាណាចក្រភូមា ដែលកំពុងគ្រប់គ្រងដោយរាជវង្សកនបោង (Konbaung dynasty) ក្នុងគោលបំណងទាញយកផលប្រយោជន៍ពីអាណាចក្រនេះផង និងដើម្បីរក្សាតុល្យភាពជាមួយបារាំងផង។ កងទ័ពអង់គ្លេសមានសព្វាវុធទំនើប រីឯកងទ័ពភូមាជាកងទ័ពពូកែច្បាំងមានចិត្តអង់អាចក្លាហាន ជាហេតុធ្វើឱ្យផ្ទុះសង្គ្រាមជាច្រើនលើករវាងជើងខ្លាំងមកពីនាយសមុទ្រ និងជាងខ្លាំងប្រចាំតំបន់។
* សង្គ្រាមអង់គ្លេស-ភូមាលើកទី១ (Anglo-Burmese War I)
សង្គ្រាមលើកទីមួយរវាងប្រទេសទាំងពីរនេះ កើតឡើងនៅពេលដែលភូមាវាយយកទឹកដីយ៉ាក់ខៃតាមទិសខាងលិច ទើបពួកយ៉ាក់ខៃបង្ខំចិត្តរត់ទៅឥណ្ឌា ហើយភូមាក៏តាមទៅវាយដល់ទឹកដីឥណ្ឌាថែមទៀត ដោយបានប៉ះទង្គិចជាមួយអង់គ្លេសដែលកំពុងគ្រប់គ្រងឥណ្ឌានោះ ទើបអង់គ្លេសឆ្លៀតឱកាសយកលេសនេះវាយបកមកភូមាវិញតែម្តង ខណៈអង់គ្លេសមានបំណងចង់ត្រួតត្រាភូមាជាយូរមកហើយ។ សង្គ្រាមលើកដំបូងនេះមានរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំគ្រិស្ដសករាជ ១៨២៤-១៨២៦ ទម្រាំអាចវាយបែកភូមាបានសម្រេច អង់គ្លេសបានបញ្ចេញកងទ័ពរបស់ខ្លួនដល់ទៅ ៤០,០០០ នាក់ឯណោះ ប៉ុន្តែគ្រប់គ្រងបានតែភាគខាងលិច និងរាជធានីអង្គវៈ (Ava ឬ Inn Wa) នោះទេ ពោលគឺនៅសល់តែក្រុងយ៉ាំងហ្គូន (Yangon) និងក្រុងម៉ក់តាម៉ា (Moke Ta Ma) ប៉ុណ្ណោះ ដែលជាទឹកដីរបស់ជនជានមន និងមានការការពារយ៉ាងរឹងមាំ មិនអានវាយយកបានដោយងាយ។
* សង្គ្រាមអង់គ្លេស-ភូមាលើកទី២ (Anglo-Burmese War II)
សង្គ្រាមលើកទីពីរនេះ កើតឡើងចាប់ពីគ្រិស្ដសករាជ ១៨៥២-១៨៥៣ មូលហេតុដោយសារអ្នកជំនួញជនជាតិអង់គ្លេសមិនពេញចិត្តនឹងភាពតឹងតែងពីសំណាក់រាជវង្សកនបោង ដែលពួកគេបានចូលទៅធ្វើពាណិជ្ជកម្មនៅតាមបណ្ដោយទន្លេឥរាវតី (Irrawaddy River) ហើយការរំខានពីសំណាក់រាជវង្សរបស់ភូមានេះ បានប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនឥណ្ឌាបូព៌ា (East India Company) ទើបអង់គ្លេសលើកទ័ពវាយយកភូមាផ្នែកខាងក្រោមបន្ថែមទៀត ជាហេតុធ្វើឱ្យភូមានៅសល់តែទីក្រុងយ៉ាំងហ្គូន និងរាជធានីក្រុងអម្រាបុរៈ (Amarapura) ដែលជាមជ្ឈមណ្ឌលកណ្ដាលនៃអាណាចក្ររបស់ខ្លួនប៉ុណ្ណោះ។
* សង្គ្រាមអង់គ្លេស-ភូមាលើកទី៣ (Anglo-Burmese War III)
សម័យដែលអង់គ្លេសវាយភូមានោះ គឺចំពេលដែលភូមាកើតមានវិបត្តិរាជវង្ស ពីព្រោះតែព្រះមហាក្សត្រនៃរាជវង្សកនបោងនោះ ហាក់មិនសូវឈ្លាសវៃ មិនរវល់នឹងកិច្ចការការពារទឹកដី ទោះបីមានបញ្ហាជម្លោះជាមួយអង់គ្លេសនៅចំពោះមុខក៏ដោយ។ ប៉ុន្តែព្រះមហាក្សត្របន្ទាប់ គឺព្រះចៅមីនតន (Mindon Min) ក៏ខ្លាំងពូកែដែរ ដែលឡើងគ្រងរាជ្យដោយការធ្វើរាជប្រហារទម្លាក់ស្ដេចអសមត្ថភាពអង្គមុន។
ព្រះចៅមីនតន ផ្តោតសំខាន់ទៅលើគោលនយោបាយ សន្តិភាព និងការរក្សាទំនាក់ទំនងល្អជាមួយអង់គ្លេស។ ក្នុងរជ្ជកាលព្រះអង្គ គឺជាសម័យកែប្រែប្រទេសដើរឱ្យទាន់លោកខាងលិច និងព្យាយាមស្វែងរកមហាអំណាចផ្សេងទៀត ដើម្បីជួយរំដោះភូមាចេញពីនឹមអាណានិគមអង់គ្លេស។ ក្រោយសម័យរបស់ព្រះចៅមីនតន ព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះចៅធីប៉ (Thibaw Min) បានឡើងគ្រងរាជ្យបន្ត។
នៅអំលុងពេលនោះ បារាំងគ្រប់គ្រងវៀតណាម និងកម្ពុជាបានសម្រេច និងបន្តជះឥទ្ធិពលទៅលើប្រទេសឡាវកាន់តែខ្លាំងឡើងៗ។ ដោយខ្លាចបារាំងវាយយកភូមា តាមរយៈតំបន់ត្រីកោណមាស (សៀម-លាវ-ភូមា) នោះ ទើបអង់គ្លេសត្រូវប្រញាប់វាយយកភូមាទាំងស្រុងឱ្យបានមុន ដើម្បីរក្សាតុល្យភាពឥទ្ធិពលជាមួយបារាំងដែលនៅភាគខាងកើតនោះ។
នៅគ្រិស្ដសករាជ ១៨៨៥ នាវាចម្បាំងអង់គ្លេសបានចូលទៅកាន់ក្រុងយ៉ាំងហ្គូន និងបានវាយយកទីក្រុងរបស់ភូមាមួយនេះបានសម្រេច។ ទីបំផុត ភូមាក៏បានស្ថិតនៅក្រោមអាណានិគមអង់គ្លេសទាំងស្រុង ហើយព្រះចៅធីប៉ និងព្រះមហេសី ស៊ូផាយ៉ាឡាត់ (Supayalat) ក៏ត្រូវនិរទេសចេញទៅរស់នៅទីក្រុងម៉មបៃ (Mumbai) នៃប្រទេសឥណ្ឌា រហូតដល់អស់ព្រះជន្ម។
ក្នុងពេលដាក់អាណានិគមលើប្រទេសភូមានោះ អង់គ្លេសបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងជាច្រើន ដូចជា ប្រព័ន្ធរដ្ឋបាល សាសនា និងសេដ្ឋកិច្ចជាដើម ដោយអង់គ្លេសបានយកប្រទេសភូមាទៅរួមបញ្ចូលជាមួយប្រទេសឥណ្ឌា និងប្រគល់ឱ្យឥណ្ឌាជាអ្នកគ្រប់គ្រង (India office) ដូច្នេះហើយទើបអង់គ្លេសមិនសូវយកចិត្តទុកដាក់ចំពោះបញ្ហានៅភូមាឡើយ ជាហេតុធ្វើឱ្យជនជាតិភូមាមិនពេញចិត្តជាខ្លាំង។ អង់គ្លេសបានយកភូមាធ្វើជាជង្រុកស្រូវ ដើម្បីផ្គត់ផ្គង់នយោបាយអាណានិគមរបស់ខ្លួន ដោយបានអភិវឌ្ឍប្រព័ន្ធកសិកម្ម ជីកព្រែកធ្វើប្រព័ន្ធធារាស្ត្រ រហូតប្រែក្លាយភូមាក្លាយជាប្រទេសនាំចេញអង្ករលំដាប់ទីមួយលើពិភពលោក កាលពីមុនសង្គ្រាមលោកលើកទី២។
អង់គ្លេសមានគោលនយោបាយអូសទាញមនុស្សពីប្រទេសឥណ្ឌា និងប្រទេសចិនឱ្យមកធ្វើការនៅក្នុងប្រទេសភូមា ប៉ុន្តែជនបរទេសភាគច្រើនតែងរស់នៅក្នុងក្រុង ចំណែកជនជាតិភូមាម្ចាស់ស្រុកត្រូវខ្ទាតទៅរស់នៅក្រៅក្រុងវិញ។ ការអូសទាញជនបរទេសចូលមកនេះ ធ្វើឱ្យជនជាតិឥណ្ឌាក្លាយជាអ្នកចងការប្រាក់ រហូតធ្វើឱ្យជនជាតិភូមាជាច្រើនជួបនឹងវិបត្តិជំពាក់បំណុលជនជាតិឥណ្ឌា។ តាំងពីពេលនោះមក ជនជាតិភូមាមានការខឹងសម្បារយ៉ាងខ្លាំងទៅលើជនជាតិឥណ្ឌា៕
ភាគទី១៖ សូមចុចត្រង់នេះ
ភាគទី២៖ សូមចុចត្រង់នេះ
ភាគទី៣៖ សូមចុចត្រង់នេះ
ភាគទី៤៖ សូមចុចត្រង់នេះ
ភាគទី៥៖ សូមចុចត្រង់នេះ
ភាគទី៦៖ សូមចុចត្រង់នេះ
ភាគទី៧៖ សូមចុចត្រង់នេះ
ភាគទី៨៖ សូមចុចត្រង់នេះ
ភាគទី៩៖ សូមចុចត្រង់នេះ
ភាគទី១០៖ សូមចុចត្រង់នេះ