(ព្រុយណេ)៖ នៅភាគទី៨ ប្រិយមិត្តប្រាកដជាបានដឹងអំពីព្រឹត្តិការណ៍អាណានិគមនៅប្រទេសឥណ្ឌូណេស៉ីរួចមកហើយ ហើយនៅភាគទី៩នេះ យើងខ្ញុំសូមលើកឡើងនូវព្រឹត្តិការណ៍អាណានិគមនៅប្រទេសព្រុយណេវិញម្ដង ដោយហេតុថា ព្រុយណេក៏ធ្លាប់ជាអាណាចក្រមួយដ៏រុងរឿងផងដែរនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ដែនកោះ ប៉ុន្តែដោយសារជម្លោះរាជវង្សក្នុងប្រទេសផង ហើយត្រូវពួកអាណានិគមចូលមកត្រួតត្រាផងនោះ ធ្វើឱ្យអាណាចក្រឥស្លាមួយនេះធ្លាក់ចុះខ្សោយបន្តិចម្ដងៗ។

តាមការស្រាវជ្រាវរកភស្តុតាងប្រវត្តិសាស្រ្តរបស់ប្រទេសព្រុយណេ ឃើញថាគ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់នោះទេ ដូច្នេះទើបការសិក្សាប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ត្រូវអាស្រ័យលើសេចក្តីសន្និដ្ឋានពីកំណត់ត្រានៃការធ្វើដំណើររបស់ជនជាតិចិន នាអំលុងសតវត្សទី៦-៧។ កំណត់ត្រាបានបង្ហាញពីរឿងរ៉ាវនៅអាណាចក្រពូនី (Kingdom of Puni) ដែលតាំងទីនៅតាមឆ្នេរសមុទ្រ ដោយបានក្លាយជាតំបន់កំពង់ផែអាជីវកម្មជួញដូរធនធានធម្មជាតិ គ្រឿងទេស សំបុកត្រចៀកកាំ កាបូន ជាមួយនឹងប្រទេសផ្សេងៗនៅអាស៊ីចាប់តាំងពីដើមសតវត្សទី៧ រហូតដល់ពួកលោកខាងលិចធ្វើដំណើរចូលមកភូមិភាគអាស៊ី។ នៅក្នុងសតវត្សទី១៦ ប្រទេសព្រុយណេក៏បានក្លាយជាចំណាប់អារម្មណ៍របស់ពួកលោកខាងលិច ព្រោះភាពសម្បូរនៃធនធានធម្មជាតិ និងទីតាំងដែលសក្តិសមធ្វើជាតំបន់កំពង់ផែអាជីវកម្មអន្តរជាតិ នៅទីបំផុតធ្វើឱ្យព្រុយណេរីកចម្រើនក្លាយជាអាណាចក្រមួយដ៏អស្ចារ្យ។

ប្រទេសព្រុយណេចម្រើនរុងរឿង និងត្រូវគេស្គាល់កាន់តែច្រើនក្នុងអំឡុងសតវត្សទី១៥-១៦។ ប្រទេសព្រុយណេល្បីល្បាញខាងធនធាន ជាពិសេសគ្រឿងទេស កាបូន និងផលិតផលសម្រេចដែលល្បីខ្ចរខ្ចាយដល់ប្រទេសលោកខាងលិច។ ម្យ៉ាងទៀត ព្រុយណេបាននាំចេញមាសដែលរកប្រាក់ចំណូលឱ្យប្រទេសបានយ៉ាងមហាសាល រហូតធ្វើឱ្យប្រទេសព្រុយណេក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅអាស៊ីអាគ្នេយ៍ទៅហើយ។

ក្រៅពីភាពចម្រើនរុងរឿងពីការបញ្ចេញអំណាចផ្នែកសេដ្ឋកិច្ចហើយ ប្រទេសព្រុយណេក៏ជាមជ្ឈមណ្ឌលផ្សាព្វផ្សាយសាសនាឥស្លាមដែរ ធ្វើឱ្យទីប្រជុំជនដែលនៅតាមឆ្នេរសមុទ្រភាគខាងជើងនៃកោះបរនេអូ ព្រមកាន់សាសនាឥស្លាម និងបានសហការគ្នាបន្តទំនៀមទម្លាប់ប្រពៃណី ដែលជាលក្ខណៈពិសេសរបស់ជនជាតិព្រុយណេ ដូចជា ពិធីទទួលភ្ញៀវ និងប្រពៃណីរៀបការជាដើម។

ប្រទេសព្រុយណេចាប់ផ្តើមចុះខ្សោយអំណាចនៅក្រោយសតវត្សទី១៦ ពេលដែលប្រទេសមហាអំណាចអេស្ប៉ាញ និងហូឡង់ បានជះនូវឥទ្ធិពលចូលមករហូតដល់ ធ្វើឱ្យព្រុយណេត្រូវបាត់បង់ទឹកដី និងអំណាច។ ប៉ុន្តែមូលហេតុដ៏សំខាន់មួយដែលធ្វើឱ្យព្រុយណេត្រូវបាត់បង់អំណាចនៅក្នុងលើកនោះ ក៏បណ្តាលមកពីនយោបាយផ្ទៃក្នុងរបស់ព្រុយណេដែរ ព្រោះថាក្រុមវណ្ណៈគ្រប់គ្រងនៅក្នុងប្រទេសព្រុយណេក្នុងខណៈនោះ បានប្រយុទ្ធដណ្តើមអំណាចគ្នារហូតក្លាយជាសង្គ្រាមនៅកណ្តាលទីក្រុង ដែលភាគីនីមួយៗព្យាយាមសុំជំនួយពីបរទេស ដោយអេស្ប៉ាញដើរតួជាប្រទេសដែលជាតួឯក ចូលមកជួយបង្ក្រាបចលាចល និងបញ្ឈប់បញ្ហាការដណ្តើមរាជសម្បត្តិគ្នារវាង «សៃហ្វុលរីយ៉ាល់» និង «ប៉ឺរងីវ៉ាន់ស៊ីឡេឡា»។ ទីបំផុត ធ្វើឱ្យព្រុយណេត្រូវបាត់បង់ឯករាជ្យទៅឱ្យអេស្ប៉ាញតែម្ដង។

នៅគ្រិស្ដសករាជ ១៨៨៨ បញ្ហានៃការគ្រប់គ្រងផ្ទៃក្នុងរបស់ព្រុយណេ នៅមិនទាន់អាចដោះស្រាយបាននៅឡើយទេ ដូចជា ការដណ្តើមអំណាចគ្នារបស់អ្នកគ្រប់គ្រងស្តេចទន់ខ្សោយ ខ្វះទស្សនវិស័យជាអ្នកដឹកនាំដ៏ល្អ និងខ្វះការយកចិត្តទុកដាក់ចំពោះប្រទេសជាតិទាំងអស់នេះ បានធ្វើឱ្យព្រុយណេចាំបាច់ត្រូវចុះហត្ថលេខាលើសន្ធិសញ្ញា «ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស» នៅឆ្នាំគ្រិស្ដសករាជ ១៩០៦។ ព្រុយណេត្រូវដកចង្កូមក្រចក និងបាត់បង់អំណាច ដែលពីមុនធ្លាប់ជាប្រទេសដែលមានភាពសំខាន់ចំពោះភូមិភាគអាស៊ីអាគ្នេយ៍ ប៉ុន្តែបែរជាអស់ភាពសំខាន់ទៅវិញ ហើយក្លាយជាអ្នកគាំទ្រជនជាតិមូស្លីមដែលរស់នៅក្នុងប្រទេសហ្វីលីពិនខាងត្បូង ដើម្បីឱ្យមកជួយប្រឆាំងនឹងការពង្រីកអំណាចរបស់អេស្ប៉ាញតែប៉ុណ្ណោះ។

អង់គ្លេសមានវិធីក្នុងការគ្រប់គ្រងព្រុយណេយ៉ាងឈ្លាសវៃ និងមុតស្រួច ដោយអង់គ្លេសនៅតែរក្សាប្រព័ន្ធរាជានិយមប្រពៃណី សាសនា និងវប្បធម៌ដើមទុកដដែល ប៉ុន្តែជាមួយគ្នានោះ ក៏បានប្រមូលយកផលប្រយោជន៍យ៉ាងពេញទំហឹងដែរ។ លក្ខណៈនៃការគ្រប់គ្រងបែបនេះ ធ្វើឱ្យជនជាតិព្រុយណេគ្មានអារម្មណ៍ថា ត្រូវគេយកប្រៀបឡើយ ព្រមទាំងជឿជាក់លើអង់គ្លេសជាខ្លាំងទៀតផង។ ជាមួយគ្នានេះ មានអារម្មណ៍ថាអង់គ្លេសមានការសម្របសម្រួល និងជាមិត្តដែលធ្វើឱ្យព្រុយណេ និងអង់គ្លេស
នៅតែរក្សាសម្ពន្ធភាពដ៏ល្អនឹងគ្នារហូតដល់បច្ចុប្បន្ននេះ។

អង់គ្លេសបានសន្យាចំពោះព្រុយណេថា ពេលដែលព្រុយណេស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ប្រទេសព្រុយណេនៅតែមានព្រះមហាក្សត្រធ្វើជាប្រមុខ ដោយបន្តរាជវង្សបានតាមធម្មតា និងមានសេរីភាពក្នុងការគ្រប់គ្រងប្រទេស បើមានបញ្ហារឿងបន្តរាជសម្បត្តិ អង់គ្លេសនឹងធ្វើជាអ្នកសម្រេច រដ្ឋាភិបាលអង់គ្លេសនឹងជួយមើលការខុសត្រូវកិច្ចការក្រៅប្រទេសជំនួសព្រុយណេ។ រដ្ឋាភិបាលអង់គ្លេសមានសិទ្ធិបង្កើតកុងស៊ុល និងតែងតាំងមន្ត្រីរាជការមកប្រចាំការនៅព្រុយណេបានគ្រប់ពេល។

អង់គ្លេសមានសិទ្ធិពិសេសក្នុងការទទួលផលប្រយោជន៍ខាងផ្នែកអាជីវកម្ម និងការដឹកជញ្ជូនតាមផ្លូវទឹក មិនឱ្យព្រុយណេប្រគល់ទឹកដីទៅឱ្យប្រទេសដទៃទៀត ប្រសិនបើចង់ធ្វើកិច្ចការអ្វីត្រូវទទួលការយល់ស្របពីអង់គ្លេសជាមុន។ ជនជាតិអង់គ្លេស និងអ្នកដែលនៅក្រោមបង្គាប់របស់អង់គ្លេសនឹងបានទទួលសិទ្ធិពិសេសនៅក្នុងប្រទេសព្រុយណេ។ ចាប់តាំងពីក្លាយជាប្រទេសនៅក្រោមអាណានិគម រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសព្រុយណេមិនធ្លាប់មានបញ្ហាដណ្តើមរាជសម្បត្តិគ្នាទៀតឡើយ។

សូមជម្រាបថា ការណ៍ដែលយើងខ្ញុំសរសេរជា «ព្រុយណេ» បែបនេះ គឺយោងតាម «សទ្ទានុក្រមឈ្មោះប្រទេស» ផ្លូវការរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ពោលគឺមិនមែនសរសេរជា «ប្រ៊ុយណេ» នោះឡើយ៕

ភាគទី១៖ សូមចុចត្រង់នេះ

ភាគទី២៖ សូមចុចត្រង់នេះ

ភាគទី៣៖ សូមចុចត្រង់នេះ

ភាគទី៤៖ សូមចុចត្រង់នេះ

ភាគទី៥៖ សូមចុចត្រង់នេះ

ភាគទី៦៖ សូមចុចត្រង់នេះ

ភាគទី៧៖ សូមចុចត្រង់នេះ

ភាគទី៨៖ សូមចុចត្រង់នេះ