(វៀតណាម)៖ នៅអំលុងសតវត្សរ៍ទី១៩ ប្រទេសវៀតណាមបានរងនូវការវាយប្រហារពីសំណាក់អាណានិគមអឺរ៉ុបយ៉ាងខ្លាំង ហើយទីបំផុត ជើងខ្លាំងប្រចាំតំបន់មួយនេះ ក៏ត្រូវធ្លាក់ក្រោមនឹមអាណានិគមបារាំងទាំងស្រុង ចាប់ពីគ្រិស្ដសករាជ ១៨៨៥-១៩៥៤។
នៅភាគទី១២នេះ ប្រិយមិត្តប្រាកដជាបានដឹងអំពីព្រឹត្តិការណ៍អាណានិគមនៅប្រទេសវៀតណាម ក៏ដូចជាដែនដីកម្ពុជាក្រោម ដែលមានខ្លឹមសារដូចតទៅ៖
វៀតណាមចាប់ផ្ដើមមានទំនាក់ទំនងជាមួយបារាំងលើកដំបូង តាំងពីពាក់កណ្ដាលសតវត្សរ៍ទី១៧ មកម្ល៉េះ ដោយកាលណោះ ក្រុមអ្នកផ្សព្វផ្សាយសាសនាគ្រិស្ដនិកាយកាតូលិករបស់បារាំង បានចូលទៅផ្សព្វផ្សាយដល់អាណាចក្រដាយវៀត (Đại Việt) របស់វៀតណាម។ ព្រឹត្តិការណ៍ដែលគួរឱ្យកត់សម្គាល់មួយទៀតនោះ គឺនៅពេលដែលអាណាចក្រដាយវៀតកើតមានចលនាតៃសឺង ដែលបះបោរប្រឆាំងនឹងរាជការង្វៀន (Nguyễn dynasty) នោះ ស្ដេច ង្វៀន អាញ់ (Nguyễn Ánh) ក៏បានភៀសខ្លួនរត់មកសុំជ្រកកោននៅក្រុងឧដុង្គ ហើយបន្តរត់ទៅដល់កោះត្រល់នៅគ្រិស្ដសករាជ ១៧៧៧។ ក្នុងពេលស្នាក់នៅលើកោះត្រល់នោះ ស្ដេច ង្វៀន អាញ់ បានជួបជាមួយបេសកជនបារាំងម្នាក់ គឺលោក ភែរភីញូ ដឺ បេអេន (Pierre Pigneau de Béhaine) ដែលបានមកដល់កោះត្រល់ដំបូងនៅគ្រិស្ដសករាជ ១៧៦៥។ តាមរយៈលោក បេអេន ស្ដេច ង្វៀន អាញ់ បានស្នើសុំជំនួយពីបារាំង ដើម្បីជួយបង្ក្រាបចលនាតៃសឺងនៅក្នុងអាណាចក្ររបស់ខ្លួន។ លោក បេអេន បានផ្ដល់យោបល់ឱ្យស្ដេច ង្វៀន អាញ់ ចូលគាល់ព្រះចៅអធិរាជបារាំង ល្វីទី១៦ (Louis XVI) នៅរាជវាំងក្រុងវែរសៃ (Versailles) ហើយរហូតដលគ្រិស្ដសករាជ ១៧៨៥ ទើបស្ដេចដាយវៀត ង្វៀន អាញ់ បានចូលគាល់ព្រះចៅល្វីទី១៦ និងស្នើសុំជំនួយទ័ពបានសម្រេច ខណៈរាជការក្រុងវែរសៃបានបញ្ជូនកងទ័ព ១,៦៥០ នាក់ ឱ្យធ្វើដំណើរមកជាមួយស្ដេច ង្វៀន អាញ់។
ការបង្ក្រាបចលនាបះបោរតៃសឺងបានទទួលជ័យជម្នះទាំងស្រុងនៅគ្រិស្ដសករាជ ១៨០២ រីឯស្ដេចដាយវៀត ង្វៀន អាញ់ នោះ ក៏បានឡើងសោយរាជ្យសាជាថ្មី និងបានប្រកាសខ្លួនជាព្រះចៅអធិរាជ យ៉ា ឡុង (Gia Long 1802-1820) ថែមទាំងបានប្ដូររាជធានីពីក្រុងថាំងឡុង (Thăng Long គឺក្រុងហាណូយបច្ចុប្បន្ន) មកតាំងនៅក្រុងវ៉េ (Huế) វិញ និងបានប្ដូរឈ្មោះអាណាចក្ររបស់ខ្លួនពីដាយវៀតមកជា «វៀតណាម» ជាផ្លូវការ តាំងពីគ្រិស្ដសករាជ ១៨០២ នោះមក។ អធិរាជ យ៉ា ឡុង បានសោយទិវង្គតនៅគ្រិស្ដសករាជ ១៨២០ ហើយចៅរបស់ព្រះអង្គ ព្រះនាម មីង ម៉ាង (Minh Mạng 1820-1841) ក៏បានឡើងសោយរាជបន្តរហូតដល់គ្រិស្ដសករាជ ១៨៤១។
នៅចន្លោះគ្រិស្ដសករាជ ១៨២០-១៨៥៩ ក្រុមអ្នកផ្សព្វផ្សាយសាសនារបស់បារាំងកាន់តែពង្រីកការផ្សព្វផ្សាយសាសនាកាតូលិកក្នុងប្រទេសវៀតណាម ប៉ុន្តែព្រះរាជាក្រោយៗបន្ទាប់ពីព្រះចៅ យ៉ា ឡុង នោះ តែងតែមានការរឹតត្បិតចំពោះពួកបុព្វជិតកាតូលិកទាំងនោះខ្លាំងណាស់ រហូតដល់មានការធ្វើទារុណកម្មលើសង្ឃកាតូលិកបារាំងថែមទៀតផង។ ប្រការនេះ ជាហេតុធ្វើឱ្យព្រះចៅអធិរាជបារាំង ណាប៉ូឡេអុងទី៣ (Napoleon III) បញ្ជាឱ្យកងទ័ពបារាំងចូលធ្វើអន្តរាគមន៍លើប្រទេសវៀតណាមតែម្ដង ដោយនៅឆ្នាំគ្រិស្ដសករាជ ១៨៤៥ ចក្រភពបារាំងក៏បានវាយប្រហារលើប្រទេសវៀតណាម ដែលស្ថិតក្នុងរជ្ជកាលព្រះចៅ ធៀវ ជី (Thiệu Trị 1841-1847)។
នៅគ្រិស្ដសករាជ ១៨៤៧ នាវាចម្បាំងរបស់បារាំងក៏បានចល័តមកដល់ដែនសមុទ្ររបស់វៀតណាម និងបានប្រឈមដាក់គ្នាជាមួយនាវាចម្បាំងរបស់វៀតណាមផងដែរ។ ខណៈដែលប្រទេសជាតិកំពុងប្រឈមមុខជាមួយបារាំងយ៉ាងដូច្នេះ ព្រះចៅ ធៀវ ជី ក៏បានសោយទិវង្គតនៅគ្រិស្ដសករាជ ១៨៤៧ នោះទៅ ហើយព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ទឺ ឌឹក (Tự Đức 1847-1883) ក៏បានឡើងសោយរាជ្យបន្ត។ ក្នុងរជ្ជកាលព្រះចៅ ទឺ ឌឹក នេះ អាណាចក្រវៀតណាមមិនត្រឹមតែប្រឈមមុខជាមួយបារាំងប៉ុណ្ណោះទេ ថែមទាំងរងនូវការឈ្លានពានពីសំណាក់ពួកអេស្ប៉ាញផងដែរ ដោយនៅគ្រិស្ដសករាជ ១៨៥៨ មហាអំណាចអឺរ៉ុបទាំងពីរនេះបានចូលវាយយកកំពង់ផែដាណាង (Đà Nẵng) បានសម្រេច។ នៅគ្រិស្ដសករាជ ១៨៥៩ កងទ័ពបារាំងបានចូលដល់ទន្លេមេគង្គ និងតំបន់ហ្វានរ៉ាង (Phan Rang ជាអតីតក្រុងកៅឋារៈរបស់ចាម្ប៉ា) ប៉ុន្តែតំបន់នេះមិនសូវសំខាន់ចំពោះបារាំងនោះទេ គោលដៅសំខាន់របស់គេ គឺទីក្រុងព្រៃនគរ (Prei Nokor) ព្រោះជាតំបន់កំពង់ផែដ៏មានសក្ដានុពល ជាកំពង់ផែទឹកជ្រៅសម្រាប់ចូលចតនាវា និងសម្បុរទៅដោយធនធានធម្មជាតិ។ ការឈានជើងចូលដល់ទឹកដីវៀតណាមនេះហើយ ដែលជាការបើកទំព័រអាណានិគមនៅឧបទ្វីបឥណ្ឌូចិន។
នៅគ្រិស្ដសករាជ ១៨៦១ កងទ័ពបារាំងបានវាយប្រហារលើកងទ័ពវៀតណាមនៅក្បែរក្រុងព្រៃនគរ និងបានចូលកាន់កាប់ទីក្រុងនេះទាំងស្រុកតែម្ដង។ ខណៈពេលនោះដែរ ក្នុងប្រទេសវៀតណាមបានកើតមានភាពចម្រូសចម្រាសជាថ្មីម្ដងទៀត ទើបនៅគ្រិស្ដសករាជ ១៨៦២ រាជការក្រុងវ៉េក៏បានដកថយពីទីក្រុងព្រៃនគរ ទុកឱ្យបារាំងគ្រប់គ្រងតំបន់នេះបានទាំងស្រុង។ រហូតដល់គ្រិស្ដសករាជ ១៨៦៧ ទើបបារាំងគ្រប់គ្រងដែនដីកម្ពុជាក្រោមបានទាំងស្រុង។
នៅរាជវាំងក្រុងវ៉េឯណោះ ព្រះចៅ ទឺ ឌឹក បានចូលទិវង្គតនៅគ្រិស្ដសករាជ ១៨៨៣ ហើយប្អូនរបស់ព្រះអង្គ គឺព្រះចៅ ស៊ុក ឌឹក (Dục Đức) ក៏បានឡើងគ្រងរាជបន្ត។ នៅគ្រិស្ដសករាជ ១៨៨៥ ព្រះចៅ ស៊ុក ឌឹក ក៏បានឡាយព្រះហស្ដលេខាទទួលយកអាណាព្យបាលបារាំងលើប្រទេសវៀតណាមទាំងមូលតែម្ដង។ ក្នុងពេលគ្រប់គ្រងវៀតណាមទាំងស្រុងហើយនោះ បារាំងបានបែងចែកប្រទេសនេះជា ២ គឺមានតំបន់តុងក័ង (Tongkin) ដោយមានក្រុងហាណូយជាទីក្រុងរដ្ឋបាល និងតំបន់អាណ្ណាម (Annam) ដោយមានក្រុងវ៉េជាទីក្រុងរដ្ឋបាល។ ចំណែកទឹកដីកម្ពុជាក្រោម ដែលបារាំងហៅថា កូស័ងស៊ីន (Cochinchine) នោះ ត្រូវបានកំណត់ជាតំបន់ដាច់ដោយឡែកមួយនៅផ្នែកខាងក្រោម ចាប់ពីត្រឹមកំពង់ផែដាណាងចុះទៅដល់ជ្រោយទឹកខ្មៅ (យួនហៅថា ខាម៉ៅ Cà Mau) ដោយមានក្រុងព្រៃនគរជាទីក្រុងរដ្ឋបាល។ ចាប់ពីពេលនោះមក វៀតណាមក៏បានធ្លាក់ក្រោមនឹមអាណានិគមអស់រយៈពេល ៦៩ឆ្នាំ ពោលគឺចាប់ពីឆ្នាំគ្រិស្ដសករាជ ១៨៨៥-១៩៥៤៕
ភាគទី១៖ សូមចុចត្រង់នេះ
ភាគទី២៖ សូមចុចត្រង់នេះ
ភាគទី៣៖ សូមចុចត្រង់នេះ
ភាគទី៤៖ សូមចុចត្រង់នេះ
ភាគទី៥៖ សូមចុចត្រង់នេះ
ភាគទី៦៖ សូមចុចត្រង់នេះ
ភាគទី៧៖ សូមចុចត្រង់នេះ
ភាគទី៨៖ សូមចុចត្រង់នេះ
ភាគទី៩៖ សូមចុចត្រង់នេះ
ភាគទី១០៖ សូមចុចត្រង់នេះ