(ឡាវ)៖ បន្ទាប់ពីលើកឡើងអំពីព្រឹត្តិការណ៍អាណានិគមនៅប្រទេសវៀតណាមរួចមកនោះ នៅភាគទី១៣នេះ យើងខ្ញុំសូមលើកឡើងអំពីព្រឹត្តិការណ៍អាណានិគមនៅប្រទេសឡាវវិញម្ដង ដោយប្រទេសឡាវបានធ្លាក់នៅក្រោមនឹមអាណានិគមបារាំងអស់រយៈពេល ៨២ ឆ្នាំផងដែរ ពោលគឺចាប់ពីគ្រិស្ដសករាជ ១៨៩៣-១៩៧៥។
នៅក្នុងប្រវត្តិសាស្ត្រប្រទេសឡាវ សម័យកាលអាណាចក្រឡានសាង (Lan Xang) ឬ នគរដំរីមួយលាន គឺជាសម័យកាលដែលរុងរឿងជាងគេ ប៉ុន្តែចាប់ពីចុងសតវត្សរ៍ទី១៧ ដល់ដើមសតវត្សរ៍ទី១៨ អាណាចក្រមួយនេះក៏បានបែកបាក់ជា ៣នគរ រួមមាន នគរហ្លួងព្រះបាង នៅភាគខាងជើង នគរវៀងចន្ទន៍ នៅភាគកណ្ដាល និងនគរចម្ប៉ាស័ក នៅភាគខាងត្បូងជាប់នឹងព្រះរាជាណាចក្រខ្មែរ។
នៅគ្រិស្ដសករាជ ១៧៧៨ ព្រះចៅតាក់ស៉ីន (Taksin 1767-1782) នៃក្រុងធនបុរីរបស់សៀម បានលើកទ័ពចូលវាយដណ្ដើមយកប្រទេសលាវទាំងមូលដាក់ជាចំណុះ និងតម្រូវឱ្យបញ្ជូនគ្រឿងបណ្ណាការ សួយសារអាករមកឱ្យសៀមជាប្រចាំឆ្នាំ។ ប្រទេសសៀម នៅចុងរជ្ជកាលព្រះចៅតាក់ស៉ីន ក៏បានប្ដូររាជធានីពីក្រុងធនបុរីទៅក្រុងរតនកោសិន្ទវិញ ពោលគឺក្រុងទេពមហានគរ ឬ ក្រុងបាងកក បច្ចុប្បន្ន។ រហូតដល់រជ្ជកាលព្រះចៅណាងក្លាវចៅយូហួ រាមាទី៣ (Rama III 1824-1851) នគរលាវដែលដឹកនាំដោយព្រះចៅអនុវង្ស (Anouvong) បានព្យាយាមរើបម្រាស់ចេញពីអំណាចត្រួតត្រារបស់សៀម ប៉ុន្តែជាអកុសលចលនារំដោះជាតិនេះ បែរជាទទួលបរាជ័យទៅវិញ ដោយសម្ដេចព្រះរាមាទី៣ បានបញ្ជាឱ្យកងទ័ពសៀមឱ្យទៅកម្ទេចក្រុមបះបោរនៅក្រុងវៀងចន្ទន៍ ហើយក៏បានចាប់ព្រះចៅអនុវង្សយកមកឃុំនៅក្រុងរតនកោសិន្ទ។
ខណៈដែលនរគសៀមកំពុងត្រួតត្រាប្រទេសលាវនោះ ក្រុងវៀងចន្ទន៍ក៏ស្រាប់តែរងនូវការលុកលុយពីសំណាក់កងទ័ពមហាឆេងរបស់ចិន រហូតទទួលបានជ័យជម្នះ និងគ្រប់គ្រងប្រទេសលាវជំនួសសៀមបានមួយរយៈ។ ប្រទេសសៀមកាលណោះ សោយរាជ្យដោយព្រះចៅមហាជូឡាឡុងកន រាមាទី៥ (Maha Chulalongkorn 1868-1910)។ ដោយឃើញមហាឆេងហ៊ានលូកថ្លើមដណ្ដើមប្រទេសលាវពីខ្លួនយ៉ាងដូច្នេះ ព្រះអង្គក៏បានបញ្ជាឱ្យមេទ័ពម៉ឺន ប្រាចាក់សិល្បៈ ខុម លើកទ័ពទៅបោះជំរុំនៅភាគខាងជើងនគរលាវ និងចូលទៅកម្ចាត់កងទ័ពមហាឆេងពីរាជធានីក្រុងវៀងចន្ទន៍ និងពួកដែលរត់ទៅខេត្តសៀងខ្វាងឱ្យបរាជ័យយ៉ាងដំណំ។ ក្រោយព្រឹត្តិការណ៍នេះ នគរសៀមក៏បានគ្រប់គ្រងនគរលាវបន្តរហូតដល់គ្រិស្ដសករាជ ១៨៩៣ ទើបអំណាចចក្រភពមួយនេះប្រឈមនឹងវិបត្តិថ្មីមួយទៀត នោះគឺការប៉ះទង្គិចជាមួយអាណានិគមបារាំងនៅឥណ្ឌូចិន។
នៅគ្រិស្ដសករាជ ១៨៥៨ ពួកអាណានិគមបារាំងបានចាប់ផ្ដើមចាប់អារម្មណ៍ និងគិតចង់ពង្រីកអំណាចចូលមកកាន់ដែនដីទន្លេមេគង្គ ដោយបានបញ្ជូនបេសកជនបារាំងមួយក្រុម ដឹកនាំដោយលោក អង់រី មូហ៊ួត (Henri Mouhot) ឱ្យធ្វើដំណើរតាមដងទន្លេមេគង្គ ដើម្បីរកវិធីចូលមកធ្វើជំនួញជាមួយប្រទេសចិនខាងត្បូង (ខេត្តយូណាន) ក្នុងគោលបំណងប្រជែងជាមួយអាណានិគមអង់គ្លេស ដែលចូលត្រួតត្រាភូមានាពេលជាមួយគ្នានោះ។
មុននឹងចូលកាន់កាប់ប្រទេសលាវ ចក្រពត្តិបារាំងបានត្រួតត្រាប្រទេសកម្ពុជាទាំងមូលនៅគ្រិស្ដសករាជ ១៨៦៣ ហើយបានត្រួតត្រាលើប្រទេសវៀតណាមទាំងមូលនៅគ្រិស្ដសករាជ ១៨៨៥។ ចំពោះប្រទេសលាវមិនអាចគេចចេញពីចង្កូមអាណានិគមធំៗទាំងនេះបានឡើយ ព្រោះបើគេចទៅខាងលិចនឹងជួបសៀម បើគេចទៅខាងកើត ឬខាងត្បូង នឹងជួបបារាំងដែលកំពុងត្រួតត្រាកម្ពុជា និងវៀតណាម ហើយបើគេចទៅខាងជើងអាចនឹងជួបអង់គ្លេស ដែលកំពុងត្រួតត្រាភូមា និងផ្នែកខ្លះនៃមហាឆេង។ ប៉ុន្តែនៅចុងបញ្ចប់ប្រទេសលាវក៏បានធ្លាក់នៅក្រោមការត្រួតត្រារបស់បារាំង។
នយោបាយយោធាដ៏សំខាន់មួយដែលបារាំងដណ្ដើមលាវពីកណ្ដាប់ដៃសៀម គឺដោយសារនាសម័យនោះ បារាំងដាក់ស្ថានអគ្គកុងស៊ុលរបស់ខ្លួនប្រចាំនៅរាជធានីក្រុងបាងកក ដែលមានលោក ស្សង់ មារី អូហ្គូស ប៉ាវី (Jean Marie August Pavi) ជាអគ្គកុងស៊ុល។ នៅពេលទទួលបានព័ត៌មានពីលោក អង់រី មូហូត អំពីដែនដីប្រទេសលាវរួចហើយ បារាំងបានបញ្ជាឱ្យអគ្គកុងស៊ុល ប៉ាវី ដែលប្រចាំការនៅបាងកកនោះចាប់ផ្ដើមធ្វើការភ្លាម ដោយលោក ប៉ាវី បានបញ្ជាឱ្យកងទ័ពជើងទឹកបារាំងបិទផ្លូវនាវាចរណ៍នៅឈូងសមុទ្រសៀមទាំងអស់ ដើម្បីមិនឱ្យមានសកម្មភាពពាណិជ្ជកម្ម និងយោធាជើងទឹកឡើយ។ បារាំងធ្វើយ៉ាងដូច្នេះ គឺក្នុងគោលបំណងបង្ខំឱ្យព្រះរាជវាំងក្រុងបាងកកព្រមប្រគល់ប្រទេសលាវឱ្យខ្លួន។ ខណៈនោះ សៀមបានរត់ទៅសុំជំនួយពីចក្រភពង់គ្លេសដែលកំពុងដាក់អាណានិគមលើប្រទេសភូមា ប៉ុន្តែមិនបានផលដូចចិត្តសោះឡើយ ទើបនៅគ្រិស្ដសករាជ ១៨៩៣ ព្រះចៅមហាជូឡាឡុងកន ព្រមចុះសន្ធិសញ្ញាប្រគល់ប្រទេសលាវដែលនៅខាងឆ្វេងទន្លេមេគង្គឱ្យបារាំងគ្រប់គ្រងវិញ។
អស់រយៈពេល ៨២ ឆ្នាំក្រោយមក ពោលគឺនៅគ្រិស្ដសករាជ ១៩៧៥ ប្រទេសឡាវក៏បានទទួលឯករាជ្យពីបារាំងវិញ ក្រោមការដឹកនាំតស៊ូរបស់ម្ចាស់មហាជីវិត ស៊ីសាវ៉ាងវង្ស (Sisavang Vong) ប៉ុន្តែក្រោយព្រះអង្គចូលទីវង្គតទៅ ប្រទេសឡាវបានស្ថិតនៅក្នុងស្ថានភាពដណ្តើមអំណាចគ្នាយ៉ាងក្តៅគគុក ទីបំផុតគណបក្សប្រជាជនបដិវត្តឡាវ ដែលដឹកនាំដោយព្រះអង្គម្ចាស់ សុផានុវង្ស (Souphanouvong) បានរំលំការគ្រប់គ្រងរបស់ម្ចាស់មហាជីវិត ស៉ីសាវ៉ាង វឌ្ឍនា (Sisavang Vatthana) ហើយបានស្ថាបនាប្រទេសឡាវជា «សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ» រហូតដល់ពេលបច្ចុប្បន្ន៕
ភាគទី១៖ សូមចុចត្រង់នេះ
ភាគទី២៖ សូមចុចត្រង់នេះ
ភាគទី៣៖ សូមចុចត្រង់នេះ
ភាគទី៤៖ សូមចុចត្រង់នេះ
ភាគទី៥៖ សូមចុចត្រង់នេះ
ភាគទី៦៖ សូមចុចត្រង់នេះ
ភាគទី៧៖ សូមចុចត្រង់នេះ
ភាគទី៨៖ សូមចុចត្រង់នេះ
ភាគទី៩៖ សូមចុចត្រង់នេះ
ភាគទី១០៖ សូមចុចត្រង់នេះ
ភាគទី១២៖ សូមចុចត្រង់នេះ