(ចិន)៖ នៅសតវត្សរ៍ទី១៥ សង្គ្រាមអាណានិគមរបស់ពួកបស្ចិមលោកមកលើបណ្ដានគរនៅទ្វីបអាស៊ីកាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗ ដោយពួកគេបានទន្ទ្រានវាតទីមកលើពួកអាស៊ីអាគ្នេយ៍ដែនកោះ និងបង្ហួសបន្តទៅដល់ប្រទេសចិន ដើម្បីដាក់អាណានិគមលើដែនដីហុងកុង ( និងតំបន់ដទៃទៀត។

មនុស្សបានមករស់នៅតំបន់ហុងកុងនេះតាំងពីយុគសម័យថ្មរំលីង ពោលគឺប្រហែល ៦០០០ ឆ្នាំមុន។ រហូតមកដល់រាជវង្សឈីង (Qin 221-206 B.C) ទើបហុងកុងត្រូវបានបញ្ចូលជាផ្នែកមួយនៃប្រទេសចិនលើកដំបូងក្នុងឆ្នាំ ២១៤ មុនគ្រិស្តសករាជ។ លុះដល់គ្រិស្ដសករាជ ១៥១៣ អ្នករុករកជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះ ហ្សកហ្ស៉ី អាល់វ៉ារ៉េស (Jorge Álvares) បានមកដល់ហុងកុងមុនគេ។ ក្រោយមក ក៏មានពួកឈ្មួញអឺរ៉ុបមកធ្វើជំនួញពាណិជ្ជកម្មនៅប្រទេសចិនជាបន្តបន្ទាន់ ក្នុងនោះពួកឈ្មួញព័រទុយហ្កាល់បានបង្កើតមណ្ឌលពាណិជ្ជកម្មមួយមានឈ្មោះថា ថាម៉ាវ (Tamão) នៅលើដែនដីហុងកុង ដែលកាលណោះ តែ សូត្រ និងព័រសឺឡែន គឺជាទំនិញដ៏ពេញនិយមបំផុត។

ងាកមកចក្រភពអង់គ្លេសឯណេះវិញ ថ្វីដ្បិតមិនបានជាន់ដីប្រទេសចិនមុនគេក៏ពិតមែន ប៉ុន្តែក្រុមនាវិកអង់គ្លេសក៏បានទៅដល់ប្រទេសចិននាគ្រិស្ដសករាជ ១៦២០ នឹងគេដែរ។ ពួកអង់គ្លេស បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ បាននាំអាភៀនមកលក់នៅលើទឹកដីហុងកុង ម៉ាកាវ សៀងហៃ តៃវ៉ាន់ និងដែនដីដទៃទៀតនៃប្រទេសចិន។ ដោយមិនអាចអត់ទ្រាំតទៅទៀតបាន រាជការឆេងបានបង្កើតប្រព័ន្ធឆាងធុង (Canton) នៅគ្រិស្ដសករាជ ១៧៥៧ ដើម្បីធ្វើនិយ័តកម្មពាណិជ្ជកម្មឱ្យតឹងរឹងជាងមុន ដោយរឹតត្បិតនាវាដែលចូលចតនៅកំពង់ផែឆាងធុងនេះ លើកលែងតែជានាវារបស់រុស្ស៉ី។

ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មជាមួយចិន អង់គ្លេសបាននាំអាភៀនដែលដាំនៅឥណ្ឌាមកលក់នៅលើទឹកដីចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្កឱ្យប្រជាជនចិនកាន់តែច្រើនទៅៗបានញៀនអាភៀន។ រាជការឆេងក៏បានចាត់វិធានការយ៉ាងក្ដៅគគុកចំពោះពួកអង់គ្លេស ដើម្បីបញ្ឈប់ការជួញដូរអាភៀន។ នៅគ្រិស្ដសករាជ ១៨៣៩ អធិរាជតាវគ័ង (Daoguang) នៃមហាឆេង បានច្រានចោលសំណើរបស់ពួកអង់គ្លេស ដែលចង់ឱ្យការជួញដូរអាភៀននៅប្រទេសចិនជារឿងស្របច្បាប់ និងលើកលែងការបង់ពន្ធ។ ព្រះអង្គបានបញ្ជាឱ្យសម្ដេច លីង សឺស៉ឺ (Lin Zexu) អនុវត្តប្រតិបត្តិការដុតកម្ទេច និងលុបបំបាត់ការជួញដូរអាភៀនទូទាំងប្រទេសចិន។

សម្ដេច លីង បានបំផ្លាញឃ្លាំងអាភៀន និងបញ្ឈប់រាល់ពាណិជ្ជកម្មជាមួយបរទេស ពិសេសជាមួយអង់គ្លេស ដែលជាហេតុបង្កឱ្យអង់គ្លេសបញ្ចេញកងទ័ពតទល់ជាមួយនឹងចំណាត់ការយោធាចិនយ៉ាងចាស់ដៃ។ ពេលនោះហើយ សង្គ្រាមអាភៀនលើកទី១ (First Opium War) ក៏បានផ្ទុះឡើងនាថ្ងៃទី០៤ ខែកញ្ញា គ្រិស្ដសករាជ ១៨៣៩ រហូតដល់ថ្ងៃទី២៩ ខែសីហា គ្រិស្ដសករាជ ១៨៤២ ទើបសង្គ្រាមអាភៀនត្រូវបានបញ្ចប់ ដោយរាជការឆេងជាអ្នកទទួលបរាជ័យ។ ក្នុងសមរភូមិនោះខាងអង់គ្លេសស្លាប់ ៦៩ នាក់ របួសជាង ៤៥០ នាក់ ចំណែកខាងរាជការឆេងវិញស្លាប់ជាង ៣,១០០ នាក់ និងរបួសជាង ៤,០០០ នាក់។ ក្នុងសង្គ្រាមអាភៀនលើកទីមួយនេះ រាជការឆេងបានបាត់បង់សម្ដេច លីង សឺស៉ឺ និងត្រូវបង្ខំឱ្យប្រគល់កោះហុងកុងទៅឱ្យអង់គ្លេសគ្រប់គ្រង តាមរយៈអនុសញ្ញាឈានភី (Chuenpi) នាថ្ងៃទី២០ ខែមករា គ្រិស្ដសករាជ ១៨៤១។

ទោះយ៉ាងណា ប្រទេសចិនមិនពេញចិត្ត និងមិនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនោះទេ។ បន្ទាប់ពីការប្រទូសរ៉ាយគ្នាអស់រយៈពេលជាងមួយឆ្នាំរួចមក កោះហុងកុងត្រូវបានប្រគល់ឱ្យចក្រភពអង់គ្លេសជាផ្លូវការ តាមរយៈសន្ធិសញ្ញាណានជីង (Nanjing) ដោយចុះហត្ថលេខានៅថ្ងៃទី២៩ ខែសីហា គ្រិស្ដសករាជ ១៨៤២ និងចូលជាធរមាននៅថ្ងៃទី២៦ ខែមិថុនា គ្រិស្ដសករាជ ១៨៤៣។ កិច្ចព្រមព្រៀងបានបញ្ជាក់ថា រហូតថ្ងៃទី០១ ខែកក្កដា គ្រិស្ដសករាជ ១៩៩៧ ចក្រភពអង់គ្លេសត្រូវប្រគល់ហុងកុងត្រលប់ទៅចិនវិញ។

នាគ្រិស្ដសករាជ ១៨៥០ នៅលើដែនគោកនៃមហាឆេងបានកើតមានកលយុគយ៉ាងខ្លាំង ដោយសារសង្គ្រាមថាយភីង (Taiping) ដែលជាចលនាបះបោរប្រឆាំងនឹងរាជការឆេង។ ភាពវឹកវរនេះបានធ្វើឱ្យប្រជាជន រួមទាំងឈ្មួញអ្នកមានផងនោះ បានរត់ភៀសខ្លួនចូលទៅហុងកុង ដែលជាដែនដីអាណានិគមកំពុងមានការអភិវឌ្ឍខ្លាំងជាង។ មិនយូរប៉ុន្មានភាពតានតឹងរវាងអង់គ្លេស និងមហាឆេងពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មអាភៀន ក៏បានកើនឡើងជាថ្មីម្ដងទៀត រហូតឈានការផ្ទុះឡើងនូវសង្គ្រាមអាភៀនលើកទី២ (Second Opium War) នាថ្ងៃទី០៨ ខែតុលា គ្រិស្ដសករាជ ១៨៥៦ ដែលសង្គ្រាមលើកទីពីរនេះ កងទ័ពបារាំងក៏បានចូលដៃជាមួយអង់គ្លេសផងដែរ។ រហូតដល់ថ្ងៃទី២៤ ខែតុលា គ្រិស្ដសករាជ ១៨៦០ ទើបសង្គ្រាមអាភៀនលើកទីពីរត្រូវបានបញ្ចប់។ ក្នុងសង្គ្រាមនេះ កងទ័ពមហាឆេងក៏ត្រូវទទួលបរាជ័យទៀតដែរ ថែមទាំងត្រូវអង់គ្លេសបង្ខំឱ្យលះបង់ឧបទ្វីបជឺឡុងឈី (Jiulong Qu) និងកោះស៉ីជាំង (Shijiang) តាមរយៈអនុសញ្ញាប៉េកាំង (Beijing) គ្រិស្ដសករាជ ១៨៦០។ ការគ្រប់គ្រងកោះហុងកុង បានផ្តល់ឱ្យចក្រភពអង់គ្លេសនូវលទ្ធភាពកាន់តែប្រសើរក្នុងការធ្វើពាណិជ្ជកម្ម ដោយវាបានក្លាយជាច្រកចូលសមុទ្រដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន។ ការកែលម្អសេដ្ឋកិច្ចយ៉ាងលឿននាអំលុងទសវត្សរ៍ឆ្នាំ១៨៥០ បានទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើន ទើបធ្វើឱ្យអនាគតហុងកុងមានភាពភ្លឺស្វាងរុងរឿង។

ក្នុងឆ្នាំគ្រិស្ដសករាជ ១៩៣៧ កងទ័ពជប៉ុនក៏បានរំខានដល់ការគ្រប់គ្រងហុងកុងរបស់អង់គ្លេសខ្លះដែរ ដោយនៅពេលចាប់ផ្តើមនៃសង្គ្រាមចិន-ជប៉ុនលើកទី២ (Second Sino-Japanese) ទេសាភិបាលអង់គ្លេសប្រចាំហុងកុង លោក ជីអូហ្វ្រី ណសខូត (Geoffry Northcote) បានប្រកាសថា ទីក្រុងហុងកុងជាតំបន់អព្យាក្រឹត មិនអាចឱ្យចិន ឬជប៉ុនឈ្លានពានលុកលុយបានឡើយ។ ការប្រកាសបែបនេះ ក៏ដើម្បីការពារស្ថានការណ៍របស់ហុងកុងពីសង្គ្រាមផងដែរ។ ទេសាភិបាលអង់គ្លេសរូបនេះ បានរៀបចំសម្រាប់ការវាយប្រហារដែលអាចធ្វើទៅបាន ដោយនៅគ្រិស្ដសករាជ ១៩៤០ អង់គ្លេសបានជម្លៀសស្ត្រី និងកុមារអង់គ្លេសចេញពីហុងកុងទាំងអស់ ដើម្បីគេចពីហមន្តរាយសង្គ្រាមចិន និងជប៉ុន។ កងទ័ពជប៉ុនបានវាយលុកទីក្រុងហុងកុងទាំងព្រឹកព្រលឹម នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៤១ ស្របពេលនឹងការវាយប្រហារទៅលើកំពង់ផែភឺលហាបឺរ (Pearl Harbor) របស់សហរដ្ឋអាមេរិក។ ទីក្រុងហុងកុងត្រូវបានធ្លាក់ក្រោមកាន់កាប់របស់កងទ័ពជប៉ុនអស់រយៈពេលជិត ៤ ឆ្នាំ មុនពេលចក្រភពអង់គ្លេសវិលមកគ្រប់គ្រងម្ដងទៀត នៅថ្ងៃទី៣០ ខែសីហា គ្រិស្ដសករាជ ១៩៤៥។

ក្នុងពេលមានសង្គ្រាមរវាង ចាង ខៃជៀក (Chiang Kai-shek) និង ម៉ៅ សេទុង (Mao Zedong) បានជំរុញឱ្យប្រជាជនចិនច្រើនណាស់បានរត់ភៀសខ្លួនទៅរស់នៅហុងកុង។ ដោយកំណើនប្រជាជនច្រើនយ៉ាងនេះហើយ ទើបជំរុញឱ្យហុងកុងក្លាយជាដែនដីសេដ្ឋកិច្ចខ្លាអាស៊ីដំបូងគេ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៥០។ ជាមួយនឹងចំនួនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ទេសាភិបាលអង់គ្លេសបានចាប់ផ្តើមធ្វើកំណែទម្រង់ ដើម្បីកែលម្អហេដ្ឋារចនាសម្ពន្ធ និងសេវាកម្មសាធារណៈឡើងវិញ។

នៅគ្រិស្ដសករាជ ១៩៩៧ ពេលកំណត់ដែលអង់គ្លេសត្រូវដកអាណានិគមក៏ឈានមកដល់ ប៉ុន្តែហុងកុងធ្លាប់រឹងទទឹងមិនព្រមវិលមកនៅក្រោមការគ្រប់គ្រងរបស់ចិនវិញឡើយ ដោយប្រជាជនហុងកុងចង់បានឯករាជ្យសម្រាប់ដែនដីរបស់ខ្លួនផ្ទាល់។ ឆ្លើយតបនឹងភាពរឹងទទឹងដូច្នោះ កងទ័ពរំដោះប្រជាជនចិនក៏បានព្រមានដែរថា ប្រសិនបើហុងកុងមិនព្រមឱ្យសាធារណរដ្ឋប្រជាមានិតចិនគ្រប់គ្រងវិញទេ ពួកគេនឹងចូលលុកលុយដោយគ្មានកិច្ចព្រមព្រៀង ឬកិច្ចចរចាអ្វីទាំងអស់។ សាធារណរដ្ឋប្រជាមានិតចិនបានសង្កត់ធ្ងន់ថា ការបដិសេធចំពោះការធ្វើសមាហរណកម្ម មិនមែនជាជម្រើសសម្រាប់ហុងកុងនោះទេ។ នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ ខែកក្កដា គ្រិស្ដសករាជ ១៩៩៧ ហុងកុងបានវិលត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ចិនវិញ ក្នុងអាណត្តិប្រធានាធិបតី លោក ចាង សឺមីង (Jiang Zemin)។ ចាប់ពីគ្រិស្ដសករាជ ១៨៤១-១៩៩៧ គឺមានរយៈពេល ១៥៦ឆ្នាំ ដែលហុងកុងស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស៕

ភាគទី១៖ សូមចុចត្រង់នេះ

ភាគទី២៖ សូមចុចត្រង់នេះ

ភាគទី៣៖ សូមចុចត្រង់នេះ

ភាគទី៤៖ សូមចុចត្រង់នេះ

ភាគទី៥៖ សូមចុចត្រង់នេះ

ភាគទី៦៖ សូមចុចត្រង់នេះ

ភាគទី៧៖ សូមចុចត្រង់នេះ

ភាគទី៨៖ សូមចុចត្រង់នេះ

ភាគទី៩៖ សូមចុចត្រង់នេះ

ភាគទី១០៖ សូមចុចត្រង់នេះ

ភាគទី១១៖ សូមចុចត្រង់នេះ

ភាគទី១២៖ សូមចុចត្រង់នេះ 

ភាគទី១៣៖​ សូមចុចត្រង់នេះ

ភាគទី១៤៖ សូមចុចត្រង់នេះ